ព័ត៌មានទាន់ហេតុការណ៍៖

តំបន់អឺរ៉ុប គ្របដណ្តប់ដោយកម្តៅក្តៅខ្លាំង ជិត​៤៣អង្សាសេ​ ប៉ះពាល់ដល់ជីវភាពរស់នៅ

ចែករំលែក៖

សីតុណ្ហភាព​ក្តៅខ្លាំង​បានកើនឡើង​នៅប្រទេស បារាំង ប៊ែលហ្ស៊ិក, ហុល្លង់ ព្រមទាំងប្រទេសអាល្លឺម៉ង់​ផងដែរ ។ នៅទីក្រុងប៉ារីស ស្ថានភាព​អាកាសធាតុ​នៅពេលនេះ គឺក្តៅខ្លាំងជាង​កាលពីខែកក្កដា ឆ្នាំ១៩៤៧នោះទៅទៀត ។ កាលណោះ ​សីតុណ្ហភាព​ឡើងក្តៅបំផុត​ត្រឹម៤០.៤អង្សាសេតែប៉ុណ្ណោះ ។

ប្រទេស​ក្នុងតំបន់​អឺរ៉ុប​ជាច្រើន​ ប្រកាស​មិន​ប្រើប្រាស់​ល្បឿនលឿន ​រថភ្លើង​ដឹកអ្នកដំណើរនោះឡើយ ដើម្បីចៀសវាង​ខូចខាត​បណ្តាញផ្លូវដែក ។ កាលពីថ្ងៃទី២៤ ខែកក្កដា ក្រុមហ៊ុនរថភ្លើងបារាំង​បានជំរុញ​ឲ្យអ្នកដំណើរ​ពន្យារពេលធ្វើដំណើរ ខណៈ​នៅអាល្លឺម៉ង់ និងហ៊ុល្លង់ បានស្នើឲ្យអ្នកដំណើរតាមរថភ្លើង​ផ្លាស់ប្តូរ​សំបុត្រ​ធ្វើដំណើរ​រៀងខ្លួន ដោយ​ឥតគិតថ្លៃ ។

បញ្ហាអាកាសធាតុក្តៅ​​ គឺពិតជាគំរាមកំហែង​ដល់ពលរដ្ឋ​​រស់នៅប្រទេសបារាំងខ្លាំងណាស់ ជាក់ស្តែង​នៅថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០១៩ សីតុណ្ហភាព​បានឡើងកម្តៅរហូតដល់ ​៤២.៦ អង្សាសេ​ទៅហើយ ។

មិនថាតែ​នៅទីក្រុងប៉ារីស​នោះឡើយ នៅទូទាំងភាគខាងជើង​តំបន់​អឺរ៉ុប អាកាសធាតុ​ឡើងកម្តៅ ក៏ដូចគ្នាផងដែរ ហើយបង្កឲ្យមានការព្រួយបារម្ភ​​ជាខ្លាំង អាចគំរាមកំហែងដល់សុខភាព​សាធារណៈ អ្នកដំណើរ​តាមផ្លូវដែក​ជាដើម ។

ក្នុងអំឡុងពេល​អាកាសធាតុក្តៅខ្លាំង​ នៅរដ្ឋធានី​ប្រទេសបារាំងនោះ, អាជ្ញាធរ​បានព្រមាន​​ឲ្យមានការពិនិត្យមើលជាប្រចាំ ​អ្នកទាំងឡាយដែលរស់នៅ​តែម្នាក់ឯង ។ បញ្ហានេះ​ ក៏បានធ្វើឲ្យប៉ះពាល់​ដល់ការដឹកជញ្ជូន​សាធារណៈ​ទៅលើមនុស្សរាប់លាននាក់​ផងដែរ ។

អ្នកដំណើរម្នាក់នៅទីក្រុងប៉ារីសឈ្មោះ Petra Ulm អាយុ​៣៤ឆ្នាំ​ បានបញ្ជាក់ថា វាក្តៅខ្លាំងណាស់​នៅក្នុង​ស្ថានីយរថភ្លើងក្រោមដី មិនអាច​អត់ទ្រាំ​បាននោះឡើយ ។ គ្មាន​ម៉ាស៊ីនត្រជាក់ ហើយមនុស្ស​ណែនណាន់តាន់តាប់ជាន់លើគ្នា ។

ប៉ុន្តែទោះបីយ៉ាងណា រលកកម្តៅនេះ​ ត្រូវបានរំពឹងថា មានសភាពថមថយវិញ​ នៅថ្ងៃសុក្រ ដោយអាស្រ័យថា នឹងមានភ្លៀងធ្លាក់ និងផ្គររន្ទះ​ឆ្លងកាត់​​នៅតំបន់នេះ ។ គេក៏បានព្រមាន​ឲ្យប្រជាជន​ប្រយ័ត្នប្រយែងចំពោះសុខភាព ដោយសារតែ​បណ្តាលមកពីការផ្លាស់ប្តូរអាកាសធាតុនេះដែរ ។

គួរបញ្ជាក់ថា ប្រទេសបារាំង​នៅតែដិតដាមដោយស្រមោល​​អតីតកាល ញាំញីដោយ​រលកកម្តៅ ​កាលពីរដូវក្តៅឆ្នាំ២០០៣ ដែលកាលណោះ​បណ្តាលឲ្យបាត់បង់អាយុ​ជីវិត១៥,០០០ មនុស្ស-សត្វ ៕


ចែករំលែក៖