ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋវេណេហ្ស៊ុយអេឡាបង្ហាញក្តីសង្ឃឹមបញ្ចប់វិបត្តិនយោបាយ

ចែករំលែក៖

ក្រោយពេលមេបក្សប្រឆាំងវេណេហ្ស៊ុយអេឡា យល់ព្រមបន្តពិភាក្សា​ជាមួយរដ្ឋាភិបាល ពលរដ្ឋវេណេហ្ស៊ុយអេឡា ក៏ដូចជាសហគមន៍អន្តរជាតិអបអរសាទរ ដោយសង្ឃឹមថា នឹងទទួលបានសន្តិភាព បញ្ចប់វិបត្តិនយោបាយ ។

នេះជាកិច្ចចរចា​លើកទី៣​ ​រវាង​គណបក្ស​ប្រឆាំង នឹង​រដ្ឋាភិបាល​​អាចនឹងកើតឡើង​ នៅដើមខែកក្កដា ឆ្នាំ២០១៩នេះ បើមិនធ្វើឡើងនៅទីក្រុង Barbdos ប្រទេសការ៉ាបៀនទេ ក៏នៅទីក្រុង Oslo​ ប្រទេសន័រវែសដែរ ។

លោកជួន កាយដូ (Juan Guaido) ដែលតាំងខ្លួនឯងជាប្រធានាធិបតី​ និងជាប្រធានគណបក្សប្រឆាំង​ដឹកនាំរដ្ឋសភា បានថ្លែងថា អំណាងរាស្ត្រ​​ទាំងគណបក្សប្រឆាំង និងរដ្ឋាភិបាលវេណេហ្ស៊ុយអេឡា​​ អាចបន្តពិភាក្សា​គ្នា​នៅទីក្រុង Barbados ។

នៅក្នុងសេចក្តីថ្លែងការណ៍​មួយរបស់លោក កាយដូ បានបញ្ជាក់ថា «នៅក្នុងការឆ្លើយតប ការសម្រុះសម្រួល​ដោយ​រាជាណាចក្រ​ន័រវែស (គណបក្សប្រឆាំង) នឹងចូលរួម​កិច្ចប្រជុំមួយ​ជាមួយ​តំណាងរបបខុសច្បាប់(វេណេហ្ស៊ុយអេឡា) នៅទីក្រុង Barbados ដើម្បីបង្កើតកិច្ចពិភាក្សា​មួយ​ឈានដល់បញ្ចប់​​​របបផ្តាច់ការ​នៅវេណេហ្ស៊ុយអេឡា» ។

អំឡុងពេលជាមួយគ្នានេះដែរ រដ្ឋមន្ត្រីក្រសួងការបរទេសន័រវែស បានប្រកាសថា គណបក្សប្រឆាំងវេណេហ្ស៊ុយអេឡា និងតំណាង​ប្រធានាធិបតីវេណេហ្ស៊ុយអេឡា នីកូឡាស ម៉ាឌូរ៉ូ អាចនឹងជួបពិភាក្សា​គ្នា​មួយដងទៀត នៅក្នុងសប្តាហ៍​នេះ ដោយ​មានការសម្រុះសម្រួល​ពីរដ្ឋាភិបាលន័រវែស នៅទីក្រុង Barbados ដើម្បីបន្តស្វែងរក​គន្លឹះ​ដោះស្រាយវិបត្តិនយោបាយ​ក្នុងប្រទេសវេណេហ្ស៊ុយអេឡា ។

សេចក្តីថ្លែងការណ៍​ផ្សាយនៅលើគេហទំព័រផ្លូវការកាលពីរសៀលថ្ងៃទី៧ ខែកក្កដា ឆ្នាំ២០១៩​ រដ្ឋមន្ត្រីក្រសួងការបរទេសន័រវែស បញ្ជាក់ថា យើងសូមប្រកាសថា តំណាងតួអង្គនយោបាយ​ដ៏សំខាន់​នៅវេណេហ្ស៊ុយអេឡា​បានសម្រេច​ព្រមព្រៀង​បន្ត​ពិភាក្សា ដោយមានការសម្រុះសម្រួល​ពីន័រវែស ។ ភាគីទាំងឡាយ​នឹងជួបគ្នានៅសប្តាហ៍​នេះ នៅទីក្រុង Barbados ក្នុងគោលបំណងស្វែងរកការព្រមព្រៀង​មួយ​ដោះស្រាយ​តាមរដ្ឋធម្មនុញ្ញ​របស់ប្រទេសនេះ ។

ក្រសួងការបរទេស​ន័រវែស​ក៏បានបញ្ជាក់ទៀតថា កិច្ចចរចា​រវាងតំណាងនយោបាយ​នៅវេណេហ្ស៊ុយអេឡា នឹងបន្តកើតឡើង ហើយមានប្រសិទ្ធភាព ។ ប្រភពបានបន្ថែមថា រដ្ឋាភិបាលន័រវែសសូមបញ្ជាក់ជាថ្មី អំពីការទទួលស្គាល់កិច្ចខិតខំប្រឹងប្រែងរបស់ភាគីទាំងសងខាង និងស្មារតីកិច្ចសហប្រតិបត្តិការរបស់ពួកគេផងដែរ ។

រដ្ឋាភិបាល និងក្រុមប្រឆាំងវេណេហ្ស៊ុយអេឡា បានចរចាគ្នាជាច្រើនលើករួចមកហើយ ក្រោមការសម្របសម្រួលពីរដ្ឋាភិបាលប្រទេសន័រវែស ប៉ុន្តែមិនមានកិច្ចព្រមព្រៀងណាមួយត្រូវសម្រេចបាននោះទេ ។ កាលពីខែមិថុនា ឆ្នាំ២០១៩ លោក ជួន កាយដូ បានថ្លែងថា ក្រុមប្រឆាំងមិនចាប់អារម្មណ៍ក្នុងការចរចាទេ ពីព្រោះ “គ្រប់យ៉ាងនឹងគ្មានប្រយោជន៍នោះឡើយ បើគ្មានការលាលែងរបស់លោកម៉ាឌូរ៉ូ ទេនោះ” ។

ជាការឆ្លើយតប ប្រធានាធិបតីវេណេហ្ស៊ុយអេឡា លោក នីកូឡាស ម៉ាឌូរ៉ូ បានថ្លែងថា រដ្ឋបាលរបស់លោក នឹងពិភាក្សាជាមួយភាគីប្រឆាំងទាំងអស់ និងដោយក្តីសង្ឃឹមថា កិច្ចព្រមព្រៀងនយោបាយដែលសម្រេចបាន​រវាងរដ្ឋាភិបាល និងគណបក្សប្រឆាំង ទំនងជាឈានដល់នៅចុងឆ្នាំនេះ ៕


ចែករំលែក៖