ភ្នំពេញ៖ ទើបនឹងធ្វើឲ្យមហាជនភ្ញាក់ផ្អើលរឿងទំនាក់ទំនងស្នេហ៍ខុសជំនាន់មិនបានប៉ុន្មានថ្ងៃផង ស្រាប់តែពេលនេះតារាចម្រៀងវ័យក្មេង ថៃ អតិជាតិបុត្រ និងតារាសម្តែងស្រី ដួង ម៉ានិចលេចចេញរូបថតក្នុងឈុតរៀបការបាត់ទៅហើយ។ ទោះវ័យខុសគ្នាខ្លះប៉ុន្តែអ្នកគាំទ្រពួកគេសរសើរមិនដាច់ពីមាត់ថាពិតជាសាកសមគ្នាពេលគ្រងឈុតកូនកំលោះកូនក្រមុំ រហូតអ្នកខ្លះថាចង់ឃើញពួកគេរៀបការនឹងគ្នា។
ការចាប់តាំងពីបង្ហាញភាពស្និទ្ធស្នាល និងលេបខាយសម្តីជាហូរហែរកន្លងមក ដួង ម៉ានិច និង ថៃអតិជាតិបុត្រហាក់បង្ហាញអារម្មណ៍ល្អចំពោះគ្នាទៅវិញទៅមកបើទោះបីជាពួកគេទាំងសងខាងមិនទទួលស្គាល់នៅឡើយថា ជារឿងស្នេហា។ ទាំងពីរភាគីសុទ្ធតែលើកឡើងថាស្ថិតក្នុងការពិចារណា និងស្ទាក់ស្ទើរនៅឡើយក្នុងការលាតត្រដាងការពិត។ កាន់តែធ្វើឲ្យអ្នកគាំត្ររំជើបរំជួលចិត្តគឺក្រោយពេលរូបថតក្នុងឈុតប្រពៃណីខ្មែរក្នុងពិធីមង្គលការត្រូវបានបញ្ចេញ។ មានអ្នកគាំទ្រជាច្រើនបានផ្ញើសារគាំទ្រឲ្យស្នេហាខុសវ័យមួយនេះលេចរូបរាង ។ គេនៅមិនទាន់បានទទួលការបញ្ជាក់ពីតារាប្រុសស្រីទាំងពីររូបនៅឡើយទេថាតើជាការសម្តែង ឬ ជាការថតផ្សព្វផ្សាយនោះទេ ប៉ុន្តែយោងតាមប្រភពជិតដិតបញ្ជាក់ថាគឺជាការងារថ្មីដែលពួកគេទើបនឹងទទួលបានក្រោយពីលេចចេញដំណឹងស្នេហ៍ក្រៅឆាកនេះ។ ប្រភពបន្តថាពួកគេកំពុងទាក់ទាញបានការចាប់អារម្មណ៍ខ្លាំងពីអ្នកផលិតកម្មវិធីនានា ដោយបានអញ្ជើពួកគេចូលរួមច្រៀង និងសម្តែងរួមគ្នាផងដែរក្នុងពេលដ៏ខ្លីខាងមុខនេះ៕
ដោយ វឌ្ឍនា