ព័ត៌មានទាន់ហេតុការណ៍៖

ក្រោយបិទដែនអាកាស​៥ខែ ដោយសារតែភាពតានតឹងជាមួយឥណ្ឌា ពេលនេះប៉ាគីស្ថានបើកវិញហើយ

ចែករំលែក៖

រដ្ឋាភិបាលប៉ាគីស្ថាន ជូនដំណឹង​មួយដែលផ្សាយ​នៅលើគេហទំព័រអាជ្ញាធរអាកាសចរណ៍ស៊ីវិល​​បញ្ជាក់ថា «ចាប់ផ្តើមមានប្រសិទ្ធភាព​ពីពេលនេះ​ទៅ ផ្លូវអាកាសរបស់ប៉ាគីស្ថាន​ បើកជូន​អាកាសចរណ៍ស៊ីវិល​គ្រប់ប្រភេទ ដែលមាន​នៅក្នុង​បណ្តាញផ្លូវ ATS(សេវាចរាចរណ៍​តាមអាកាស)ទាំងអស់» ។

មន្ត្រីមួយរូប​​​ តាមរយៈទូស័ព្ទ​ ក៏បានបញ្ជាក់​ផងដែរ​ ប្រាប់បណ្តាញព័ត៌មានរ៉យទ័រ​ អំពីការបើកទ្វារ ដែនអាកាស និងចាប់ផ្តើមមានប្រសិទ្ធភាពនេះនូវផ្លូវអាកាសប៉ាគីស្ថាននោះ ។

គួររំលឹកថា កាលពីថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០១៩ ប៉ាគីស្ថាន​បានប្រកាសបិទ​ផ្លូវអាកាស​របស់ខ្លួន​ទាំងស្រុង ក្រោយ​មានការរំលោភបំពាន​ព្រំដែនអាកាស និងផ្លូវអាកាស​ពី​កងកម្លាំងយន្តហោះចម្បាំងប្រទេសឥណ្ឌា ។ នៅក្នុងខែមីនា ឆ្នាំ២០១៩ ប៉ាគីស្ថាន​បានប្រកាស​បើកផ្លូវអាកាសដោយផ្នែកខ្លះរបស់ខ្លួន ប៉ុន្តែហាមឃាត់ទាំងស្រុង​ជើងហោះហើររបស់ឥណ្ឌា ។ ឥណ្ឌា បានហាមឃាត់ផងដែរ​ដែនអាកាសរបស់ខ្លួន​មិនឲ្យជើងហោះហើរប៉ាគីស្ថានឆ្លងកាត់នោះឡើយ ។

នៅមុននោះបន្តិច លោក Shahrukh Nusrat រដ្ឋលេខាធិការអាកាសចរណ៍ស៊ីវិល បានថ្លែងថា រដ្ឋាភិបាលឥណ្ឌា​បានស្នើយើង​ឲ្យបើកផ្លូវអាកាស ។ យើងក៏បានបង្ហាញពីក្តីកង្វល់របស់យើង​ថា ឲ្យឥណ្ឌា​ដកថយ​យន្តហោះចម្បាំង​ទាំងអស់របស់ខ្លួននោះជាមុនសិន ។ យើងត្រៀម​បើកផ្លូវអាកាសរបស់យើង បើសិន​ឥណ្ឌា​មានចេតនា​ចង់បានស្ថានការណ៍ធូរស្រាល ។

ប៉ាគីស្ថាន​គឺស្ថិតនៅចំណុចកណ្តាល​ច្រកអាកាសចរណ៍ដ៏សំខាន់ ហើយការរិតបន្តឹងផ្លូវអាកាស​របស់ប្រទេសនេះ​បណ្តាលឲ្យប៉ះពាល់​ដល់ការហោះហើរពាណិជ្ជកម្ម​រាប់រយជើង​ជារៀងរាល់ថ្ងៃ ។ ការហោះហើរបានបន្ថែមម៉ោងដល់អ្នកដំណើរ ហើយនិងបន្ថែមតម្លៃប្រេងជាដើម​សម្រាប់ការហោះហើរនោះ ៕


ចែករំលែក៖