បុគ្គលដែលមានអំណាច នៅអាហ្វហ្គានីស្ថាន បានបញ្ចប់កិច្ចពិភាក្សា ជាមួយក្រុមតាលីបង់នៅទីក្រុង Doha ប្រទេសកាតារ ។ សារព័ត៌មាន AFP បានផ្សាយថា កិច្ចពិភាក្សាបានបញ្ចប់ដោយបានចុះហត្ថលេខាលើសេចក្តីប្រកាសរួម ឆ្ពោះទៅរកសន្តិភាព ។
នៅក្នុងព្រឹត្តិការណ៍ មួយផ្សេងទៀតដែលពាក់ព័ន្ធនោះដែរ ក្រុមឧទ្ទាមតាលីបង់បានដោះលែង កម្លាំងសន្តិសុខ៤០នាក់ ដែលក្រុមនេះបានចាប់ខ្លួននាពេលកន្លងមក ។ អ្នកនាំពាក្យមួយរូប របស់កងកម្លាំងទាហានប្រចាំនៅតំបន់ខាងជើងអាហ្វហ្គានីស្ថាន ឈ្មោះ Abdul Hadi Jamal បានថ្លែងកាលពីថ្ងៃទី៨ ខែកក្កដា ឆ្នាំ២០១៩ថា ក្រុមឧទ្ទាមតាលីបង់បានដោះលែងកងកម្លាំងសន្តិសុខ៤០នាក់ ពីមន្ទីរឃុំឃាំងរបស់ពួកគេ ដែលស្ថិតនៅភាគខាងជើងខេត្ត Jawzjan ។
លោក Jamal បានថ្លែងថា ក្រុមសន្តិសុខ៤០នាក់នោះ ភាគច្រើនជាប៉ូលិស ត្រូវបានដោះលែងពីកន្លែងឃុំខ្លួនរបស់ពួក តាលីបង់ នៅខេត្ត Jawzjan ទីក្រុង Shiberghan កាលពីថ្ងៃរសៀល ទី៧ ខែកក្កដា ឆ្នាំ២០១៩ ។
នេះជាលើកទីពីរហើយ ដែលកងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន ត្រូវបានដោះលែងពីខេត្ត Jawzjan ក្នុងអំឡុងពេលសប្តាហ៍កន្លងមក ។ កាលពីពេលមុននោះ ក្រុមឧទ្ទាមក៏បានដោះលែងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថាន៤២នាក់ផងដែរ ។ កម្លាំងសន្តិសុខទាំងនោះ ត្រូវពួកឧទ្ទាមចាប់ខ្លួននៅក្នុងស្រុក Qush Tepa ខេត្ត Jawzjan របស់អាហ្វហ្គានីស្ថាន ។ កម្លាំងសន្តិសុខប្រហែល៩០នាក់ដែលស្ថិតនៅបន្ទាយក្នុងស្រុក Qush Tepa ត្រូវក្រុមឧទ្ទាមចាប់ខ្លួនកាលពីពេលកន្លងមក ។
សូមបញ្ជាក់ថា ករណីដោះលែងនេះ បានកើតឡើង ខណៈដែលកិច្ចពិភាក្សាសន្តិភាពរយៈពេល២ថ្ងៃ បាននិងកំពុងកើតឡើងនៅទីក្រុង Doha ប្រទេសកាតារ រវាងផ្នែកពាក់ព័ន្ធពីគ្រប់ភាគីក្នុងជម្លោះនៅអាហ្វហ្គានីស្ថាន ។ មិនទាន់មានកិច្ចព្រមព្រៀងផ្លូវការណាមួយសម្រេចឡើងនៅឡើយទេ ។
រដ្ឋាភិបាលអាហ្វហ្គានីស្ថានបានប្រកាសផងដែរ ដោះលែងអ្នកទោសតាលីបង់ប្រហែល៩០០នាក់ពីមន្ទីរឃុំឃាំង កាលពីមួយខែកន្លងទៅ ដើម្បីជួយឲ្យកាន់តែប្រសើរឡើងកិច្ចចរចាសន្តិភាព បញ្ចប់សមរភូមិរវាងរដ្ឋាភិបាលអាហ្វហ្គានីស្ថាន និងក្រុមឧទ្ទាមតាលីបង់ ៕