អាមេរិក និងរុស្ស៊ីជាប្រទេសមហាអំណាចយោធានៅលើពិភពលោក ហើយប្រទេសទាំងពីរតែងតែបង្កើនឥទ្ធិពល យោធារបស់ខ្លួននៅក្រៅប្រទេស ដោយបានបង្កើតទីតាំងយោធាជាច្រើននៅជុំវិញពិភពលោក ។
តាមប្រភពព័ត៌មានបានឲ្យដឹងថា រុស្ស៊ីមានទីតាំងយោធា នៅក្រៅប្រទេសសរុប មានប្រហែល១០ ទីតាំង ក្នុងនោះមាននៅក្នុងប្រទេស Georgia ដែលជាទីតាំងមានចំនួនទាហានច្រើនបំផុត គឺជិត១ម៉ឺននាក់ ។ ក្រៅពីនេះនៅមានទីតាំងយោធា នៅ ក្នុងប្រទេស Armenia ចំនួនពីរកន្លែង គឺនៅតំបន់ Gyumri និងនៅអាកាសយានដ្ឋាន Erebuni ជិតYerevan ដោយមានទាហានឈរជើងប្រមាណ៥ពាន់នាក់ ។
នៅក្នុងប្រទេស Belaruss រុស្ស៊ីមានទីតាំងយោធា និងស្ថានីយ រ៉ាដាប្រកាសអាសន្ននៅជិត តំបន់ Vileyka ។ ក្រៅពីនេះ នៅមានទីតាំងយោធានៅ Kazakhstan , Kyrgyzstan, Tajikistan និង Moldova ។ ភាគច្រើនទីតាំងយោធារបស់រុស្ស៊ីស្ថិតនៅក្នុងប្រទេស ដែលជាអតីតសហភាពស៊ូវៀត ។
ក្រៅពីនេះ ទីតាំងយោធាចុងក្រោយរបស់រុស្ស៊ីនៅក្រៅប្រទេស ចុងក្រោយបង្អស់គឺ នៅក្នុងប្រទេសស៊ីរី គឺទីតាំងទាហានអាកាស Khmeimin និងទីតាំងទាហានជើងទឹកនៅកំពង់ផែ Tartus ។ នៅពេលនេះដែរ មានព័ត៌មានផ្សាយថា រុស្ស៊ីមានគម្រោង បង្កើតទីតាំងយោធានៅក្នុងប្រទេស វេណេហ្ស៊ុយអេឡា គុយបា និងអ៊ីរ៉ង់ផងដែរ ។ កន្លងមក រដ្ឋាភិបាលអ៊ីរ៉ង់ បានស្នើរុស្ស៊ីដាក់ទាហាននៅក្នុងប្រទេសរបស់ខ្លួនដើម្បីទប់ស្កាត់ការឈ្លានពានពីលោកខាងលិច ប៉ុន្តែរុស្ស៊ីមិនឯកភាព ។
ចំណែកអាមេរិកវិញ មានទីតាំងយោធា នៅក្រៅប្រទេស ដល់ទៅ៨០០ទីតាំង ដោយមិនគិតទាំងទីតាំងយោធាដែលអាមេរិកបានដកចេញពីប្រទេសអាហ្វហ្គានីស្ថាន និងអ៊ីរ៉ាក់ នោះឡើយ ។ ទីតាំងយោធារបស់អាមេរិកនៅក្រៅប្រទេសដែលមានទាហានតិចបំផុតគឺ១០០០នាក់ ។
តាមតួលេខរបស់ សារព័ត៌មាន Politico បានផ្សាយថា អាមេរិកបានចំណាយប្រាក់សម្រាប់ទីតាំងយោធានៅក្រៅប្រទេស មានរហូតដល់ជាង ១០០ពាន់លានដុល្លារ គឺច្រើនជាងប្រាក់ចំណាយសម្រាប់ការពារជាតិ របស់រុស្ស៊ីទៅទៀត ។ ប្រសិនបើគិតទាំងប្រាក់ចំណាយសម្រាប់សកម្មភាព យោធា វាយប្រហារនានា គឺអាចកើនឡើងរហូតដល់ទៅជាង២០០ពាន់លានដុល្លារ ។
នៅអឺរ៉ុប ទីតាំងយោធាអាមេរិកធំបំផុត គឺដាក់នៅក្នុងប្រទេសអ៊ីតាលី ក្នុងនោះមានកោះ Sicily ដោយមានទាហានរហូតដល់ទៅ១១.៥០០នាក់ ហើយអាចគ្រប់គ្រងតំបន់សមុទ្រ មេឌីទែរ៉ាណេទំាងមូល ។
បន្ទាប់មក ទីតាំងយោធា ធំទីពីរគឺនៅក្នុងប្រទេសជប៉ុន និងទី៣កូរ៉េខាងត្បូង ។ នៅក្នុងប្រទេសជប៉ុន អាមេរិកមានទីតាំង ៣០កន្លែងផ្សេងគ្នា ភាគច្រើនជាទីតាំងកំពង់ផែសម្រាប់បម្រើដល់កងពលលេខ៧របស់កម្លាំងទាហានជើងទឹកអាមេរិក ដែលមាននាវាផ្ទុកយន្តហោះ និងនាវាចម្បាំងជាច្រើន ចូលចត ៕