ខេត្តស្វាយរៀង៖ នេះពិតជាមហាសំណាងណាស់ ក្មេងស្រីអាយុប្រមាណ៣ខួប បានរអិលជើងលង់ទឹកស្រះខាងក្រោយផ្ទះ ប៉ុន្តែចៃដន្យអ្នក ភូមិជួយស្រង់ទាន់ ខណៈឪពុករវល់ធ្វើការ ចំណែកម្តាយជាប់មើលកូនខ្ចីភ្លេចខ្លួន ។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោងប្រមាណ៦ល្ងាច ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ ស្ថិតក្នុង ភូមិ ប្រសូតិ២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា ក្មេងស្រីដែលជួយសង្គ្រោះទាន់មានឈ្មោះ យៀក លីហួ អាយុ៣ខួប មានឪពុកឈ្មោះ យៀក វណ្ណលី មុខរបរដឹកអីវ៉ាន់ដាក់រោងចក្រ និងម្តាយឈ្មោះ សុខ ចន្ធីរស់នៅ ភូមិ ប្រសូតិ២ ឃុំកណ្តៀងរាយ ស្រុកស្វាយទាប ខេត្តស្វាយរៀង ។
បើតាមអ្នក ភូមិ បានឲ្យដឹងថា នៅមុនពេលកើតហេតុ ដោយម្តាយរបស់ក្មេងស្រីរងគ្រោះ ជាប់រវល់មើលកូនខ្ចី ដែលទើបសម្រាលហើយ ភ្លេចខ្លួនមួយស្របក់ស្រាប់តែកូនស្រីដែលចេះដើរតេះតះ បានដើរទៅខាងក្រោយផ្ទះ ដែលមានស្រះទឹក ក៏បណ្ដាលឲ្យរអិលជើងធ្លាក់ចូលទៅក្នុងស្រះទឹកលិចបាត់ចៃដន្យ សំណាងល្អមានអ្នកជិតខាងបានដើរកាត់ម្តុំស្រះនោះ ក្រឡេកឃើញទាន់ ក៏ប្រញាប់ប្រញាល់រត់មកចុះស្រង់ក្មេងស្រី ពីក្នុងទឹកដាក់លើគោក និងស្រែកហៅឪពុកម្ដាយថា កូនស្រីលង់ទឹក ទើបបង្កការភ្ញាក់ផ្អើលដល់ក្រុមគ្រួសារចេញមកមើល ក៏នាំគ្នាដឹកមកកាន់មន្ទីរពេទ្យបង្អែកស្រុកស្វាយទាប ជួយសង្គ្រោះភ្លាមៗទាំងទឹកភ្នែករលីងរលោង សំណាងល្អត្រូវបានគ្រូពេទ្យជួយទាន់ពេលវេលា កុំអីមិនដឹងវាសនាកូនមានរឿងអ្វីនោះទេ ។
អ្នកភូមិបានបន្ថែមថា នេះជាមេរៀនមួយ ដែលឪពុកម្តាយមានកូនតូចៗ គួរតែមានការប្រុងប្រយ័ត្នឲ្យបានខ្ពស់ កុំឲ្យមានការស្តាយក្រោយ ព្រោះក្មេងតូចៗមានភាពរពិសខ្លាំងណាស់ដូចករណីខាងលើនេះជាដើម ៕ យឹម សុថាន