ភ្នំពេញ៖ យុវជនម្នាក់ ក្រោយពីទៅពិនិត្យសុខភាព តេស្តឈាមហើយ គ្រាន់តែគ្រូពេទ្យប្រាប់ថាឲ្យថែសុខភាព បែរជានឹកស្មានថា ខ្លួនផ្ទុកមេរោគហ៊ីវ បែកគំនិតបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួន ហេតុការណ៍នេះ បង្កការភ្ញាក់ផ្អើលឡើងកាលពីល្ងាចថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០១៩ នៅផ្ទះលេខ៥៩ ផ្លូវលំ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
យុវជនដែលធ្វើអត្តឃាតខ្លួនឯងមាន ឈ្មោះ កឹម ចាន់រិទ្ធី អាយុ២៨ ឆ្នាំ មុខរបរជាកម្មកររោងចក្រ ស្នាក់នៅ ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ ។
ប្រភពព័ត៌មានបានឲ្យដឹងថា មុនកើតហេតុ យុវជនដែលធ្វើអត្តឃាតខ្លួនឯងមានអការៈ ចេញកូនកណ្តុរ ហើម ក ប៉ុន្មានថ្ងៃមកហើយ រហូតមកដល់ព្រឹកថ្ងៃទី១៧ ខែមិថុនា ក៏បានសុំលុយម្តាយ ទៅពិនិត្យសុខភាព តេស្តឈាម លុះវិលត្រឡប់មកវិញ គ្រាន់តែប្រាប់ថា គ្រូពេទ្យឲ្យថែសុខភាព ហើយ ក៏ស្ងៀមស្ងាត់តែម្នាក់ឯងទៅ គ្មានអ្នកណាសួរដេញដោល រហូតដល់ម៉ោង ស្រាប់តែប្រទះឃើញ យុវជនរូបនេះចងកសម្លាប់ខ្លួនទៅហើយ ទើបបង្កឲ្យភ្ញាក់ផ្អើល រាយការណ៍ប្រាប់សមត្ថកិច្ច ចុះពិនិត្យជាក់ស្តែង ។
តាមការសន្និដ្ឋានក្រៅផ្លូវការ យុវជននេះ ក្រោយពីពិនិត្យសុខភាព តេស្តឈាមហើយ គ្រូពេទ្យផ្តាំ ឲ្យថែសុខភាព សង្ស័យនឹកគិតស្មានថាខ្លួនផ្ទុកមេរោគហ៊ីវ ទើបភ័យខ្លួនរហូតសម្រេចចិត្តបញ្ចប់ជីវិតដោយចងកសម្លាប់ខ្លួនទៅវិញ ។ តែបើតាមការពិនិត្យ កោសល្យវិច័យពីសមត្ថកិច្ចជំនាញ គ្រូពេទ្យ ឃើញថាយុវជនរូបនេះពិតជាចងកធ្វើអត្តឃាតដោយខ្លួនឯង ពុំមានពាក់ព័ន្ធបទល្មើសអ្វីឡើយ រួចប្រគល់សាកសពជូនក្រុមគ្រួសារ រៀបចំធ្វើបុណ្យទៅតាមប្រពៃណី ៕ ជ្រោយពេជ្រ