ព័ត៌មានទាន់ហេតុការណ៍៖

បារាំងស្នើអាមេរិក មិនត្រូវអូសណាតូ​ ឲ្យចូលក្នុងសង្គ្រាមប្រដាប់អាវុធជាមួយអ៊ីរ៉ង់

ចែករំលែក៖

សារព័ត៌មានរ៉យទ័របានផ្សាយថា បារាំងបានស្នើអាមេរិក មិនត្រូវអូសណាតូ ឲ្យចូលក្នុងសង្គ្រាមប្រដាប់អាវុធនៅតំបន់ឈូងសមុទ្រនោះឡើយ ។ ការស្នើខាងលើក្រោយពេល ទីក្រុងវ៉ាស៊ីនតោន និងតេអ៊ីរ៉ង់​ប្រឈមមុខតានតឹងយ៉ាងខ្លាំង អាចផ្ទុះអាសង្គ្រាមគ្រប់ពេល ។

សំណើខាងលើរបស់បារាំងកើតឡើង ក្រោយជំនួបពិភាក្សាសម្ងាត់ រវាង មន្ត្រីការបរទេសបារាំង នឹង​រដ្ឋមន្ត្រីការពារជាតិ​អាមេរិក លោក​ Mark Esper កាលពីថ្ងៃទី​២៧ ខែមិថុនា ។ ​តំណាងប្រទេសអាល្លឺម៉ង់ ក៏បានឯកភាពជាមួយបារាំង​ ក្នុងការរារាំងណាតូ ធ្លាក់ចូលក្នុងសង្គ្រាមជាមួយអ៊ីរ៉ង់​ ។

ក្នុងពេលជាមួយគ្នានោះ រដ្ឋមន្ត្រីការពារជាតិអាមេរិក បានលើកឡើងថា ទីក្រុងវ៉ាស៊ីនតោន មិនបានស្វែងរកការធ្វើសង្គ្រាមជាមួយ​អ៊ីរ៉ង់នោះឡើយ​ ។ ប៉ុន្តែអាមេរិក នឹងមិនលើកលែង ប្រសិនបើអ៊ីរ៉ង់បន្តបាញ់ប្រហារទៅលើយន្តហោះចម្បាំងអាមេរិក​ ។

រដ្ឋមន្ត្រីការពារជាតិ ណាតូ ​បានជួបប្រជុំនៅទីក្រុង ប៊្រុចសែល កាលពីថ្ងៃទី​២៧ ខែមិថុនា ដោយពិភាក្សាផ្តោតសំខាន់ទៅលើបញ្ហាអ៊ីរ៉ង់ ​ក៏ដូចជា សន្ធិសញ្ញាអាវុធបរមាណូរយៈចម្ងាយមធ្យម ព្រមទាំង ការទិញមីស៊ីលពីរុស្ស៊ីរបស់តួកគី ផងដែរ​ ។

ជាមួយគ្នានេះ​ ប្រធានាធិបតិចិន លោកស៊ី ជីនពីង បានលើកឡើងថា តំបន់ឈូងសមុទ្រពែក្ស បានធ្លាក់ក្រោមស្ថានភាពដ៏រសើបមួយ និងកំពុងឈរនៅលើផ្លូវបំបែក រវាងសង្រ្គាម និងសន្តិភាព ។

លោកប្រធានាធិបតីចិន បាននិយាយបែបនេះ ក្នុងឱកាសជួបពិភាក្សាជាមួយអគ្គលេខាធិការនៃអង្គការសហប្រជាជាតិ លោក អាន់តូនីញ៉ូ ហ្គូតឺរ៉ែស (Antonio Guterres) នៅមុនការបើកកិច្ចប្រជុំនៃប្រទេសមានសេដ្ឋកិច្ចកំពូលៗទាំង២០ ហៅថា G20 ឬ Group of 20 ដែលត្រូវរៀបចំឡើងនៅក្នុងទីក្រុងអូសាកា (Osaka) របស់ប្រទេសជប៉ុន ចាប់ពីថ្ងៃសុក្រនេះ រហូតដល់ថ្ងៃសៅរ៍ ស្អែក ។ ទាក់ទងនឹងស្ថានភាពនៅតំបន់ឈូងសមុទ្រពែក លោក ស៊ី បានអះអាងថា ប្រទេសលោកឈរនៅខាងសន្តិភាពជានិច្ច ហើយប្រឆាំងដាច់ខាតចំពោះសង្រ្គាម ។

គួរជម្រាបថា ក្តីព្រួយបារម្ភកាន់តែខ្លាំងថា ជម្លោះនឹងផ្ទុះឡើងនៅតំបន់ឈូងសមុទ្រពែក បានកើតឡើង ចាប់តាំងពី មានករណី វាយ ប្រហារលើនាវាដឹកប្រេងនៅក្បែរច្រកសមុទ្រហកមូស (Hormuz) កាលពី ខែឧសភា និង ខែមិថុនានេះ ខណៈអ៊ីរ៉ង់គឺជាអ្នក ទទួល រងការទម្លាក់កំហុស បូករួមជាមួយការដែលយោធាអ៊ីរ៉ង់បានបាញ់ទម្លាក់យន្តហោះដ្រូនស៊ើបការណ៍អាមេរិក ដែលអ៊ីរ៉ង់ អះអាងបានរំលោភចូលដែនអាកាសរបស់ខ្លួន នាពេលថ្មីៗនេះថែមទៀត ៕


ចែករំលែក៖