ព័ត៌មានទាន់ហេតុការណ៍៖

លួចរថយន្តតាក់សុីម៉ែត្របានសម្រេចនៅខណ្ឌ៧មករា តែមកជាប់ខ្នោះនៅខណ្ឌទួលគោក

ចែករំលែក៖

ភ្នំពេញ ៖ ជនសង្ស័យ២នាក់ ក្នុងចំណោមបីនាក់ ត្រូវបានកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាល បឹងកក់២ នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ធ្វើការឃាត់ខ្លួន កាលពីវេលាម៉ោង១ និង២០នាទីរំលងអាធ្រា្រត ឈានចូលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ នៅក្បែរផ្លូវក្បែរវត្តនាគវ័ន្ត តាមបណ្ដោយផ្លូវ៦០៨ ស្ថិតក្នុងសង្កាត់បឹងកក់២ ខណ្ឌទួលគោក ដែលពាក់ព័ន្ធនិងករណីបន្លំលួចយករថយន្ត ។

សមត្ថកិច្ចបានឲ្យដឹងថា៖ ជនសង្ស័យទាំង២នាក់ដែលត្រូវឃាត់ខ្លួន រួមមាន ៖ ទី១ ឈ្មោះ សុឹម សារិត ភេទប្រុស អាយុ៤៥ឆ្នាំ និងមានមុខរបរសន្តិសុខ ស្រុកកំណើត នៅភូមិសំរោងធំ ឃុំបន្ទាយដែក ស្រុកគៀនស្វាយ ខេត្តកណ្ដាល ។ និងទី២ មានឈ្មោះ ណារិត ហៅងិន ភេទប្រុស អាយុ៣៩ឆ្នាំ មានមុខរបររើសអេតចាយ ស្នាក់នៅភូមិឬស្សី សង្កាត់ស្ទឹងមានជ័យ២ ខណ្ឌមានជ័យ ។ ចំណែកបក្ខពួកម្នាក់ទៀតរត់គេចខ្លួនបាត់។
សមត្ថកិច្ចមូលដ្ឋានឲ្យដឹងទៀតថា៖ នៅពេលកើតហេតុ ជនរងគ្រោះបានបើករថយន្តម៉ាក Toyota Prus ពណ៌ក្រហម ពាក់ស្លាកលេខ ភ្នំពេញ 2T .6522 យកមកចតនៅការាស់សាំង សូគីម៉ិច វិមានសួស្តី តាមបណ្ដោយផ្លូវនេរុ កែវផ្លូវលេខ២២៥ ក្នុងសង្កាត់វាលវង់ ខណ្ឌ៧មករា ។ គ្រានោះដែរ ជនរងគ្រោះក៏បានឲ្យសោររថយន្តទៅជនសង្ស័យជាសន្តិ សុខខាងលើដើម្បីរៀបចំចត ។
ខណះពេលនោះ ជនសង្ស័យក៏បានឆ្លៀតលួចយករថយន្តរបស់ជនរងគ្រោះ ព្រមទាំងដោះប្រព័ន្ធGPSចេញពីរថយន្តដើម្បីបំបាត់ការសង្ស័យ ។ ដោយឃើញបាត់រថយន្តទៅយូរពេក ម្ចាស់រថយន្តក៏បានឆែករក ព្រមទាំងរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានឲ្យជួយអន្តរាគមន៍ឃាត់ខ្លួនបានជនសង្ស័យពីរនាក់។ ចំណែកបក្ខពកម្នាក់ទៀតរត់គេចខ្លួនបាត់។
បច្ចុប្បន្ន ជនសង្ស័យទាំង២នាក់ ត្រូវបានសមត្ថកិច្ចកំពុងសួរនាំនៅប៉ុស្តិ៍នគរបាលរដ្ឋបាលបឹងកក់២រួចញ្ជូនបន្តទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោកដើម្បីចាត់ការទៅតាមនីតិវិធីច្បាប់៕

ដោយ៖ សុខាសែនជ័យ​


ចែករំលែក៖