ភ្នំពេញ ៖ យុវជន២នាក់រងរបួសធ្ងន់ បន្ទាប់ពីឆក់ធ្លាក់ពីលើជើងជន្ទា កម្ពស់៦ម៉ែត្រនៅម៉ោង៨យប់ ថ្ងៃសៅរ៍ ទី២៩ ខែមិថុនា ឆ្នាំ២០១៩ នៅតាមបណ្តោយផ្លូវលេខ៥៩៨ ជាប់របងសាលាសកលវិទ្យាល័យភូមិន្ទភ្នំពេញ ក្នុងសង្កាត់ទឹកល្អក់ទី១ ខណ្ឌទួលគោក រាជធានី ភ្នពេញ ។
យុវជនទាំង២នាក់រងរបួសធ្ងន់មិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ បានជិះរ៉ឺម៉កកង់បីមួយគ្រឿង ពណ៌ក្រហម លាយខៀវ ពាក់ស្លាកលេខភ្នំពេញ 1AL.0704 សម្រាប់ដឹកសម្ភារមកដាក់ស៊ុម ។
ប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញយុវជន២នាក់បានឡើងលើជើងជន្ទា ដើម្បីដាក់ស៊ុមរូបថត ខណៈនោះយុវជនទាំង២នាក់ បានយកដែកពណ៌ស បម្រុងដាក់ស៊ុម ស្រាប់តែឆ្លងចរន្ធអគ្គិសនីឆក់ទាំង២នាក់បណ្តាលឲ្យធ្លាក់ពីលើជើងជន្ទា ដែលមានកម្ពស់៦ម៉ែត្ររងរបួសបែកមុខបែកមាត់ និងរោលដើមទ្រូងឡើងខ្មៅ របួសធ្ងន់ ភ្លាមៗ ក៏មានរថយន្តសង្រ្គោះមកដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ។
បើតាមសម្តីបងប្រុសម្នាក់ដែលជំនាញខាងភ្លើងបានប្រាប់ឲ្យដឹងថា ខ្សែរកាបខាងលើឃ្លាតប្រវែង២ម៉ែត្រក៏មានចរន្ធឆក់ដែរ ទំនងអ្នកទាំង២កាន់ដែកលើកឡើងជិតដល់ខ្សែកាប នោះបណ្តាលឲ្យឆក់បែបនេះឡើង ។
ក្រោយមក សមត្ថកិច្ចមូលដ្ឋានបានមកដល់ ក៏ប្រមូលសម្ភារ និងរ៉ឺម៉កកង់បីយកទៅទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលទឹកល្អក់ ទី១ រង់ចាំសាច់ញាតិរបស់ជនរងគ្រោះមកយកវិញនៅពេលក្រោយ ៕ ជ្រោយពេជ្រ