ពោធិ៍សាត់៖ ប្រជាពលរដ្ឋនៅ ឃុំឈើតុំ ស្រុកក្រគរ ខេត្ត ពោធិ៍សាត់ ប្រមាណជាង ៥០០នាក់ មកទទួលសេវាអប់រំសុខភាព និងព្យាបាលជម្ងឺទូទៅដោយឥតគិតថ្លៃពីក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់អង្គការមូលនិធិអភិវឌ្ឍន៍និស្សិតកម្ពុជា ក្រោមកិច្ចសហការឧបត្ថម្ភពី អង្គការគ្រូពេទ្យអន្តរទ្វីបនៃប្រទេសអារ៉ាប៊ីសាអូឌីត។ កម្មវិធីនេះប្រព្រឹត្តឡើង កាលពីថ្ងៃអាទិត្យ១៣ រោចខែជេស្ឋ ឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនិងថ្ងៃទី៣០ មិថុនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក សុះ មុះសិន សមាជិករដ្ឋ សភាជាតិ តំណាងលោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស និងជាប្រធានអង្គការមូលនិធិអភិវឌ្ឍន៍មុស្លិមកម្ពុជា រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្រ្ដមណ្ឌល ខេត្ដពោធិ៏សាត់។ដែលមានក្រុមគ្រូពេទ្យស្ម័គ្រចិត្តចំនួន ៣០នាក់ ចុះពិនិត្យ និងព្យាបាលដោយផ្ទាល់ ដែលទទួលពិនិត្យព្យាបាល ជំងឺទូទៅ ជំងឺកុមារ រោគស្ត្រី និងជំងឺមាត់ធ្មេញ ។ ក្រៅពីនេះ ក៏មានមានកម្មវិធីអប់រំសុខភាព ដែលផ្តោតសំខាន់ទៅលើការការពារទប់ស្កាត់ពីជំងឺគ្រុនចាញ់ផងដែរ។
លោកម រ៉ូហ្វី អូស្មាន អ្នកតំណាងរាស្រ្តមណ្ឌលខេត្ត ពោធិ៍សាត់ ក៏បានអំពាវនាវដល់ប្រជាពលរដ្ឋទូទាំងស្រុកក្រគរ និងងស្រុកនានា ជុំវិញខេត្ត ដែលមានបញ្ហាសុខភាព នូវជំងឺជាច្រើនប្រភេទដូចជា ជំងឺក្លន ជំងឺពកក ជំងឺកុមារគ្រប់ប្រភេទ ជំងឺឆែបមាត់ បញ្ហាទារកដែលកើតមានបញ្ហាអវយវៈ ជំងឺដុំពកផ្សេងៗ ទឹកដក់ក្នុងតម្រងនោម រោគស្ត្រី និងសម្ភពជាដើម សូមអញ្ជើញទៅចុះឈ្មោះជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តរបស់គាត់ផ្ទាល់ រឺក៏នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់ចាប់ពីថ្ងៃនេះតទៅ ដើម្បីត្រៀមទទួលការពិនិត្យ ព្យាបាល វះកាត់ ដោយឥតគិតថ្លៃពីវេជ្ជបណ្ឌិតឯកទេសពីប្រទេសអារ៉ាប៊ីសាអូឌីត ដែលនឹងត្រូវធ្វើឡើងពីថ្ងៃទី២៦ កញ្ញា ដល់ថ្ងៃទី០៤ តុលា ២០១៩ នៅ នៅមន្ទីរពេទ្យខេត្តពោធិ៍សាត់។
លោកស្រី ជុក សុផានី អភិបាលរងខេត្តពោធិ៍សាត់ បានបញ្ជាក់ថា៖ ក្នុងនាមអាជ្ញាធរ ខេត្តសូមអគុណចំពោះសកម្មភាពមនុស្សធម៌ របស់ក្រុមគ្រូពេទ្យស្ម័គ្រចិត្តនៃអង្គការមូលនិធិអភិវឌ្ឍន៍មូស្លីមកម្ពុជា ក៏ដូចជាសមាគមគ្រូពេទ្យឥស្លាមកម្ពុជា ដែលជានិច្ចកាលតែងតែចុះជួបប្រជាពលរដ្ឋផ្តល់ការអប់រំសុខភាព និងសេវាព្យាបាលដល់ប្រជាពលរដ្ឋដោយឥតគិតថ្លៃ ដែលនេះសរបញ្ជាក់ឲ្យឃើញអំពីការចូលរួមយ៉ាងសកម្មរបស់សមាគមអង្គការនេះក្នុងការទ្រទ្រង់ជីវភាព លទ្ធភាពរបស់ប្រជាពលរដ្ឋនៅមូលដ្ឋាន ទាក់ទងវិស័យសុខាភិបាល និងវិស័យចាំបាច់នានារបស់សហគមន៍។
លោក សុះ មុះសិន សមាជិករដ្ឋសភា បានលើកឡើងថា ៖ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ជានិច្ចកាលតែងតែយកចិត្តទុកដាក់ ជាចម្បងលើវិស័យសុខាភិបាល ដើម្បីបង្កើនសុខុមាលភាពរបស់ប្រជាជនគ្រប់រូប ជាពិសេសចំពោះស្ត្រីដែលមានការលំបាកក្នុងជីវភាព ដើម្បីកាត់បន្ថយភាពក្រីក្រក្នុងសង្គម។
លោកបន្ដថា៖ ក្នុងពេលបច្ចុប្បន្នគោលនយោបាយគាំពារសង្គម ត្រូវបានគិតគូរជាចម្បង ទៅលើស្ត្រីនិងកុមារ ដែលកិច្ចការនេះរដ្ឋាភិបាល បានអនុវត្តរួចមកហើយតាំងពីឆ្នាំ២០១៨ កន្លងទៅ ពោលគឺស្ត្រីកម្មការនីមានផ្ទៃពោះ និងសម្រាល កូន សុទ្ធតែត្រូវបានទទួល ថវិការបបគាំពារសង្គម ។ ស្របជា មួយគ្នានេះដែរ ដែលកាន់តែពិសេស ដើម្បីលើកកំពស់សុខុមាល ភាពស្រ្តីចំពោះស្ត្រីគ្រួសារក្រីក្រ និងមានផ្ទៃពោះសម្រាលកូន រាជរដ្ឋាភិបាលនឹងផ្ដល់ប្រាក់របបគាំពារសង្គម ដល់ពួកគាត់ផងដែរ ដែលគោលនយោបាយនេះត្រូវបានចាប់ផ្តើមកន្លងទៅថ្មីៗនេះតែម្តង ហើយត្រូវអនុវត្តក្នុងក្របខណ្ឌ ទូទាំងប្រទេសតែម្តង ពោលចំពោះស្ត្រីក្រីក្ររគិតចាប់ពីពួកគាត់មានផ្ទៃពោះ ៩ខែ១០ថ្ងៃ រហូតដល់សម្រាលកូនបានអាយុ២ឆ្នាំរាជរដ្ឋា ភិបាល និងផ្ដល់ប្រាក់របបគាំពារសង្គម នូវថវិកាសរុបចំនួន ៧៦ម៉ឺនរៀល ៕
ដោយ៖ សំរិត