ភ្នំពេញ៖ មួយរយៈចុងក្រោយនេះ មានសិល្បករប្រុស ស្រីល្បីឈ្មោះ ជាច្រើនបានលេចមុខក្នុងកម្មវិធីសង្គមមួយ លើការការពារបរិស្ថាន ពិសេសការរួមគ្នាដាំ និងថែទាំកូនឈើចំនួន១០ម៉ឺនដើម ក្រោមប្រធានបទ “ព្យាបាលដំបៅផែនដី” ។ ក្នុងនោះ តារាសម្តែង និងពិធីករ លោក ចន អេឡិចហ្សូរ៉ា ក៏បានបង្ហាញសកម្មភាព និងការងារសិល្បៈមួយចំនួន ប្រយោជន៍គាំទ្រដល់យុទ្ធនាការមួយនេះ ។
ចន អេឡិចហ្សូរ៉ា កំពុងធ្វើឱ្យអ្នកប្រើប្រាស់បណ្ដាញសង្គមហ្វេសប៊ុក កោតសរសើរពីអំពីសកម្មភាពជួយដល់សង្គមរបស់រូបគេយ៉ាងខ្លាំង បន្ទាប់ពីតារាសម្ដែងរូបនេះ បានតុបតែងខ្លួនជារូបខ្លាទៅចូលរួមក្នុងកម្មវិធីដាំ និង ថែទាំកូនឈើ ១០ ម៉ឺនដើម ក្រោមប្រធានបទ «ព្យាបាលដំបៅផែនដី» នៅលើទឹកដីនៃខេត្តសៀមរាប ។ ជាការចំណាយទាំងពេលវេលា ក្នុងការចូលរួមដោយស័គ្រចិត្តមិនគិតកម្រៃតារារុបនេះបានជំរុញការបំផុសនូវចលនាចូលរួមថែរក្សាការពារបរិស្ថានដោយលោក បានលើកឡើងថា «ប្រសិនបើផែនដីនេះត្រូវបំផ្លាញ គ្មានអ្នកណាជៀសផុតទេ ដូចនេះសូមចូលរួមគ្នាដើម្បីព្យាបាលដំបៅផែនដី ដោយការដាំដើមឈើ១០មុឺន ជាមួយពួកយើងទាំងអស់គ្នា» ។
លោកបន្តថា «ការកាប់បំផ្លាញព្រៃឈើក៏ដូចជាការសម្លាប់ និង បំផ្លាញសត្វព្រៃដែរ! សត្វព្រៃក៏មានជីវិតរបស់គេដែរ! តើព្រោះតែភាពស៊ីវីល័យរបស់អ្នក ហើយបំផ្លាញគេ ដោយបំបាត់ព្រៃឈើដែលជាជម្រករបស់ពួកគេ? រួមគ្នាការពារ និង ដាំដើមឈើដើម្បី «ព្យាបាលដំបៅផែនដី» ។
គួរបញ្ជាក់ដែរថា យុទ្ធនាការដាំដើមឈើដើម្បី «ព្យាបាលដំបៅផែនដី» ត្រូវបានរួម និងផ្តើមប្រារព្វឡើងដោយសិល្បករ ពិសេសអ្នកលេងបណ្តាញសង្គមហ្វេសប៊ុកល្បីឈ្មោះ លោក តាន់ គឹមសួ ក្រោមការចូលរួមគាំទ្រយ៉ាងច្រើនពីមន្ត្រីនៃបណ្តាក្រសួងពាក់ព័ន្ធមួយចំនួន និងទទួលបានការកោតសរសើរខ្លាំងពីមហាជន ៕ វឌ្ឍនា