កន្លងមក ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា ការប្រឈមុខតានតឹង រវាងឥណ្ឌា នឹងប៉ាគីស្ថាននៅតំបន់ព្រំដែនកាស្មៀរ គឺជាយុទ្ធសាស្ត្រនយោបាយ របស់នាយករដ្ឋមន្ត្រីឥណ្ឌា ណារ៉េនដ្រា ម៉ូឌី ក្នុងគោលដៅស្វែងរកសំឡេងគាំទ្រសម្រាប់បោះឆ្នោតតែប៉ុណ្ណោះ ហើយនឹងបញ្ចប់ទៅ ក្រោយការបោះឆ្នោតបានបញ្ចប់។
ការបោះឆ្នោតបានបញ្ចប់ទៅហើយ ដោយលោក ម៉ូឌី បន្តកាន់តំណែងដឹកនាំឥណ្ឌា មួយអាណត្តិទៀត ។ ប៉ុន្តែ ស្នូរកាំភ្លើងដោយការបាញ់ប្រហារគ្នារវាងទាហានឥណ្ឌា និងប៉ាគីស្ថាននៅតែបន្ត ដដែល បង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ពលរដ្ឋរស់នៅតំបន់កាស្មៀរ ។
នៅពេលថ្មីៗនេះកម្លាំងទាហានរបស់ឥណ្ឌា និងប៉ាគីស្ថាន បានផ្ទុះអាវុធទ្រង់ទ្រាយធំសារជាថ្មី ស្ថិតនៅតំបន់់កាស្មៀរ ។ ឥណ្ឌាបាននិយាយថា ប៉ាគីស្ថានរំលោភលើកិច្ចឈប់បាញ់ កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០១៩ ទើបបណ្តាលឲ្យមានផ្ទុះអាវុធទ្រង់ទ្រាយធំ។
ប្រភពព័ត៌មានពីមន្ត្រីយោធាឥណ្ឌាបានប្រាប់ប្រភពព័ត៌មានផ្សាយថា ការផ្ទុះអាវុធទ្រង់ទ្រាយធំបានកើតឡើងរវាងកងទ័ពឥណ្ឌា និងប៉ាគីស្ថានស្ថិតនៅតាមតំបន់ស (LoC) ដែនដីកាស្មៀរ ។ ទាហានប៉ាគីស្ថានបានបាញ់ប្រហារមកលើទីតាំងប៉ុស្តិ៍ទាហានឥណ្ឌា ព្រមទាំងកន្លែងរស់នៅរបស់ជនស៊ីវិលនៅ Mendhar ផងដែរ ។ កម្លាំងទាហានឥណ្ឌាក៏បាញ់តបតវិញផងដែរ ។
ការប្រយុទ្ធទៅវិញ ទៅមក នៅតែបន្តកើតឡើង កាលពីព្រឹកថ្ងៃទី១២ ខែកក្កដា ស្ថិតនៅតំបន់ស ខណ្ឌចែករវាងប្រទេសទាំងពីរ ឥណ្ឌា និងប៉ាគីស្ថាន ។ ប៉ុន្តែមិនមានព័ត៌មានអំពីការស្លាប់ ឬរបួសរបស់ភាគីទាំងសងខាងនៅឡើយ ។
តាំងពីថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០១៩ មកទល់ពេលនេះ ការផ្ទុះអាវុធកាលពីព្រឹកថ្ងៃទី១២ខែកក្កដានោះ គឺជាការផ្ទុះអាវុធលើកទី៥ហើយរវាងកម្លាំងទាហានប៉ាគីស្ថាន និងឥណ្ឌា ។ កិច្ចពិភាក្សាលើកមួយបានធ្វើឡើងស្តីអំពីការរំលោភលើកិច្ចព្រមព្រៀងឈប់បាញ់ គឺក្រោយពីរយៈពេលមួយខែពេញ អំពើហិង្សាបានផ្ទុះឡើង ។ ជនស៊ីវិលម្នាក់រងរបួស នៅតំបន់ Nowshera ជ្រលងភ្នំកាស្មៀរ កាលពីថ្ងៃទី៨ ខែកក្កដា ដោយសារតែការបាញ់ប្រហារគ្នារបស់ទាហានប្រទេសទាំងពីរ ។
ឥណ្ឌាចោទប្រកាន់ប៉ាគីស្ថានរំលោភបទឈប់បាញ់ ដែលបានព្រមព្រៀងជាមួយគ្នា ។ ក្នុងឆ្នាំ២០១៩នេះ ការរំលោភកិច្ចឈប់បាញ់មានប្រហែល១,២៤៨លើក។
ឆ្នាំ២០១៣ ប្រទេសជិតខាងទាំងពីរនេះបានចុះកិច្ចព្រមព្រៀងឈប់បាញ់មួយ នៅឯតំបន់ស LoC នោះ ហើយក៏ជាកិច្ចព្រមព្រៀងដែលផ្តល់នូវទំនុកចិត្តខ្ពស់បំផុត ។
ឥណ្ឌា និងប៉ាគីស្ថានជាប្រវត្តិសាស្ត្រប្រឈមមុខតានតឹងដាក់គ្នា ដោយសារតែទាមទារចំណែកដីតំបន់កាស្មៀរ ក្រោយឯករាជ្យពីចក្រភពអង់គ្លេសឆ្នាំ១៩៤៧ ៕