កាលពីជំនន់ដឹកនាំរបស់អតីតប្រធានាធិបតីអាមេរិក បារ៉ាក់ អូបាម៉ា ទំនាក់ទំនង ប្រទេសទាំងពីរល្អប្រសើរឡើងវិញ ដោយអាមេរិកបានបើកស្ថានទូត បង្កើតទំនាក់ទំនងការបរទេស ជាថ្មីជាមួយគុយបា ។ ជាមួយគ្នានោះ ប្រធានាធិបតីអាមេរិក ពេលនោះលោកអូបាម៉ា ក៏បានទស្សនកិច្ចទៅកាន់គុយបាជាលើកដំបូងផងដែរ ។
ជាមួយគ្នានោះ ក្រុមហ៊ុនអាកាសចរណ៍អាមេរិក ក៏បានបើកជើងហោះហើរទៅកាន់ប្រទេសគុយបា ផងដែរ ដែលពីមុនមក មិនធ្លាប់មានឡើយ ។ ពេលនោះ វិស័យទេសចរណ៍គុយបា រីកចំរើនយ៉ាងខ្លាំង ដោយមានអ្នកទេសចរណ៍បរទេសជាច្រើន ទស្សនកិច្ច គុយបា ។
ប៉ុន្តែអ្វីគ្រប់យ៉ាងបានប្រែប្រួលក្រោយពេល លោកត្រាំ ឡើងកាន់តំណែងប្រធានាធិបតីអាមេរិក បានលុបចោលគោលនយោបាយទាំងឡាយរបស់អតីត ប្រធានាធិបតី អូបាម៉ា ក្នុងនោះ មានទាំងការកាត់ផ្តាច់ទំនាក់ទំនងជាមួយគុយបាជាដើម ។
ចាប់តាំងពីអាមេរិកដាក់ទណ្ឌកម្ម ទៅលើប្រទេសគុយបា មក បានធ្វើឲ្យវិស័យទេសចរណ៍គុយបា ខាតបង់ប្រាក់ជាង៣៨ពាន់លានដុល្លារ ។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍គុយបា លោក Manuel Marrero នៅថ្ងៃទី១២ ខែកក្កដា បានបញ្ជាក់ថា វិស័យទេសចរណ៍ នៅក្នុងប្រទេសនេះ បានខាតបង់ទឹកប្រាក់៣៨ពាន់លានដុល្លារអាមេរិក ដោយសារតែការដាក់ទណ្ឌកម្មរបស់អាមេរិក រយៈពេលជាងកន្លះសតវត្សរ៍កន្លងមក ។
លោក Manuel Marrero បានលើកឡើង នៅក្នុងកិច្ចប្រជុំសភាថា បើទោះជាអាមេរិកដាក់ទណ្ឌកម្មក្ដី តែគុយបាមានគម្រោងទទួលអ្នកទេសចរណ៍យ៉ាងតិច៤,៣លាននាក់ នៅក្នុងឆ្នាំ២០១៩នេះ។ តួលេខនេះ គឺថយចុះប្រមាណ១៥ភាគរយ បើប្រៀបធៀបនឹងឆ្នាំមុន មានរហូតដល់ទៅ៥,១លាននាក់។
ដើម្បីទប់ទល់ជាមួយច្បាប់ដាក់ទណ្ឌកម្មរបស់អាមេរិក លោក Marrero បានប្រកាសថា ថ្នាក់ដឹកនាំក្រសួង មានគម្រោងអនុវត្តគោលនយោបាយសកម្មជាងមុន ទៅលើក្រុមហ៊ុនទេសចរណ៍ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍បរទេស មកកាន់គុយបា ឲ្យបានច្រើនឡើងថែមទៀត។
កាលពីឆ្នាំ២០១៨ អ្នកទេសចរជាជនជាតិអាមេរិក មានរហូតដល់ទៅ៩សែននាក់ បានមកទស្សនា នៅក្នុងគុយបា ហើយក្នុងចំណោមនោះមានមាន៤០ភាគរយ ធ្វើដំណើរតាមផ្លូវទឹក។ ជាច្រើនលើកកន្លងមករដ្ឋាភិបាលគុយ បានបញ្ជាក់ថា ការដាក់ទណ្ឌកម្មរបស់អាមេរិក មានក្នុងគោលដៅ ធ្វើឲ្យសេដ្ឋកិច្ចគុយបា ធ្លាក់ចុះក្នុងកម្រិតទាបបំផុត ពិសេសគឺបំផ្លាញការវិនិយោគពីបរទេសមកលើគុយបា ក៏ដូចជាវិស័យទេសចរណ៍៕