នៅពេលនេះ ក្រុមហ៊ុនអាកាសចរណ៍អង់គ្លេស British Airways ប្តឹងទៅកាន់តុលាការ ទីក្រុងឡុងដុង ស្នើឲ្យក្រុមអាកាសយានិក ឈប់ធ្វើកូដកម្ម ដែលអាចធ្វើឲ្យក្រុមហ៊ុនខាតបង់ទឹកប្រាក់ប្រមាណ ៥០លានដុល្លារក្នុងមួយថ្ងៃ ។
កាលពីដើមសប្តាហ៍កន្លងមក សមាគមអាកាសយានិក អង់គ្លេសបានគាំទ្រ ដល់ក្រុមអាកាសយានិករបស់ក្រុមហ៊ុន British Airways ធ្វើកូកម្មជាទ្រង់ទ្រាយធំមិនធ្លាប់មានក្នុងរយៈពេល៤០ឆ្នាំ កន្លងមក ។ តាមគម្រោងក្រុមអាកាសយានិក នឹងធ្វើកូដកម្មនៅថ្ងៃទី៧ខែសីហា ដោយមានអាកាសយានិកដល់ទៅ៩៣ភាគរយគាំទ្រធ្វើកូដកម្ម ។ ក្រុមអាកាសយានិកបង្ហាញការខឹងសម្បាយ៉ាងខ្លាំងជុំវិញវិវាទប្រាក់បៀវត្សរ៍ និងផលប្រយោជន៍នានារបស់អាកាសយានិក ។
បើទោះបីមិនទាន់អាចដឹងច្បាស់ថានឹងត្រូវខាតបង់ប៉ុណ្ណា ប៉ុន្តែក្រុមហ៊ុន British Airways បានសន្និដ្ឋានថា អាចនឹងខាតបង់យ៉ាងតិច ពី៣០-៤០លានផោនក្នុងមួយថ្ងៃ (ប្រមាណ៥០លានដុល្លារអាមេរិក) ។
លោក John Cavanagh មេធាវីរបស់ ក្រុមហ៊ុនអាកាសចរណ៍ British Airways បានបញ្ជាក់ថា សកម្មភាពរបស់ក្រុមអាកាសយានិកនឹងធ្វើឲ្យជើងហោះហើរជាច្រើន ត្រូវ ផ្អាកប៉ះពាល់យ៉ាងខ្លាំង ដល់ក្រុមហ៊ុន និងអ្នកធ្វើដំណើរ ។ ការធ្វើកូដកម្មចំពេលដែលក្រុមហ៊ុន មមាញឹកយ៉ាងខ្លាំង ក្នុងពេលដែលមានអ្នកធ្វើដំណើរច្រើន ។ ទាំងនោះហើយបានជាក្រុមហ៊ុន សម្រេចប្តឹងក្រុមអាកាសយានិកឡើងទៅកាន់តុលាការ ទាមទាឲ្យបញ្ឈប់រាល់សកម្មភាពធ្វើកូដកម្ម៕