សារព័ត៌មាន BBC បានផ្សាយថា ក្រុមជំនាញជប៉ុនបានកំណត់អត្តសញ្ញាណជនដុតអគារសម្លាប់មនុស្ស៣៣នាក់និង ជាង ២៣០នាក់រងរបួស ។ ហេតុការណ៍ខាងលើកើតឡើងនៅក្នុងអគារ ស្ទូតឌីយ៉ូ របស់ក្រុមហ៊ុនផលិតគំនូរជីវចលក្នុងទីក្រុងក្យូតូ (Kyoto) ភាគខាងលិច ប្រទេសជប៉ុន។
ជនសង្ស័យដុតខាងលើមានឈ្មោះថា ហ្ស៊ីនជី អាវបា (Shinji Aoba)អាយុ ៤១ឆ្នាំ កំពុងស្ថិតក្រោមការព្យាបាលនៅមន្ទីរពេទ្យ ហើយរូបគេនឹងត្រូវបានសួរចម្លើយក្រោយការព្យាបាលនេះ។ មកទល់នឹងពេលនេះ ប៉ូលិសជប៉ុនមិនទាន់ធ្វើការចោទប្រកាន់ណាមួយ ឬចេញដីកាចាប់ខ្លួនបុរសរូបនេះជាផ្លូវការ នៅឡើយទេ ហើយសូម្បីតែទំនាក់ទំនងរវាងជនសង្ស័យ និងក្រុមហ៊ុន Kyoto Animation ក៏មិនទាន់មានការបញ្ជាក់ដែរ។
ប៉ុន្តែប្រធានក្រុមហ៊ុនផលិតគំនូរជីវចលនេះ គឺលោក ហត្ថា ហៃដេអាគិ (Hatta Hideaki) ធ្លាប់បានបង្ហើបឲ្យដឹងថា កន្លងមកក្រុមហ៊ុនធ្លាប់ទទួលបាន «សារគំរាមដល់ជីវិត»។ ដោយឡែក បើតាមសាក្សីនៅរស់រានមានជីវិត ជនសង្ស័យ Shinji Aoba បានស្រែកពាក្យថា «ស្លាប់ទៅ» មុននឹងរូបគេគប់វត្ថុម្យ៉ាងចូលមកក្នុងអគាររបស់ក្រុមហ៊ុនខាងលើ។
គួរជម្រាបថា បច្ចុប្បន្នតួលេខនៃមនុស្សស្លាប់ ដោយសារគ្រោះអគ្គីភ័យខាងលើបានកើនដល់ ៣៣នាក់ និង ៣៦នាក់កំពុងសម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យ ហើយហេតុការណ៍នេះបានផ្ទុះឡើងចំពេលមនុស្ស ៧០នាក់ កំពុងស្ថិតនៅក្នុងអគារក្រុមហ៊ុន Kyoto Animation។ ចំណែកឯប្រជាជនជប៉ុនក៏បានរៃអង្គាសប្រាក់បាន ១.៣លានដុល្លារផងដែរ ដើម្បីជួយដល់ជនរងគ្រោះ និងគ្រួសាររបស់ពួកគេ។
នៅពេលនេះដែរមនុស្សម្នាជាច្រើននៅជុំវិញពិភពលោក រួមមានទាំងមេដឹកនាំប្រទេស ក៏ដូចជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Apple នាថ្ងៃសុក្រនេះ តាមរយៈបណ្តាញសង្គម បានបង្ហោះសារចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជាមួយប្រជាជាតិជប៉ុន ជាពិសេសចំពោះក្រុមគ្រួសារជនរងគ្រោះទាំង ៣៣នាក់ ដែលបានបាត់បង់ជីវិត ក្នុងករណីឆេះអគារក្រុមហ៊ុនផលិតគំនូរជីវចល Kyoto Animation ដែលត្រូវបានគេលួចដុត កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ។
គួរជម្រាបថា គំនូរជីវចលបែប Anime បានក្លាយជាអត្តសញ្ញាណយ៉ាងសំខាន់មួយ នៅក្នុងវប្បធម៌ជប៉ុនសម័យទំនើប ដែលគំនូរជីវចលប្រភេទនេះ ទទួលបានការគាំទ្រយ៉ាងធំសម្បើម មិនថាទាំងនៅក្នុងប្រទេសជប៉ុនផ្ទាល់ប៉ុណ្ណោះទេ ប៉ុន្តែមានភាពល្បីសុះសាយនៅជុំវិញពិភពលោកតែម្តង៕