លោកLuciano Spalletti បានប្រកាសថាគាត់ត្រូវបានបណ្តេញចេញពីតំណែងជាគ្រូបង្វឹករបស់អ៊ីតាលីនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃអាទិត្យបន្ទាប់ពីក្រុមរបស់គាត់បានចាញ់ន័រវេស 3-0 ក្នុងការប្រកួតជម្រុះ World Cup កាលពីថ្ងៃសុក្រ។
អ៊ីតាលីបានបណ្តោយឱ្យរបូតគ្រាប់បាល់បញ្ចូលទីបីគ្រាប់ក្នុងតង់ទីមួយក្នុងទីក្រុង Oslo ដោយចាញ់ក្នុងការប្រកួតជម្រុះបើកឆាកសម្រាប់ការប្រកួតឆ្នាំ 2026។ បុរសវ័យ 66 ឆ្នាំរូបនេះបាននិយាយថាគាត់នឹងនៅតែទទួលបន្ទុកការប្រកួតនៅថ្ងៃច័ន្ទជាមួយជម្រើសជាតិម៉ុលដូវ៉ា (Moldova) ប៉ុន្តែវានឹងក្លាយជាការប្រកួតចុងក្រោយរបស់គាត់ជាមួយក្រុមជម្រើសជាតិ។
លោក Spalletti បាននិយាយថា៖ «យប់មិញ យើងនៅជាមួយប្រធាន [Gabriele] Gravina។ គាត់បានប្រាប់ខ្ញុំថា ខ្ញុំនឹងត្រូវដកតំណែងជាគ្រូបង្វឹកក្រុមជម្រើសជាតិ»។ “ខ្ញុំគ្មានចេតនាបោះបង់ទេ។ ខ្ញុំចង់ស្នាក់នៅកន្លែងរបស់ខ្ញុំ ហើយបន្តធ្វើការងាររបស់ខ្ញុំ។ ខ្ញុំនឹងដឹកនាំមួយប្រកួតទៀត”។
ក្រោយនិយាយរួចគ្រូបង្វឹកសញ្ជាតិអ៊ីតាលី នេះបានសម្រុកចេញពីសន្និសីទសារព័ត៌មាននោះ។
គាត់បានកាន់តំណែងតាំងពីឆ្នាំ 2023 ហើយបានដឹកនាំក្រុមនៅ Euro 2024 ដែលអ៊ីតាលីត្រូវធ្លាក់ចេញក្នុងវគ្គ 16 ក្រុមចុងក្រោយដោយប្រទេសស្វីស។
លោក Spalletti ដែលពីមុនធ្លាប់គ្រប់គ្រងក្លឹប AS Roma, Zenit St Petersburg និង Inter Milan បានចូលបម្រើការងារនៅអ៊ីតាលីដឹកនាំ Napoli ឈ្នះជើងឯកSerie A ក្នុងឆ្នាំ 2023 ប៉ុន្តែមិនអាចនាំយកជោគជ័យនោះមកក្រុមជម្រើសជាតិបានទេ។
របាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយអ៊ីតាលីបានលើកឡើងថា Stefano Pioli ដែលបច្ចុប្បន្នជាគ្រូបង្វឹករបស់ក្លឹបអារ៉ាប៊ីសាអូឌីត Al-Nassr និងជាអ្នកឈ្នះពាន Serie A ជាមួយ AC Milan គឺជាអ្នកដែលពេញចិត្តក្នុងការមកជំនួសលោក Spalletti ជាមួយនឹងលោក Claudio Ranieri ក៏ត្រូវបានលើកឡើងផងដែរជាបេក្ខភាពល្អមួយរូប។
ថ្មីៗនេះ Ranieri បានចូលនិវត្តន៍ជាលើកទីពីរបន្ទាប់ពីការដឹកនាំរបស់គាត់នៅ Roma កាលពីរដូវកាលមុន ប៉ុន្តែបុរសវ័យ 73 ឆ្នាំនេះអាចត្រូវបានគេល្បួងឱ្យត្រលប់មកវិញម្តងទៀតប្រសិនបើផ្តល់ការងារក្នុងក្តីស្រមៃរបស់គាត់ជាមួយអ៊ីតាលី ៕
ដោយ៖ ភារៈ