ជាលើកទីមួយដែលតុលាការកំពូលអាមេរិកកាត់ក្តីឲ្យប្រធានាធិបតី ដូណាល់ ត្រាំ ឈ្នះ នៅក្នុងការសាងសង់ជញ្ជាំងព្រំដែនជាប់ម៉ិចស៊ីកូ ទប់ស្កាត់ជនអន្តោប្រវេសន៍ខុសច្បាប់។ កន្លងមក តុលាការនៅក្នុងរដ្ឋជាច្រើនបានកាត់ក្តីឲ្យលោកត្រាំ ចាញ់ ទើបតែតុលាការកំពូល កាត់ឲ្យឈ្នះ។
ជាមួយគ្នានេះ តុលាកាកំពូលអនុម័តឲ្យចំណាយប្រាក់២,៥ពាន់លានដុល្លារសង់ជញ្ជាំងព្រំដែន ។ ក្រោយការអនុម័ត ប្រធានាធិបតីអាមេរិកដូណាល់ ត្រាំ បង្ហាញពីការពេញចិត្តយ៉ាងខ្លាំង ដោយគោលនយោបាយរបស់លោក បានសម្រេចដូចបំណង បន្ទាប់ពីតុលាការកំពូល អាមេរិកបានអនុម័តឲ្យចំណាយថវិកា ២,៥ពាន់លានដុល្លារ សាងសង់ជញ្ជាំងព្រំដែន ជាប់ប្រទេសម៉ិចស៊ីកូ។
កាលពីថ្ងៃទី២៦ ខែកក្កដា តុលាការកំពូលអាមេរិក បានប្រកាសថា រដ្ឋាភិបាលរបស់ប្រធានាធិបតីដូណាល់ ត្រាំ អាចនឹងប្រើប្រាស់ ប្រាក់ចំនួន២,៥ពាន់លានដុល្លារ ដែលសភាអនុម័តឲ្យទៅក្រសួងការពារជាតិ ដើម្បីសាងសង់ ជញ្ជាំងព្រំដែនជាប់ម៉ិចស៊ីកូ ទប់ស្កាត់ជនភៀសខ្លួន ឆ្លងចូលអាមេរិកខុសច្បាប់។
ក្រោយទទួលបានព័ត៌មានខាងលើ ប្រធានាធិបតី ដូណាល់ ត្រាំ បានសរសេរនៅលើបណ្តាញសង្គម Twitter របស់លោកថា «ជាជ័យជំនះយ៉ាងធំធេងសម្រាប់ជញ្ជាំងព្រំដែន។ តុលាការកំពូលបានសម្រេចច្រានចោលរាល់សំណើ ពីតុលាការផ្សេងៗទៀត ដោយអនុញ្ញាតឲ្យសាងសង់ជញ្ជាំងនៅតំបន់ភាគខាងត្បូង ។ ទាំងនោះ ជាជ័យជំនះយ៉ាងធំធេង សម្រាប់សន្តិសុខនៅព្រំដែន »។
នៅពេលនេះ រដ្ឋាភិបាលអាមេរិក នឹងប្រើប្រាស់ទឹកប្រាក់ខាងលើដើម្បីសាងសង់ជញ្ជាំង ព្រំដែន នៅជាប់រដ្ឋ Arizona, California និង New Mexico ។ កន្លងមក សភាអាមេរិក អនុញ្ញាតឲ្យចំណាយប្រាក់តែ១,៤ពាន់លានដុល្លារ ប៉ុណ្ណោះ សម្រាប់សងសង់ជញ្ជាំង ។ ប៉ុន្តែប្រធានាធិបតី ត្រាំ បានខិតខំបញ្ចុះបញ្ចូល ស្នើសុំប្រាក់បន្ថែមទៀត ដើម្បីសាងសង់តំបន់ព្រំដែនភាគខាងត្បូង ដែលមានជនភៀសខ្លួនជាច្រើនព្យាយាមចូលទឹកដីអាមេរិក ៕