ភ្នំពេញ៖ ដូចពាក្យគេនិយាយតៗគ្នាថា មុខមាត់ស្អាតបាត ប៉ុន្តែមិនប្រាកដថា ជាមនុស្សល្អនោះទេ ដូច្នេះបងប្អូនកុំសូវទុកចិត្តពេក ព្រោះវាអាចនឹងខាតបង់ទ្រព្យសម្បត្តិរបស់យើង ។
ជាក់ស្តែងកាលពីវេលាម៉ោង៨យប់ ថ្ងៃសុក្រ ១០រោច ខែអាសាឍ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលវត្តភ្នំ សហការជាមួយកម្លាំងផ្នែកយុត្តិធម៍ នៃអធិការដ្ឋាននគរបាលខណ្ឌដូនពេញ បានឃាត់ខ្លួនស្រីស្អាតម្នាក់ (ក្នុងចំណោមបក្ខពួក៥នាក់) ពីបទ ប៉ុនប៉ងលួច នៅចំណុចក្នុងផ្សាររត្រី ផ្លូវលេខ១០៨ ភូមិ៦ សង្កាត់វត្តភ្នំខណ្ឌដូនពេញ រាជធានីភ្នំពេញ ។
ចោរស្រីរូបស្រស់មាន ឈ្មោះ ធូ ស្រីទូច អាយុ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរបុគ្គលិកខារ៉ាអូខេ មានទីលំនៅផ្ទះមិនចាំលេខ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
វត្តុតាងចាប់យកមាន៖ ទូរសព្ទ័ដៃមួយគ្រឿងម៉ាក ណូគៀ ចុចពិល សុីមលេខ069452168 និងកាបូបស្ពាយពណ៏សូកូឡាចំនួន១ (ជារបស់ជនសង្ស័យ) ។ ចំណែកជនរងគ្រោះភ្លាមនោះមិនបានដាក់ពាក្យបណ្ដឹងទេ ក៏ដើរទៅបាត់ ។
តាមប្រភពីមន្រ្តីនគរបាលព្រហ្មទណ្ឌខណ្ឌដូនពេញ បានឲ្យដឹងថា មុខពេលកើតហេតុ ជនសង្ស័យឈ្មោះ ធូ ស្រីទូច នឹង បក្ខពួកម្នាក់ទៀតឈ្មោះ ឥត ភេទស្រី អាយុប្រហែល១២ឆ្នាំ បានចេញពីម្តុំរោងចក្រឆ្នាំងមកផ្សាររាត្រី ក្នុងគោលបំណងលួចទ្រព្យសម្បត្តិប្រជាពលរដ្ឋ ពេលដែលជនសង្ស័យទាំង២នាក់មកដល់ ក៏បានជួបជាមួយបក្ខពួកចំនួន៣នាក់ទៀតឈ្មោះ អាសិទ្ធ (ខ្ទេីយ)ភេទប្រុស អាយុប្រហែល១២ឆ្នាំ និងឈ្មោះអាខ្ទេីយមុខអាក្រក់ ភេទស្រីអាយុប្រហែល១២ឆ្នាំ និងឈ្មោះ អូន ភេទស្រី (ខ្ទេីយ)អាយុប្រហែល១៨ឆ្នាំ ហេីយក៏បាននាំគ្នាដេីរធ្វេីសកម្មភាពលួចទ្រព្យសម្បត្តិជាមួយគ្នា ។ ពេលនោះដែលបក្ខពួកជនសង្ស័យម្នាក់ ឈ្មោះឥត កំពុងតែធ្វេីសកម្មភាពលួចលុយនៅក្នុងកាបូបគេកំពុងឈរទិញឥវ៉ាន់ ក៏ត្រូវបានសមត្ថកិច្ចផ្នែកយុត្តិធម៍ និងកម្លាំងប៉ុស្តិ៍នគរបាលវត្តភ្នំ បានមកទាន់ធ្វេីការបង្ក្រាប នឹងឃាត់ខ្លួនជនសង្ស័យបានម្នាក់ឈ្មោះ ធូ ស្រីទូច យកមកកាន់ទីស្នាក់ការប៉ុស្តិវត្តភ្នំដេីម្បីធ្វេីការសាកសួរ ។ ចំណែកបក្ខពួកជនសង្ស័យចំនួន៤នាក់ទៀតរត់គេចខ្លួនបាត់អស់ ។
ក្រោយឃាត់ខ្លួនសមត្ថកិច្ចបានធ្វើតេសទឹកនោមឃើញថា ជនសង្ស័យពុំមានសារធាតុញៀននោះទេ ។ នៅចំពោះមុខកម្លាំងប៉ុស្តិ៍និងខណ្ឌកំពុងប្រើវិធានការជំនាញសួរចម្លើយរកបក្ខពួកនិងសកម្មភាពដែលបានប្រព្រឹត្តកន្លងមកហើយ កសាងសំណុំរឿងតាមនិតិវិធី ៕ស រស្មី