ព័ត៌មានទាន់ហេតុការណ៍៖

លោករដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម អញ្ជើញចុះទៅពិនិត្យជាក់ស្តែងស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្រ្តអាងស្ទឹងជីនិត និងប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង

ចែករំលែក៖

ខេត្តកំពង់ធំ៖ ក្នុងបេសកកម្មចុះពិនិត្យស្ថានភាពទឹកក្នុងរដូវវស្សានេះ លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម ព្រមទាំងមន្រ្តីជំនាញ នាព្រឹកថ្ងៃសុក្រ ១០រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ បានចុះទៅពិនិត្យជាក់ស្តែងស្ថានភាពទឹក នៅប្រព័ន្ធធារាសាស្រ្តអាងស្ទឹងជីនិត និងប្រព័ន្ធធារាសាស្រ្តតាំងក្រសាំង ស្ថិតនៅក្នុងស្រុកសន្ទុក ខេត្តកំពង់ធំ ។

មន្ត្រីបានអោយដឹងថា៖ ក្នុងពេលចុះពិនិត្យជាក់ស្តែង ឃើញថា ស្ថានភាពទឹកនៅតាមប្រព័ន្ធធារាសាស្រ្តខាងលើ មានលក្ខណៈប្រសើរ មកដល់ពេលនះ សម្រាប់ការប្រើប្រាស់ និងការងារបង្កបង្កើនផល របស់ប្រជាកសិករ ដែលពឹងអាស្រ័យលើប្រភពទឹកក្នុងទីតាំងទាំងពីរនេះ។

ពេលអមដំណើរលោករដ្ឋមន្រ្តីចុះពិនិត្យនៅទីតាំងខាងលើ លោកប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តកំពង់ធំ បានជម្រាបជូនលោករដ្ឋមន្រ្តីថា ប្រជាពលរដ្ឋរស់នៅក្នុងនិងក្បែរតំបន់ខាងលើ មានការសប្បាយចិត្តចំពោះស្ថានភាពទឹកបែបនេះសម្រាប់តម្រូវការក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។

លោករដ្ឋមន្រ្តី បានណែនាំដល់មន្ទីរ ត្រូវបន្តតាមដាន និងក្តាប់ស្ថានភាពទឹកក្នុងខេត្តឲ្យបានច្បាស់លាស់ ដើម្បីមានវិធានការជាក់ស្តែងសមស្របលើបញ្ហាប្រឈមផ្នែកទឹក ឲ្យបានទាន់ពេលវេលា និងមានប្រសិទ្ធភាព បំផុត៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