ប្រធានអង្គការថាមពលបរមាណូអ៊ីរ៉ង់ លោក Ali Akbar Salehi បានប្រកាសនៅក្នុងកិច្ចប្រជុំសភាថា អ៊ីរ៉ង់បានផ្អាកចម្រើនសារធាតុអ៊ុយរ៉ានីញ៉ូម ចាប់តាំងពី ចុះកិច្ចព្រមព្រៀងបរមាណូជាមួយអាមេរិក នៅឆ្នាំ២០១៥ ។ នៅមុនពេលនោះអ៊ីរ៉ង់ចម្រើនបាន២៤តោនសារធាតុអ៊ុយរ៉ានីញ៉ូម។
សារព័ត៌មាន AFP បានផ្សាយថា នៅពេលនេះអ៊ីរ៉ង់បានព្រមានដោះដៃចេញពីកិច្ចព្រមព្រៀងបរមាណូ ប្រសិនបើប្រផ្សេងទៀតដែលបានចុះកិច្ចព្រមព្រៀងនោះ មិនមានវិធានការការពារទេនោះ។ កាលពីថ្ងៃទី២៨ ខែកក្កដា កន្លងមក អ៊ីរ៉ង់បានជួបប្រជុំជាបន្ទាន់នៅប្រទេសអូទ្រិសជាមួយភាគី ចុះហត្ថលេខា នៅក្នុងកិច្ចព្រមព្រៀងនោះ មាន អង់គ្លេស បារាំង អាល្លឺម៉ង់ ចិន និងរុស្ស៊ី ។ កិច្ចប្រជុំខាងលើ មាន គោលដៅស្រោចស្រង់កិច្ចព្រមព្រៀង ដែលអាមេរិកបានដកខ្លួន កាលពីពាក់កណ្តាលឆ្នាំ២០១៨។
ក្នុងពេលជាមួយគ្នាដែលអ្នកតំណាងរបស់អ៊ីរ៉ង់ កំពុងជួបប្រជុំជាមួយក្រុមប្រទេសមហាអំណាចទាំង៥ លើកលែងអាមេរិក នៅប្រទេសអូទ្រីស នៅទីក្រុងតេហេរ៉ង់វិញ ប្រធានទីភ្នាក់ងារថាមពលបរមាណូ អ៊ីរ៉ង់បានអះអាងប្រាប់សភាអ៊ីរ៉ង់ថា គេនឹងចាប់ផ្តើមដំណើរការម៉ាស៊ីនប្រតិកម្មទឹកធ្ងន់ ដើម្បី អាចផលិតភ្លុយតូញ៉ូម សម្រាប់កម្មវិធីនុយក្លេអ៊ែរយោធា។ នេះជាករណីរំលោភកិច្ចព្រមព្រៀងមួយទៀត ពីសំណាក់ភាគី អ៊ីរ៉ង់ ដែលកំពុងក្រពុលមុខដោយសាររងទណ្ឌកម្មសេដ្ឋកិច្ចរបស់អាមេរិក។
ក្រុមប្រទេសហត្ថលេខីនៃកិច្ចព្រមព្រៀង នុយក្លេអ៊ែរ បានជួបប្រជុំគ្នា នៅថ្ងៃអាទិត្យនេះ នៅទីក្រុងវីយ៉ែន ប្រទេសអូទ្រីស ក្នុងគោលដៅ ស្រោចស្រង់ កិច្ចព្រមព្រៀង ដែលកាន់តែធ្លាក់ចុះអន់ខ្សោយ បន្ទាប់ពី អាមេរិកដកខ្លួន កាលពី១ឆ្នាំមុន និងត្រលប់ទៅដាក់ទណ្ឌកម្មសេដ្ឋកិច្ចលើអ៊ីរ៉ង់។
