ព័ត៌មានទាន់ហេតុការណ៍៖

នាយករដ្ឋមន្ត្រីថ្មីអង់គ្លេស ប្រឈមទាំងបញ្ហាថ្មី និងបញ្ហាចាស់ ដែលត្រូវដោះស្រាយ

ចែករំលែក៖

លោក​ Boris Johnson ​ក្លាយជានាយករដ្ឋមន្ត្រីថ្មីដឹកនាំអង់គ្លេស ​ជំនួសលោកស្រី​ Theresa May ​ដែលបានលាលែងចេញពីតំណែង ។ លោក ត្រូវដោះស្រាយបញ្ហាជាច្រើន ដែលបានសន្សល់ទុកពីរដ្ឋាភិបាលចាស់ ។ ជាមួយគ្នានេះ លោកត្រូវដោះស្រាយ ការប្រឈមមុខតានតឹងដាក់គ្នា រវាងអង់គ្លេស និងអ៊ីរ៉ង់ ។​

លោក​ Boris Johnson ​ទទួលបានជ័យជំនៈនៅក្នុងការប្រជែងតំណែងនាយករដ្ឋមន្ត្រីអង់គ្លេស ជំនួសលោកស្រី​ Theresa May នៅថ្ងៃ ទី​២៣ ខែកក្កដា ។ លោក​Johnson ​នឹងត្រូវប្រឈមបញ្ហាជាច្រើននៅចំពោះមុខ គឺបញ្ហា ចាកចេញពីអឺរ៉ុប​ Brexit ឬ​ ការប្រឈមុខតានតឹងដាក់គ្នាជាមួយអ៊ីរ៉ង់នៅតំបន់សមុទ្រពែក្ស ។

អតីតរដ្ឋមន្ត្រីការបរទេសអង់គ្លេស ឡោក​ Boris Johnson បានយកឈ្នះ គូប្រជែងរបស់ខ្លួន គឺរដ្ឋមន្ត្រីការបរទេសបច្ចុប្បន្ន លោក​ Jeremy Hunt ​​ក្នុងការបោះឆ្នោតជ្រើសរើស មេបក្សថ្មី ។ លោក Johnson ​ទទួលបាន ការគាំទ្រ ដល់ទៅ​៩២.១៥៣សំឡេង​ គឺច្រើនជាងទ្វេដង​ទៅនឹងសំឡេងគាំទ្រ លោក​ Jeremy Hunt ។

តាមគម្រោង លោក​ Boris Johnson ឡើងកាន់តំណែង​នាយករដ្ឋមន្ត្រីដឹកនាំអង់គ្លេស​ចាប់ពីថ្ងៃទី​២៤ខែកក្កដា ក្រោយលោកស្រី​ Theresa May ​បានចាកចេញពីតំណែង ។ នៅថ្ងៃនេះដែរ លោកស្រី​​May ​នឹងទៅកាន់រាជវាំង Buckingham ដើម្បី​​លាលែងពីតំណែងនៅចំពោះមុខ ព្រះមហាក្សត្រី Elizabeth II។

ប្រធានាធិបតី​ដូណាល់ ត្រាំ គឺជាមេដឹកនាំ​ ដំបូងគេបង្អស់ដែលបានទូរស័ព្ទជូនពរលោក Boris Johnson ដោយ លោកត្រាំ បញ្ចាក់ថា «លោកពិតជាអស្ចារ្យ»។ ចំណែករដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ ក៏បានជូនពរ ដល់ នាយករដ្ឋមន្ត្រីថ្មីអង់គ្លេសផងដែរ បើទោះបី អ៊ីរ៉ង់និងអង់គ្លេសកំពុងប្រឈមមុខតានតឹងដាក់គ្នា ជុំវិញការចាប់នាវាដឹកទំនិញ ។ជាមួយគ្នានោះ លោកស្រី​May ​ក៏បានជូនពរដល់នាយករដ្ឋមន្ត្រីថ្មី ​ហើយសន្យាគាំទ្រ ទាំងស្រុងដល់ លោក​ Boris Johnson ។

