ខេត្តស្វាយរៀង៖ ក្រុមអាជីវករលក់សាច់ជ្រូកនៅផ្សារកំពង់ត្រាច ស្រុករមាសហែក ខេត្តស្វាយរៀង បានលើកឡើងថា ប្រជាពលរដ្ឋមានការភ័យខ្លាច មិនហ៊ានបរិភោគសាច់ជ្រូកទេ កាប់ជ្រូកតែពីក្បាលសោះ លក់មិនដាច់ រយៈពេលពីរថ្ងៃ ខ្លួនឯង ក៏មិនហ៊ានហូប សុខចិត្តយកសាច់ជ្រូកបោះចោលទឹកទន្លេ និងកប់ចោល ។
អាជីវករបន្តថា មូលហេតុមិនហ៊ានហូបសាច់ជ្រូក ដោយខ្លាចឆ្លងជំងឺប៉េស្តជ្រូកអាហ្វ្រិក ប៉ះពាល់ដល់សុខភាពគ្រួសារ និងខ្លាចចម្លងមេរោគ ដល់ជ្រូករបស់ ពួកគាត់កំពុងចិញ្ចឹម ជាលក្ខណៈគ្រួសារ ត្រូវខាតបង់លុយកាក់ ប៉ះពាល់ដល់ជីវភាពគ្រួសារ ។ បើទោះបីជា ក្រសួងកសិកម្មរុក្ខាប្រម៉ាញ់ និងនេសាទ ប្រកាសថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក ឆ្លងតែទៅលើសត្វជ្រូកគ្នាវា មិនឆ្លងដល់មនុស្សក៏ដោយ ។
ប្រជាពលរដ្ឋក៏ដូចជា មន្ត្រីរាជការភាគច្រើនគឺឈប់បរិភោគសាច់ជ្រូក ដោយនាំគ្នាបរិភោគសាច់មាន់សាច់គោ និងត្រី វិញ ធ្វើឲ្យអ្នកប្រកបមុខរបរលក់សាច់ជ្រូកខាតបង់ដើមទុនលក់សាច់ជ្រូកមិនដាច់ ។ ជាពិសេសនៅផ្សារកំពង់ត្រាច ភូមិកំពង់ត្រាចឃុំកំពង់ត្រាច ស្រុករមាសហែក មាន ប្រជាពលរដ្ឋម ន្ត្រីរាជការរាប់ពាន់គ្រួសារ ឈប់ទិញសាច់ជ្រូកទៅបរិភោគទៀតហើយ ។ ខណៈតូបលក់សាច់ជ្រូកជាង១០កន្លែងត្រូវបិទទ្វារ ខណៈតូបមួយ លក់តែពីក្បាល ហើយកាតលក់ពីរថ្ងៃមិនដាច់ គឺយកទៅបោះចោលទឹកទន្លេកំពង់ត្រាច ដោយមូលហេតុធំបំផុត មកពីច្រករបៀង ជិត១០កន្លែង ក្នុងស្រុករមាសហែក ខេត្តស្វាយរៀង អនុញ្ញាតឲ្យជ្រូកវៀតណាម ចូលមកសេរី ទាំងយប់ ទាំងថ្ងៃ ខណៈសមត្ថកិច្ចក៏បានចុះបង្ក្រាបដែរ ប៉ុន្តែក្រុមឈ្មួញនៅតែមានដឹកលួចលាក់មិនខ្លាចសមត្ថកិច្ចសោះឡើយ ។
គួររំលឹកថា ជំងឺប៉េស្តជ្រូកអាហ្វ្រិក ដែលបង្កឲ្យសត្វជ្រូកងាប់ ងាយចម្លងទៅសត្វជ្រូកផ្សេងខ្លាំងណាស់ និងបណ្តាលអោយសត្វជ្រូកទាំងងាប់ពុំមានថ្នាំព្យាបាលទេប៉ុន្តែតាមការប្រកាសរបស់ក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទប្រកាសថាចំពោះជង្ងឺប៉េស្តជ្រូកអាហ្វ្រិកមិនឆ្លងមកមនុស្សនោះទេគឺឆ្លងតែសត្វជ្រូក ៕ យឹម សុថាន