ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រី វេង សាខុន ទទួលជួបលោកបណ្ឌិត Michael Roy តំណាងនាយកដ្ឋានមហាផ្ទៃនៃសហរដ្ឋអាមេរិក

ចែករំលែក៖

ភ្នំពេញ៖ បន្ទាប់ពីជំនួបជាមួយសហភាពអឺរ៉ុបត្រូវបានបញ្ចប់ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបន្តទទួលជួបលោកបណ្ឌិត Michael Roy តំណាងនាយកដ្ឋានមហាផ្ទៃនៃសហរដ្ឋអាមេរិក និងសហការីដើម្បីពិភាក្សាការងារពាក់ព័ន្ធនឹងគម្រោង គំនិតផ្តួចផ្តើមធ្វើផ្លូវចរាចរណ៍ត្រីតំបន់មេគង្គក្រោម (Lower Mekong Fish Passage Initiative – Cambodia) ដែលជាជំនួយបច្ចេកទេសពីក្រសួងមហាផ្ទៃអាមេរិក និងមជ្ឈមណ្ឌលអូស្រ្តាលីសម្រាប់ការស្រាវជ្រាវកសិកម្មអន្តរជាតិ (ACIAR)។

សូមជម្រាបជូនថា គោលបំណងរបស់គម្រោងមានចំនួន ០៣ ដោយផ្តោតជាសំខាន់គឺ ទី១. ការពង្រឹងសមត្ថភាព វិទ្យាស្ថានស្រាវជ្រាវ និងអភិវឌ្ឍន៍ជលផលទឹកសាប ការងារបច្ចេកទេសសាងសង់ និងស្រាវជ្រាវស្តីពីជណ្តើរត្រី រួមជាមួយការតាមដានសម្ថភាពបំលាស់ទីរបស់ត្រីឆ្លងកាត់។ ទី២. ការសាងសង់ជណ្តើរត្រីបង្ហាញ។ និងទី៣. ការគាំទ្របង្កើតគោលនយោបាយជណ្តើរត្រីជាតិសម្រាប់កម្ពុជា។

នាឱកាសនេះ លោករដ្ឋមន្ត្រីបានថ្លែងអំណរគុណចំពោះរដ្ឋាភិបាលអាមេរិកដែលបានជួយគាំទ្រដល់ការអភិវឌ្ឍលើគ្រប់វិស័យ ជាពិសេសវិសេសកសិកម្មនៅកម្ពុជា។ ពាក់ព័ន្ធនឹងប្រធានបទនាថ្ងៃនេះ លោក រដ្ឋមន្ត្រីក៏បានវាយតម្លៃខ្ពស់ចំពោះវឌ្ឍនភាពដែលគម្រោងទទួលបាន ដោយក្នុងខែដំបូងនៃការបញ្ចប់ការសាងសងផ្លូវជណ្តើរត្រីនៅស្ទឹងពោធិ៍សាត់ ខេត្តពោធិ៍សាត់ឃើញថា មានពូជត្រីជាង៦០ ប្រភេទ បានហែលឆ្លងកាត់ប្រកបដោយជោគជ័យ។ ដើម្បីថែរក្សា និងអភិរក្សពូជត្រីធម្មជាតិ ឯកឧត្តមរដ្ឋមន្ត្រីបានស្នើដល់រដ្ឋាភិបាលអាមេរិក តាមរយៈអង្គការ USAID ពិនិត្យលទ្ធភាពក្នុងការផ្តល់ការគាំទ្របន្ថែម ជាពិសេសនៅតំបន់ទន្លេសាប ធ្វើយ៉ាងណាបង្ករលក្ខណងាយស្រួលដល់ការធ្វើចរាចរណ៍របស់ត្រី។

ជាការឆ្លើយតប លោកបណ្ឌិត Michael Roy បានបញ្ជាក់ថា គម្រោងនេះទទួលបានលទ្ធផលជាផ្លែផ្កាក៏ដោយសារកិច្ចសហការយ៉ាងល្អប្រសើរជាមួយគ្រប់ភាគីពាក់ព័ន្ធ ជាពិសេសមន្ត្រីជំនាញនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។ ទន្ទឹមនឹងនេះ លោកបណ្ឌិតក៏បានឯកភាព និងគាំទ្រចំពោះសំណើរបស់ឯកឧត្តមរដ្ឋមន្ត្រីក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ លោកសង្ឃឹមថាអង្គការ USAID នឹងពិនិត្យលទ្ធភាពក្នុងការផ្ដល់ការគាំទ្រ ហើយក្រុមការងាររបស់លោករងចាំផ្តល់កិច្ចសហការគ្រប់បែបយ៉ាង ធ្វើយ៉ាងណាអភិវឌ្ឍន៍វិស័យជលផលកម្ពុជាប្រកបដោយចីរភាព៕

ដោយ៖ ស រស្មី


ចែករំលែក៖