ក្នុងពេលដែលមានភាពតានតឹង ក្នុងតំបន់មជ្ឈិមបូព៌ា អ៊ីស្រាអែលបានប្រកាសថា បានត្រៀមលក្ខណៈរួចរាល់ ដើម្បីចូលរួមធ្វើសង្គ្រាម វាយប្រហារអ៊ីរ៉ង់ជាមួយអាមេរិក ។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល លោកYisrael Katz បានបញ្ជាក់ថា ប្រសិនបើអ៊ីរ៉ង់ ឆ្លងចូលបន្ទាត់ក្រហមនោះ នឹងមានសង្គ្រាមជាទ្រង់ទ្រាយធំកើតឡើង ។ នៅពេលនេះ អ៊ីស្រាអែលបានត្រៀមលក្ខណៈរួចរាល់ សម្រាប់វាយប្រហារ ។
រដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែល បានប្រកាសថា នឹងប្រើគ្រប់វិធីសាស្ត្រ ដើម្បីរារាំង ទីក្រុងតេអ៊ីរ៉ង់មានអាវុធបរមាណូ ក្នុងនោះ មានទាំងការប្រើប្រាស់កម្លាំងយោធាក្តី ។
កាលពីពេលថ្មីៗនេះ រដ្ឋាភិបាលទីក្រុងតេអ៊ីរ៉ង់ បានប្រកាសថា បានចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម លើកពីចំនួន៣០០គីឡូក្រាម ។ ចំណុចនោះ ត្រូវបាននាយករដ្ឋមន្ត្រីអ៊ីស្រាអែល ណេតាន់ យ៉ាហ៊ូ ចាត់ទុកថា ជាជំហាន ឆ្ពោះទៅរកការផលិតអាវុធបរមាណូ ។
រដ្ឋមន្ត្រីក្រសួងការបរទេសអ៊ីស្រាអែល បានប្រកាសថា ការបង្កើនសកម្មភាពចម្រាញ់សារធាតុអ៊ុយរ៉ានីញ៉ូម មានន័យថា អ៊ីរ៉ង់ត្រៀមលក្ខណៈផលិតអាវុធបរមាណូ និងត្រៀមធ្វើសង្គ្រាមជាទ្រង់ទ្រាយធំ ។ អ៊ីស្រាអែល មិនអនុញ្ញាតឲ្យរឿងនោះកើតឡើងបានឡើយ ហើយអ៊ីស្រាអែល អាចនឹងប្រើប្រាស់កម្លាំងយោធាដើម្បីរារាំង ។
ទំនាក់ទំនងរវាងអ៊ីស្រាអែល នឹងអ៊ីរ៉ង់ កាន់តែតានតឹងពីមួយថ្ងៃទៅមួយថ្ងៃ ដោយអ៊ីស្រាអែលបានចោទប្រកាន់អ៊ីរ៉ង់ថា បានគាំទ្រក្រុមភេរវកម្ម អ៊ីស្លាម ហេប៊ូឡាស និងហាម៉ាស ដើម្បីវាយប្រហារទៅលើអ៊ីស្រាអែល ។ ចំណែកអ៊ីរ៉ង់វិញ បានចោទប្រកាន់អ៊ីស្រាអែលថា បានប្រើប្រាស់កម្លាំងយោធាឈា្លនពានតំបន់មជ្ឈិមបូព៌ា ពង្រីកទឹកដី របស់ខ្លួន ៕