ការគាំទ្ររបស់រុស្ស៊ីទៅលើប្រទេសវេណេហ្ស៊ុយអេឡា មិនមានការប្រែប្រួលនោះឡើយ ដោយពេលនេះ រុស្ស៊ីបានបញ្ជូនយន្តហោះ ដឹកជំនួយទៅកាន់ប្រទេសនេះ ជាបន្តទៀត ។ ប្រភពព័ត៌មានបានឲ្យដឹងថា យន្តហោះកងកម្លាំងជើងអាកាសរុស្ស៊ីមួយគ្រឿងទៀត បានចុះចតនៅអាកាសយានដ្ឋានដ៏សំខាន់របស់វេណេហ្ស៊ុយអេឡា ។
យន្តហោះ Ilyushin 62 ស្លាកលេខ RA-86496 បានចុះចតនៅអាកាសយានដ្ឋានអន្តរជាតិ Simon Bolivar រដ្ឋធានី Caracas កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០១៩ គឺរយៈពេលប្រហែលបីខែ ក្រោយពីការមកដល់ និងចុះចតយន្តហោះស្រដៀងគ្នានេះរបស់រុស្ស៊ី ដែលនាំឲ្យមានសង្គ្រាមពាក្យសម្តី រវាងអាមេរិក និងរុស្ស៊ីនោះ ។
យន្តហោះរុស្ស៊ី២គ្រឿងហើយបានចុះចតនៅវេណេហ្ស៊ុយអេឡា ចាប់តាំងពីខែមីនា ឆ្នាំ២០១៩ ។ យន្តហោះទាំងនោះ ដឹកមន្ត្រីក្រសួងការពារជាតិ និងកងកម្លាំងប្រហែល១០០នាក់ ដែលធ្វើឲ្យទីក្រុងវ៉ាស៊ីនតោនយល់ឃើញ ទីក្រុងមូស្គូ កំពុងបង្កឡើងដោយមិនប្រុងប្រយ័ត្ន ស្ថានការណ៍កំពុងតែពុះកញ្ជ្រោលស្រាប់ផង នៅប្រទេសអាហ្វ្រិកខាងត្បូងមួយនេះ ។
កាលពីខែមីនា ឆ្នាំ២០១៩ ប្រធានាធិបតី ដូណាល់ ត្រាំ បានទាមទារឲ្យរុស្ស៊ី ដកកងទ័ពទាំងអស់ចេញពីវេណេហ្ស៊ុយអេឡា ខណៈរុស្ស៊ីបានបញ្ជាក់ថា អ្នកទាំងនោះគឺជាក្រុមជំនាញរបស់រុស្ស៊ី ទៅកាន់វេណេហ្ស៊ុយអេឡាដើម្បីជួសជុលអាវុធតាមកិច្ចព្រមព្រៀងតែប៉ុណ្ណោះ ។
រុស្ស៊ីបានគាំទ្រប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ ខណៈអាមេរិក និងប្រទេសប្រហែលជាង៥០ដទៃផ្សេងទៀត គាំទ្រមេដឹកនាំប្រឆាំង លោក ជួន កាយដូ ដែលបានតាំងខ្លួនជាប្រធានាធិបតីបណ្តោះអាសន្ន កាលពីខែមករា ឆ្នាំ២០១៩ ។ លោក កាយដូ ទាមទារលោក ម៉ាឌូរ៉ូ ឲ្យបោះឆ្នោតឡើងវិញ ហើយថា ការបោះឆ្នោតកាលពីឆ្នាំកន្លងនោះ ប្រព្រឹត្តទៅដោយខុសច្បាប់ ។
ទីក្រុងមូស្គូបានអះអាងថា ការដាក់ទណ្ឌកម្មរបស់អាមេរិកប្រឆាំងទៅលើវេណេហ្ស៊ុយអេឡានោះ ប៉ះពាល់ធ្ងន់ធ្ងរដល់ប្រជាជនសាមញ្ញ ។ រុស្ស៊ីក៏បានព្រមានអាមេរិកប្រឆាំងនឹងការប្រើប្រាស់កងកម្លាំងផងដែរ ។
យោងតាមការិយាល័យជនភៀសខ្លួនអង្គការសហប្រជាជាតិ(UNHCR) បានបញ្ជាក់ថា ពលរដ្ឋវេណេហ្ស៊ុយអេឡា ប្រហែល៤លាននាក់ ប្រហាក់ប្រហែល១៥ភាគរយនៃប្រជាជនសរុប បានភៀសខ្លួនពីប្រទេសកំណើតដោយសារកត្តាសេដ្ឋកិច្ច និងវិបត្តិនយោបាយ ៕