ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ប្រហារ នៅក្នុងព្រះវិហារអ៊ិស្លាម នៅបារាំង ស្លាប់ ២នាក់

ចែករំលែក៖

បារាំងបានបង្កើនសន្តិសុខការពារនៅតាមទីសក្ការសាសនា​នៅទូទាំងប្រទេស ក្រោយពេលមានការបាញ់ប្រហារ កើតឡើងនៅព្រះវិហាសអ៊ិស្លាម​នៅទីក្រុង​ Brest ​ស្ថិតនៅក្នុងខេត្ត​ Brittany ​កាលពីថ្ងៃទី​២៧ ខែមិថុនា សម្លាប់មនុស្ស​២នាក់ ។

តាមការលើកឡើងរបស់រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ​បារាំង លោក​ Christophe Castaner ​បានបញ្ជាក់ថា មានករណីបាញ់ប្រហារកើតឡើង នៅវេលាម៉ោង​១៦ (ម៉ោងក្នុងតំបន់​) បណ្តាលឲ្យ​ អាចារ្យម្នាក់ស្លាប់ និង​​សាសនិកម្នាក់ ។ ជនដៃដល់បានរត់គេចខ្លួន​ចេញពីកន្លែងកើតហេតុដោយសុវត្ថិភាព កម្លាំងសន្តិសុខបានស្វែងរកចាប់ខ្លួនជនបង្កហេតុ ។ មកទល់ពេលនេះ​កម្លាំងសន្តិសុខមិនទាន់អាចសន្និដ្ឋានពីមូលហេតុ បណ្តាលឲ្យមានការបាញ់ប្រហារខាងលើនោះឡើយ ។

ប្រភពព័ត៌មានពីកម្លាំងប៉ូលិសបានឲ្យដឹងថា ជនដៃដល់​ត្រូវបានគេរកឃើញស្លាប់ដោយអត្តឃាតនៅជិតអាកាសយានដ្ឋាន មានចម្ងាយពី ១០គីឡូម៉ែត្រពីព្រះវិហារកើតហេតុ​ ។ ជនដៃដល់ បានបាញ់សម្លាប់ខ្លួនឯង ដោយឃើញមានស្នាមបាញ់ចំក្បាល ។

ជនដៃដល់ មិនធ្លាប់មានបទល្មើស ណាមួយនៅមុនពេលកើតហេតុនោះឡើយ ។ កម្លាំងជំនាញបារាំង បានបើកការស្រាវជ្រាវ ដើម្បីបញ្ជាក់ពីគោលបំណងនៃការបាញ់ប្រហារខាងលើ​ ។ នៅពេលនេះកម្លាំងប្រឆាំងភេរវកម្ម បារាំង បានចូលរួមស្រាវជ្រាវករណីខាងលើ ផងដែរ​៕


ចែករំលែក៖