ខេត្តព្រះសីហនុ៖ នាព្រឹកថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០១៩ ក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងព្រះសីហនុ ដែលមានលោក តឹករ៉េត សំរេច ជាប្រធាន បានរៀបចំកិច្ចប្រជុំគណ:អចិន្រ្តៃយ៍ ក្រុមការងារថ្នាក់កណ្តាលចុះជួយក្រុងព្រះសីហនុ ដើម្បីពិភាក្សា និងស្វែងរកដំណោះស្រាយចាំបាច់បន្ទាន់ ចំពោះបញ្ហាប្រឈមធំៗមួយចំនួន ដូចជា៖ សំរាម លូបង្ហូរទឹកកខ្វក់ និងប្រឡាយបង្ហូរទឹកភ្លៀង សណ្តាប់ធ្នាប់ សន្តិសុខ ស្លាកយីហោ សំណង់អត់ច្បាប់ ការជួសជុល និងធ្វើផ្លូវរបស់ក្រុងព្រះសីហនុ។
ចំពោះបញ្ហាសន្តិសុខ និងសណ្តាប់ធ្នាប់ លោក ប្រធានបានណែនាំអោយភាគីពាក់ព័ន្ធ អនុវត្តតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់ និងស៊ីជម្រៅរបស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ក្នុងពិធីប្រកាសចូលកាន់តំណែងរបស់ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៩។
ពាក់ព័ន្ធបញ្ហាសំរាម និងប្រឡាយបង្ហូរទឹកភ្លៀង និងលូទឹកកខ្វក់ អង្គប្រជុំបានទទួលយកប្រសាសន៍ណែនាំរបស់ លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដោយជំរុញអោយមានការចុះកិច្ចសន្យាជាមួយក្រុមហ៊ុនប្រមូលសំរាមអោយបានឆាប់រហ័ស ព្រមទាំងកំណត់ផែនការ និងសមត្ថភាពប្រមូលសំរាមរបស់ក្រុមហ៊ុនអោយបានច្បាស់ដាក់ចូលក្នុងកិច្ចសន្យា ដើម្បីតាមដានត្រួតពិនិត្យការអនុវត្តរបស់ក្រុមហ៊ុន ទាំងសំរាមតាមផ្ទះ និងសំរាមចេញពីការដ្ឋានសំណង់នានា។ ជាងនេះទៀត មន្ទីរបរិស្ថានក៏បានកំពុងសហការជាមួយអាជ្ញាធរមូលដ្ឋាន និងកំណត់ទីតាំងដាក់កុងតឺន័រផ្ទុកសំរាម នៅសង្កាត់ទាំង៤ នៃក្រុងព្រះសីហនុ ដែលនឹងជួយសម្រួលដល់ការងារប្រមូលសំរាមក្នុងក្រុងទាំងមូល។ ម៉្យាងវិញទៀត ក្រសួងបរិស្ថានក៏បានផ្តល់ទីតាំងមួយនៅជាយក្រុងទំហំ៥ហិចតា ដើម្បីស្តុកទុកសំរាម ដែលប្រមូលចេញពីក្រុង មុននឹងដឹកបន្តយកទៅទីតាំងដុតសំរាមដែលនៅឆ្ងាយ។ ប្រឡាយបង្ហូរទឹកភ្លៀង និងលូទឹកកខ្វក់នឹងត្រូវបានស្តារ កាយយកសំរាមដែលកកស្ទះចេញ បោះបង្គោលព្រំប្រឡាយទៅតាមកំរិតស្តង់ដាររបស់ប្រឡាយ ដើម្បីការពារការទន្ទ្រាន និងរៀបចំប្រព័ន្ធលូខ្នែងដើម្បីសម្រួលក្នុងការលំហូរទឹកកខ្វក់ ជៀសវាងការកកស្ទះ និងជន់លិច។ ការងារទាំងពីរនេះនឹងត្រូវអនុវត្តក្នុងពេលឆាប់ៗនេះ។
លោកប្រធានបានជំរុញអោយអាជ្ញាធរណែនាំ និងដាក់បទបញ្ជារអោយការដ្ឋានសំណង់ត្រូវបិទរបង និងទុកដាក់សំរាមអោយបានត្រឹមត្រូវ។ សំណង់ដែលមានច្បាប់ត្រូវបិទលិខិតអនុញ្ញាតលើជញ្ជាំងការដ្ឋានសាងសង់។ សំណង់ខុសច្បាប់នឹងត្រូវចាត់វិធានការម៉ឹងម៉ាត់ នាពេលខាងមុខ។
លោកក៏បានណែនាំអោយមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធណែនាំចុះត្រួតពិនិត្យ និងកែសម្រួលទាំងស្លាកយីហោដែលមានស្រាប់ និងដែលកំពុងសុំការអនុញ្ញតិលើកស្លាកអាជីវកម្ម ដើម្បីធានាសុក្រឹតភាព និងជៀសវាងមានបញ្ហាអក្ខរាវារុទ្ធ ដែលមានលក្ខណៈមិនសមស្របទៅតាមច្បាប់ និងវប្បធម៌របស់ខ្មែរ។
ចំពោះបញ្ហាផ្លូវថ្នល់ អង្គប្រជុំបានណែនាំអោយអាជ្ញាធរជំនាញត្រូវបញ្ចប់ការងារនេះ យ៉ាងយូរត្រឹមដំណាច់ឆ្នាំនេះ និងជំរុញអោយមន្ត្រី និងអាជ្ញាធរពាក់ព័ន្ធណែនាំ ពិនិត្យតាមលទ្ធភាពជាក់ស្តែង និងកំណត់ជាអទិភាពចំពោះផ្លូវដែលបានដេញថ្លៃរួចអោយមានដំណើរការប្រព្រឹត្តិទៅបានឆាប់រហ័ស៕
ដោយ៖ សហការី