គេមិនអាចសង្ឃឹមថា កិច្ចប្រជុំនៅថ្ងៃនេះ នឹងមិនផ្តល់លទ្ធផលអ្វីជាដុំកំភួននោះ ព្រោះនៅក្នុងកិច្ចប្រជុំ នៅទីក្រុងវីយ៉ែនលើកនេះ មានចូលរួមត្រឹមថ្នាក់ មន្រ្តីនយោបាយ តែប៉ុណ្ណោះ។ ម្យ៉ាងទៀត វាជាកិច្ចប្រជុំ ដែលធ្វើឡើងនៅ១ខែក្រោយ ដែលកិច្ចប្រជុំថ្នាក់អនុរដ្ឋមន្រ្តីការបរទេស គ្មានបានផ្តល់ចេញជាលទ្ធផលអ្វីសោះ នៅក្នុងរឿងស្រោចស្រង់កិច្ចព្រមព្រៀងនុយក្លេអ៊ែរ អ៊ីរ៉ង់។
សូមបញ្ជាក់ថា តាំងតែ ពីខែឧសភា មក នៅពេលអ៊ីរ៉ង់ប្រកាសឈប់អនុវត្ត ចំណុចខ្លះនៃកិច្ចព្រមព្រៀង ដោយសារការដាក់ទណ្ឌកម្មរបស់អាមេរិក ក្រុមប្រទេសមហាអំណាចទាំង ៥ ដូចជា បារាំង អង់គ្លេស អាល្លឺម៉ង់ ចិន និងរុស្ស៊ី ដែលជាហត្ថលេខីនៃកិច្ចព្រមព្រៀងនុយក្លេអ៊ែរ បានជួបប្រជុំជាបន្តបន្ទាប់ជាមួយ អ៊ីរ៉ង់ ដើម្បី បញ្ចុះបញ្ចូលអ៊ីរ៉ង់ ឲ្យនៅបន្តគោរពកិច្ចព្រមព្រៀងឆ្នាំ ២០១៥ ដែលមានទិសដៅហាមឃាត់អ៊ីរ៉ង់ កុំឲ្យផលិតអាវុធនុយក្លេអ៊ែរ។
ប៉ុន្តែ អ៊ីរ៉ង់យល់ឃើញថា នៅចំពោះមុខអសមត្ថភាពរបស់ក្រុមប្រទេសហត្ថលេខី ជាពិសេស បណ្តាប្រទេសអឺរ៉ុប ដែលមិនអាចជួយអ៊ីរ៉ង់ឲ្យរួចផុតពីទណ្ឌកម្មសេដ្ឋកិច្ចអាមេរិក អ៊ីរ៉ង់ ត្រូវតែពឹងលើខ្លួនឯង។ ប្រធានាធិបតីអ៊ីរ៉ង់ បានប្រកាសបង្កើនចំនួនស្តុក ធាតុអ៊ុយរ៉ាញ៉ូម ឬ ចម្រើនធាតុអ៊ុយរ៉ាញ៉ូម ឲ្យលើសពីកម្រិត ដែលកំណត់ ដោយកិច្ចព្រមព្រៀង។
មន្រ្តីការទូតអឺរ៉ុបម្នាក់បានឲ្យដឹងថា បើ ទោះជាកិច្ចប្រជុំនៅថ្ងៃនេះ នឹងផ្តល់លទ្ធផលអ្វីធំដុំ ប៉ុន្តែ គេនៅតែមិនទាន់អស់សង្ឃឹមនោះទេ។ កិច្ចប្រជុំនៅថ្ងៃនេះ អាចកិច្ចប្រជុំ ដើម្បីត្រៀមរៀបចំកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីការបរទេសរបស់ក្រុមប្រទេសហត្ថលេខី នៃកិច្ចព្រមព្រៀង នៅថ្ងៃខាងមុខ។ តាមអនុរដ្ឋមន្រ្តីការបរទេសរុស្ស៊ី យន្តការរបស់អឺរ៉ុបដើម្បី ធ្វើជំនួញជាមួយអ៊ីរ៉ង់ដោយមិនឲ្យជាប់ក្នុងទណ្ឌកម្មអាមេរិក ហើយនិងម៉ាស៊ីនប្រតិកម្មទឹកធ្ងន់ នៅទីក្រុងអារ៉ាក់ នៅអ៊ីរ៉ង់ គឺជាប្រធានបទសំខាន់ នៅក្នុងកិច្ចប្រជុំនៅថ្ងៃទី២៨ខែកក្កកដ។
