ខេត្តសៀមរាប៖ បន្ទាប់ពីទទួលបាននូវព័ត៏មានដ៏ក្រៀមក្រំនិងការសោកស្ដាយពោរពេញទៅដោយពីទុក្ខដ៏សោកសៅបំផុតនេះ លោក សុខ ថុល នាយករដ្ឋបាលសាលាខេត្ត និងលោក នួន ពុទ្ធារ៉ា អភិបាលក្រុងសៀមរាប នៅល្ងាចថ្ងៃទី៣០ខែមិថុនាឆ្នាំ២០១៩ម្សិលមិញ បាននាំយកថវិការបស់លោកទៀ សីហា អភិបាលខេត្តនិង អភិបាលរងខេត្ត ប្រធានមន្ទីរ ព្រមទាំងថវិការបស់អនុសាខាកាកបាទក្រហមក្រុងសៀមរាប សរុបរួម ៤៨២០០០០រៀល ដើម្បីចូលរួមបុណ្យសព កុមារី រ៉ម រដ្ឋនារី ដល់លំនៅដ្ឋាន។
ក្នុងនោះដែរ លោក សុខ ថុល ក៏បានពាំនាំនូវការរំលែកទុក្ខ ពីលោកអភិបាលខេត្ត ដោយមានការសោកស្តាយយ៉ាងខ្លាំងចំពោះការកើតឧបទ្ទវហេតុនេះឡើង ក្នុងបរិយាកាសដ៏សែនក្តុកក្តួលនេះលោកក៏បានសម្តែងនូវការសោកស្តាយអាឡោះអាល័យជាអនេក និងសូមចូលរួមរំលែកទុក្ខដ៏សែនក្រៀមក្រំនេះជាមួយលោក រ៉ម រដ្ឋ និងលោកស្រី នល់ សុលី ដែលត្រូវជាមាតាបិតារបស់កុមារី។
គួរបញ្ជាក់ថាកុមារី រ៉ម រដ្ឋនារី កើតថ្ងៃទី១៧ ខែមេសា ឆ្នាំ២០១៧ បានទទួលមរណភាព ក្នុងឧបទ្ទវហេតុ កាលពីវេលាម៉ោងប្រមាណ១០និង៤០នាទី នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០១៩នៅភូមិពោធិ៍ សង្កាត់សៀមរាប ក្រុងសៀមរាប ខេត្តសៀមរាបដែលរងគ្រោះដោយក្រពើស៊ី៕
ដោយ៖ ប៊ុនរិទ្ធី