ទីភ្នាក់ងារសារព័ត៌មាន Reuters នៅព្រឹកថ្ងៃចន្ទ ទី២៩ ខែកក្កដា ឆ្នាំ២០១៩បានផ្សាយថា នៅពេលនេះ ប្អូនប្រុសបង្កើតរបស់នាយករដ្ឋមន្ត្រីសិង្ហបុរី លោក លី សៀនឡុង (Lee Hsien Loong) បានបង្ហាញការគាំទ្រដ៏គួរឱ្យភ្ញាក់ផ្អើល ទៅដល់គណបក្សប្រឆាំងដែលនឹងទើបបង្កើតថ្មីមួយ ខណៈការបោះឆ្នោតសកល នឹងចូលមកដល់ក្នុងពេលអនាគតដ៏ខ្លីខាងមុខនេះ។
លោក លី សៀនយ៉ាង (Lee Hsien Yang) ធ្វើការកត់សម្គាល់ខាងលើ ក្នុងសារមួយបង្ហោះលើ Facebook កាលពីថ្ងៃអាទិត្យ ហើយលោកថែម រិះគន់យ៉ាងចាស់ដៃ លើគណបក្សកាន់អំណាចសកម្មភាពប្រជាជន (PAP) ដែលឪពុកលោកផ្ទាល់ជាអ្នកបង្កើត និងកំពុងគ្រប់គ្រងដោយបងប្រុសរបស់លោកថែមទៀតផង។
លោក Lee Hsien Yang បានលើកឡើងយ៉ាងដូច្នេះថា «ខ្ញុំសូមគាំទ្រចេញពីបេះដូងចំពោះ គោលការណ៍ និងគុណតម្លៃរបស់គណបក្សវឌ្ឍនភាពសិង្ហបុរី (Progress Singapore Party)… បច្ចុប្បន្នគណបក្ស PAP មិនមែនជាគណបក្ស PAP របស់ឪពុកខ្ញុំដូចមុនទៀត នោះទេ ពោលគឺគណបក្សមួយនេះកំពុងវង្វេងផ្លូវរបស់ខ្លួនឯង»។
គួរបញ្ជាក់ថា គណបក្សសកម្មភាពប្រជាជន (PAP) របស់លោក Lee Hsien Loong មិនទាន់ បានអត្ថាធិប្បាយឆ្លើយតបទៅនឹងការលើកឡើងដោយលោក Lee Hsien Yang នៅឡើយទេ។ ម្យ៉ាងវិញទៀត គេក៏មិនទាន់ដឹងច្បាស់ថា តើប្អូនប្រុសបង្កើតនាយករដ្ឋមន្ត្រី សិង្ហបុរីរូបនេះនឹងប្រឡូកចូលឆាកនយោបាយ ឬយ៉ាងក៏ណានោះដែរ។
លោក Lee Hsien Loong ដែលបច្ចុប្បន្នមានអាយុ ៦៧ឆ្នាំធ្លាប់បានប្រកាសថា លោកនឹងលាលែងចេញពីតំណែងនៅអាយុ ៧០ឆ្នាំ។ បច្ចុប្បន្ននេះប្រទេសិង្ហបុរីក៏កំពុង ទទួលរងនូវបញ្ហាជាច្រើនផងដែរ នោះគឺការធ្លាក់ចុះសេដ្ឋកិច្ចមិនធ្លាប់មាន និងការព្រមានរបស់សហរដ្ឋអាមេរិកថ្មីៗនេះ ដែលចង់ដកសិង្ហបុរីចេញពីការអនុគ្រោះរបស់ អង្គការពាណិជ្ជកម្មពិភពលោក (WTO) ផងដែរ៕