ពាក់ព័ន្ធនិងវិវាទនៅតំបន់សមុទ្រពែក្ស ដែលកាន់តែតានតឹង អ្នកនាំពាក្យរដ្ឋាភិបាលអ៊ីរ៉ង់ បានបរិហាររិះគន់អឺរ៉ុបដែលកំពុងមានគម្រោងបញ្ជូនកប៉ាល់ចម្បាំងទៅក្នុងឈូងសមុទ្រពែរ្ស។ការបង្កើតបេសកកម្មអឺរ៉ុបដើម្បី ការពារកប៉ាល់ប្រេង នៅឈូងសមុទ្រ ជាការទាមទារចង់បានរបស់អតីតរដ្ឋមន្រ្តីការបរទេសអង់គ្លេស លោក Jeremy Huntនៅបន្ទាប់ពីអ៊ីរ៉ង់ចាប់កប៉ាល់ដឹកប្រេងរបស់អង់គ្លេស នៅច្រកសមុទ្រ Ormuz ជាការសងសឹកនឹងអង់គ្លេស ដែលបានចាប់កប៉ាល់ដឹកប្រេងរបស់អ៊ីរ៉ង់ នៅសមុទ្រមេឌីទែរ៉ាណេ។
លោកស្រីរដ្ឋមន្រ្តីការពារជាតិបារាំង Florence Parly បានអះអាងថា បារាំងនឹងសហការផ្តល់ព័ត៌មានជាមួយអង់គ្លេស និងអាល្លឺម៉ង់ ដើម្បីពង្រឹងសុវត្ថិភាព ចរារចណ៍ នៅឈូងសមុទ្រ ប៉ុន្តែ មិនដល់ថ្នាក់ បញ្ជូនកងទ័ព កប៉ាល់ ចម្បាំង បន្ថែម នោះទេ ព្រោះបារាំងមិនចង់ឲ្យភាពតានតឹងនៅឈូងសមុទ្រកាន់តែធ្លាក់ចុះអាក្រក់ជាងនេះ។
បារាំង ឬអាល្លឺម៉ង់នៅតែបង្ហាញជំហរ ចង់ចរចា សម្របសម្រួល រវាងអ៊ីរ៉ង់ និងអាមេរិក។ ទោះជាអ៊ីរ៉ង់ បានប្រកាសរំលោភកិច្ចព្រមព្រៀងជាបន្តបន្ទាប់ ភាគីអឺរ៉ុបមិនបានចេញមុខដាក់ទណ្ឌកម្មលើអ៊ីរ៉ង់ដូចអាមេរិកនោះទេ។
ក្រុមអ្នកឯកទេសវិភាគបានលើកឡើងថា អ៊ីរ៉ង់គឺជាគោលដៅកម្ចាត់របស់អាមេរិកនិងអ៊ីស្រាអែល ដោយអ៊ីរ៉ង់តែងតែរារាំងផលប្រយោជន៍របស់អីស្រាអែលនៅក្នុងការ ពង្រីកទឹកដី បង្កើនឥទ្ធិពលនៅក្នុងតំបន់ ។ អ៊ីរ៉ង់ជាប្រទេសដែលនៅពីក្រោយការប្រឆាំងអ៊ីស្រាអែលពង្រីកទឹកដីនៅតំបន់ជេរ៉ូសាឡឹម ក៏ដូចជាតំបន់ខ្ពស់រាប ហ្គោឡែនរបស់ស៊ីរី៕