លោក​ Johnson ឡើងកាន់តំណែងនាយករដ្ឋមន្ត្រីអង់គ្លេស​ក្នុងពេលដែល​ ប្រទេសនេះប្រឈមវិបត្តិនយោបាយយ៉ាងខ្លាំង ពិសេសគឺ ការចាកចេញពីអ៊ឺរ៉ុប។

ពាក់ព័ន្ធនឹងការចាកចេញពីអឺរ៉ុប Brexit ​នាយករដ្ឋមន្ត្រី Johnson សល់ពេល​មិន​ច្រើន​ទេ។ តាម​គ្រោង លោក​ Boris Johnson ប្រកាស​ខ្លួន​ឯងដែរថា អង់គ្លេស​ត្រូវ​ចេញ​ឱ្យ​ដាច់​ពី​សហភាព​អឺរ៉ុប នៅ​ដាច់ខែ​តុលា​ខាង​មុខ​នេះ។ បើ​ចេញ​មិនបាន​ទេ គឺជា​បរាជ័យ​មួយ​ហើយ។ ក៏ប៉ុន្តែ បើ​យើង​ពិនិត្យ​មើលពី​​ពេលវេលា​វិញ គឺវា​តិចតួចណាស់ គឺតែ​មាន​ពេល​ពីរបីខែប៉ុណ្ណោះ​។ ក្នុង​ដំណាក់​កាល​នេះ ទាំង​សមាជិក​សភាអង់គ្លេស​ខ្លួន​ឯង និង​ទាំង​សមាជិក​សភា​របស់​សហភាព​អឺរ៉ុប ក៏ត្រូវឈប់​សម្រាកវិស្សមកាល​រដូវក្តៅ​ថែមទៀត។ ដូច្នេះ គេ​រំពឹងគិត​​ថា លោក​មានពេល​តែប៉ុន្មាន​សប្តាហ៍​តែប៉ុណ្ណោះ​សម្រាប់​ជួបមុខ​​ចរចាជាមួយ​​គ្នា។ ពេល​វេលា​តែប៉ុន្មាន​ខែ​នេះ គឺ​​ខ្លី​បែបនេះ ​គេប្រមើលទៅ​ គឺថាការ​​ចរចា​ ទំនង​ជាគ្មាន​​បាន​ផលអ្វី​ធំដុំ​ទេ។ គេយល់ដូច្នេះ​ ពីព្រោះថា លោកស្រីនាយករដ្ឋមន្ត្រី Theresa May ខំប្រឹង​ណាស់ និង​ប្រើពេល​អស់ ប្រហែល​​មួយ​ឆ្នាំកន្លះឯណោះ​ តែ​ទីបំផុត​នៅតែ​សភា​អង់គ្លេស បដិសេធ​ច្រាន​ចោល​ដល់ទៅ​៣ដង​។

