ព័ត៌មានទាន់ហេតុការណ៍៖

រញ្ជួយដីនៅហ្វីលីពីន ផ្ទុះភ្នំភ្លើងនៅឥណ្ឌូនេស៊ី​ ប៉ះពាល់យ៉ាងខ្លាំងដល់ការរស់នៅរបស់ពលរដ្ឋ

ចែករំលែក៖

ហ្វីលីពីន ក៏ដូចជាឥណ្ឌូនេស៊ី ជាប្រទេសស្ថិតនៅតំបន់ខ្សែក្រវាត់ភ្លើងផែនដី តែងតែរងគ្រោះធម្មជាតិជាបន្តបន្ទាប់ ក្នុងនោះមានការរញ្ជួយដី និងផ្ទុះភ្នំភ្លើងជាដើម ។

នៅក្នុងប្រទេសហ្វីលីពីន​ សារព័ត៌មាន RT នៅថ្ងៃសៅរ៍ ទី២៧ ខែកក្កដា ឆ្នាំ២០១៩ បានផ្សាយថា មានមនុស្ស ៧នាក់ស្លាប់ ដោយសារហេតុការណ៍រញ្ជួយដីពីរលើកផ្ទួនៗគ្នា វាយប្រហារនៅភាគខាងជើង ប្រទេសនេះ។ អាជ្ញាធរហ្វីលីពីន បានឲ្យដឹងថា មនុស្សយ៉ាងហោចណាស់ ៧នាក់ បានស្លាប់ និងរាប់សិបនាក់ទៀតរងរបួស ក្នុងគ្រោះរញ្ជួយដីដល់ទៅពីរលើកផ្ទួនៗគ្នា ដែលបាន វាយប្រហារលើដែនកោះភាគខាងជើងនៃប្រទេសនេះ ។

ជាមួយគ្នានោះដែរ បើតាមទីភ្នាក់ងារឃ្លំាមើលគ្រោះរញ្ជួយដីអាមេរិក USGS គ្រោះរញ្ជួយដី កម្រិត៥.៩រ៉ិចទ័រ និង៤.៥ រ៉ិចទ័រ បានវាយប្រហារលើខេត្ត Batanes នៃកោះ Luzon នៅព្រឹកថ្ងៃសៅរ៍នេះ។ គ្រោះរញ្ជួយដីនេះក៏បានបំផ្លាញផ្ទះសម្បែង និងអគារមួយចំនួន ផងដែរ។

ចំណែកនៅក្នុងប្រទេសឥណ្ឌូនេស៊ីវិញ សារព័ត៌មាន CNA នៅយប់ថ្ងៃសុក្រ ទី២៦ ខែកក្កដា បានផ្សាយថា ភ្នំភ្លើងមួយផ្ទុះឡើងនៅកោះជ្វា​ ក្បែរទីក្រុងធំជាងគេលំដាប់ទីបីរបស់ឥណ្ឌូណេស៊ី​​គឺទីក្រុង Bandung ។ ការផ្ទុះកើតឡើងនាថ្ងៃ២៦ ខែកក្កដា និងបានជះកម្ទេចផេះឡើងលើផ្ទៃអាកាសរាប់រយម៉ែត្រ ហើយបង្កឲ្យអាជ្ញាធរឥណ្ឌូណេស៊ីអំពាវនាវដល់ប្រជាជន និងអ្នកទេសចរ ឲ្យប្រុងប្រយ័ត្ននិងស្ថិតនៅឲ្យឆ្ងាយពីវា។

ភ្នំភ្លើងខាងលើនេះ មានឈ្មោះហៅថា Tangkuban Parahu ដែលស្ថិតនៅចម្ងាយ៣០គីឡូម៉ែត្រភាគខាងជើងទីក្រុង Bandung ក្នុងខេត្តជ្វាខាងលិច។ បើតាមទីភ្នាក់ងារទប់ស្កាត់គ្រោះមហន្តរាយឥណ្ឌូណេស៊ី តំបន់ភ្នំភ្លើង Tangkuban Parahu ដែលជាកន្លែង ទាក់ទាញភ្ញៀវទេសចរណ៍ផងដែរនោះ ត្រូវបានបិទមិនឲ្យមានការចេញចូលឬទៅក្បែរជាបណ្តោះអាសន្ន ហើយកម្រិតប្រកាសអាសន្នរបស់វា កំពុងស្ថិតក្រោមការវាយតម្លៃ។

គួរជម្រាបថា ឥណ្ឌូណេស៊ី ស្ថិតក្នុងចំណោមប្រទេស ដែលនៅចំពេលលើតំបន់គេ ហៅថា Pacific Ring of Fire ដែលព័ទ្ធជុំវិញមហាសមុទ្រប៉ាស៊ីហ្វិក។ នៅតាមតំបន់នេះ សកម្មភាពរញ្ជួយផែនដី និងផ្ទុះភ្នំភ្លើងតែងកើតមានឡើងជាញឹកញាប់។ សម្រាប់ប្រទេសឥណ្ឌូណេស៊ី កន្លែងដែលរងគ្រោះធម្មជាតិទាំងនេះច្រើនជាងគេ គឺនៅកោះជ្វា និងកោះបាលី ដែលសុទ្ធតែមានមនុស្សរស់នៅច្រើន ៕


ចែករំលែក៖