ព័ត៌មានទាន់ហេតុការណ៍៖

កម្លាំងសមត្ថកិច្ចចម្រុះ ឡោមព័ទ្ធទីតាំងស្តុកឈើមួយកន្លែង កណ្តាលក្រុងសៀមរាប រកឃើញឈើប្រណីតរាប់រយម៉ែត្រគូប

ចែករំលែក៖

ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចចម្រុះដឹកនាំសម្រួលនីតិវិធី ដោយតំណាងអយ្យការអមសាលាដំបូងខេត្តសៀមរាប នៅល្ងាចថ្ងៃទី២ ខែកក្កដា ឆ្នាំ២០១៩ បានចុះឆែក និងឈានដល់ការឡោមព័ទ្ធសំណង់សណ្ឋាគារមួយកន្លែង នៅកណ្តាលក្រុងសៀមរាប រកឃើញឈើដែលស្តុកទុកសង្ស័យថា គ្មានច្បាប់រហូតដល់រាប់រយម៉ែត្រគូប ស្ថិតក្នុងភូមិខ្នារសង្កាត់ជ្រាវក្រុងសៀមរាប ស្របតាមបណ្តោយផ្លូវជាតិលេខ៦ ខាងលិចសណ្ឋាគារអង្គរអេរ៉ា ទល់មុខភោជនីយដ្ឋានវិមានមង្គល ។

ក្នុងការឡោមព័ទ្ធទីតាំងស្តុកបទល្មើសព្រៃឈើខាងលើនេះ ក្រុមសមត្ថកិច្ចនៅមិនទាន់បង្ហាញអំពីចំណាត់ការថា នឹងបន្តនីតិវិធីយ៉ាងណានោះទេ ដោយសារពេលវេលា ។ ប៉ុន្ដែរនៅក្នុងប្រតិបត្តិការនេះ ត្រូវបានម្ចាស់ទីតាំងស្តុកឈើខាងលើនេះ ហាមឃាត់ដល់អ្នកសារព័ត៌មាន ក៏ដូចជាបណ្តាញព័ត៌មានផ្សេងៗ មិនឲ្យចូលផ្តិតយករូបភាពនោះទេ ។

ទីតាំងស្តុកឈើដ៏ច្រើនសម្បើម ដែលសង្ស័យថា គ្មានច្បាប់នេះ ទោះបីជាមិនទាន់មានការបញ្ជាក់ឲ្យលម្អិតក្តី តែក៏មានសមត្ថកិច្ចមួយរូប ដែលស្ថិតក្នុងហេតុការណ៍នេះ បង្ហើបឲ្យដឹងថា ទីតាំងដែលស្តុកឈើល្មើសច្បាប់នេះ គីជាសំណង់សណ្ឋាគារ ដែលនៅមិនទាន់មានច្បាប់អនុញ្ញាតនៅឡើយ ។

ប្រភពបន្តថា ទាំងសំណង់គ្មានច្បាប់ និងទាំងឈើល្មើសច្បាប់រហូតរាប់រយម៉ែត្រគូបនេះ ជារបស់មន្ត្រីថ្នាក់ធំប្រចាំខេត្តសៀមរាបម្នាក់ ហើយក៏ជាថៅកែសណ្ឋាគារលំដាប់ផ្កាយ៥ផងដែរ ។ រហូតមកដល់ព្រឹកថ្ងៃទី ៣ ខែ កក្កដា ឆ្នាំ២០១៩នេះ មិនទាន់ដឹងថា លទ្ធផលចុងក្រោយនឹងទៅជាយ៉ាងណានោះទេ ដឹងត្រឹមតែនៅវេលាម៉ោង៨យប់ថ្ងៃដដែល កម្លាំងសមត្ថកិច្ចបានដាក់កម្លាំងយាមកាមយ៉ាងតឹងរឹង ៕ ប៊ុនរិទ្ធី


ចែករំលែក៖