លោក Boris Johnson គឺជា​អ្ន​កនយោបាយ​ ដែល​រៀន​ចេញពីOxford ​សាលា​ល្បី​របស់អង់គ្លេស។ លោក​កើត​ នៅ​ញូវយក សហរដ្ឋ​អាមេរិក ក្នុង​ត្រកូល​អភិជន ជិតស្និទ​នឹង​សែ​រាជវង្ស​អង់គ្លេស និង​សែ​ស្តេច​នៅ​អឺរ៉ុប​ ។ កាល​ពី​យុវវ័យ ក្រោយ​រៀន​ចប់ផ្នែក​អក្សរសាស្ត្រ​និង​ទស្សនវិជ្ជាភ្លាម លោក​​បាន​ប្រលូក​ការងារ​​ជាអ្នក​កាសែត គឺធ្វើ​ការ​ឱ្យ​ The Times ក៏ប៉ុន្តែ​ត្រូវ​កាសែត​នេះបណ្តេញ​ចោល ពីព្រោះថា លោក​ធ្វើការ​ខុស​វិជ្ជា​ជីវៈ​អ្នកសារព័ត៌មាន​ ដោយ​ប្រឌិតសាច់​រឿង​និង​សម្រង់​សម្តី​អ្ន​ក​ផ្តល់​បទសម្ភាសន៍​ ខុស។ ក្រោយ​មក លោក​រត់ទៅ​ធ្វើការ​ នៅ​កាសែត Daily Telegraph និង The Spectator រហូត​ក្លាយ​ជា​នាយកនិពន្ធ​ទទួល​បន្ទុក​សរសេរអត្ថបទ​វិភា​គនយោបាយ។ រួ​ចហើយ​ លោកក៏​ប្រលូក​ខ្លួន​ក្នុង​ឆាក​ជិវិត​នយោ​បាយ​​របស់​អង់គ្លេស​​តែម្តង។ លោកបាន​​ជាប់​ឆ្នោត​ជាអ្នក​តំណាង​រាស្ត្រ​ និង​តមកទៀត ជា​ចៅ​ហ្វាយ​​ក្រុងឡុង មុន​នឹង​ក្លាយ​ជា​ ​រដ្ឋមន្ត្រីក្រសួង​ការ​បរទេស តែ​លោក​បាន​សុំ​លាលែង​កាលពីឆ្នាំ​មុន​។

នៅក្នុង​អាជីព​នយោបាយ​និង​រឿង​ជីវិត​ផ្ទាល់ខ្លួន​ គឺ​លោកនេះ ពោរពេញ​ដោយ​រឿង​អាស្រូវ​។ លោក​ Boris Johnson មាន​ប្រពន្ធ​និង​កូន​បួន​នាក់ទៅហើយ តែ​លោក​បាន​ប្រព្រឹត្ត​ចំណង​ស្នេហាជាមួយ​អ្នក​កាសែត​ស្រី​ម្នាក់​ ដល់​មាន​ផ្ទៃពោះ និង​ត្រូវ​យក​កូន​ចេញ​។ គេ​កត់​សម្គាល់ឃើញ​​ថា​ លោក​ជាមន្ត្រីដែលចាយ​វាយ​កញ្ចប់​ថវិកាខ្ជះខ្ជាយ​​ច្រើន ហើយនិង​ធ្លាប់ជា​​អ្នក​នយោបាយ​កុហក​បោកប្រាស់។ ជាក់ស្តែង​ ​នៅឆ្នាំ​២០១៦ ក្នុង​យុទ្ធធានាការ​​ប្រជាមតិ​ លោក​កុហក​បំភ្លៃ​ថា អង់គ្លេស​បាន​ចំណាយ​លុយ​ ជាង​៣៥០លាន​ផោន​ រៀង​រាល់​សប្តាហ៍ ទៅឱ្យ​សហភាព​អឺរ៉ុប។ ក៏ប៉ុន្តែ បើ​តាម​វិក្កយបត្រ​ ដែលបង្ហាញ​ដោយសហភាព​អឺរ៉ុប​ គឺ ​អង់គ្លេស​ ចំណាយ​តិច​ជាងនេះ​ដល់ទៅ​ជាង​២ដងកន្លះ​ គឺត្រឹមតែ​១៣៥លាន​ថោនតែប៉ុណ្ណោះ រៀង​រាល់​ខែ​ ក្នុង​ចន្លោះ​ឆ្នាំ​២០១០ និង២០១៤​។

ជាទូទៅ អ្នក​វិភាគ​ យល់ឃើញថា លោក Boris Johnson ជាបុរស​ឈ្លាសវៃ, ម៉ត់ចត់ ចេះបត់បែន និង​ជាមនុសុ្ស​​ប្រាកដ​និយម។ ក៏ប៉ុន្តេ គាត់នេះ ជាមនុស្ស​ដែល​​ប្រើគ្រប់​មធ្យោបាយ ដើម្បី​សម្រេច​បំណងដែល​ជា​មហិច្ចតា​របស់ខ្លួន​​៕


ចែករំលែក៖