ព័ត៌មានទាន់ហេតុការណ៍៖

ថ្ងៃចុងសប្តាហ៍ គ្រោះថ្នាក់ចរាចរកើតឡើងផ្ទួនៗគ្នា នៅកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល៖ រថយន្តធំ តូច ចំនួន៦គ្រឿងបានរងនូវការខូចខាតធ្ងន់ធ្ងរ ខ្ទេចផ្នែកខាងមុខ ចំណែកអ្នកបើកបររថយន្តកុងតឺន័រម្នាក់ក៍រងរបួសផងដែរ ក្នុងករណីគ្រោះថ្នាក់ ចរាចរ៣លើក រវាងរថយន្តនិងរថយន្តបើកបុកគ្នាពេញទំហឹង នៅលើផ្លូវជាតិលេខ១ ក្នុងភូមិសាស្ត្រឃុំគគីរស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ករណីគ្រោះថ្នាក់ចរាចរទាំង៣លើកនេះបានកើតឡើងនៅក្នុងភូមិសាស្ត្រតែមួយ លើផ្លូវជាតិលេខ១ ចន្លោះគីឡូម៉ែត្រលេខ១៤-១៥, លេខ១៦-១៧ និងលេខ១៨-១៩ ក្នងឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល ។

ករណីទី១ កើតឡើងនៅចន្លោះគីឡូម៉ែត្រលេខ១៨-១៩ រវាងរថយន្តដឹកកុងតឺន័របុកគ្នាជាមួយរថយន្តដឹកដែកចំពីមុខពេញទំហឹងបណ្តាលឲ្យអ្នកបើកបររថយន្តកុងតឺន័ររងរបួសធ្ងន់ ។ ករណីនេះកើតឡើងដោយសារអ្នកបើកបរថយន្តកុងតឺន័រងោក ហើយរេចង្កូតចូលទៅចំណែកផ្លូវខាងរថយន្តដឹកដែក បណ្តាលឲ្យបុចំពីមុខពេញទំហឹងតែម្តង កាលពីវេលាម៉ោង៣និង៣០នាទីទៀបភ្លឺ ឈានចូលថ្ងៃទី២៦ ខែកក្កដា ឆ្នាំ២០១៩ ។

៥ម៉ោងក្រោយមកករណីគ្រោះថ្នាក់ ចរាចរលើកទី២ បានកើតឡើងរវាងរថយន្តកាមរីបាឡែនបុកចំពាក់កណ្តាលរថយន្តដឹកដីបណ្តាលឲ្យបណ្តាលឲ្យរថយន្តទាំង២គ្រឿងបត់ក្បាលត្រឡប់ក្រោយវិញ ខូចខាតធ្ងន់ធ្ងរ តែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។

គ្រោះថ្នាក់ចរាចរលើកទី៣នេះ បានកើតឡើងនៅវេលាម៉ោង១,៤៥នាទីរំលងអាធ្រាត្រ ឈានចូលថ្ងៃទី២៨ ខែកក្កដាឆ្នាំ២០១៩ ចំពីមុខទីបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកកៀនស្វាយ ចន្លោះគីឡូម៉ែត្រលេខ១៤-១៥ ខាងលិចផ្សារគគីរ រវាងរថយន្តម៉ាកលុចស៉ីសRX-300 ពណ៍ស្ករ បើកបរក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ មកដល់ចំណុចកើតហេតុស្រាប់តែរេចង្កូតចូលទៅខាងចំណែកផ្លូវរថយន្តដឹកកុងតឺន័រ ដែលបើកបរក្នុងទិសដៅផ្ទុយគ្នា បណ្តាលឲ្យបុកគ្នាតែម្តង ហើយរថយន្តដឹកកុងតឺន័ររេចង្កូតបុកចូលផ្ទះប្រជាពលរដ្ឋតែមិនមានគ្រោះថ្នាក់ដល់មនុស្សឡើយ ។

លោកហង្ស ផាន់ណារ៉ា អធិការរងនគរបាលស្រុកកៀនស្វាយទទួលការងារ សណ្តាប់ធ្នាប់ចរាចរបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរទាំង៣លើកនេះ បណ្តាលឲ្យខូចខាតរថយន្ត៦គ្រឿង រថយន្តធំ៣គ្រឿង រថយន្តតូច៣គ្រឿង របួសធ្ងន់អ្នកបើកបររថយន្តកុងតឺន័រម្នាក់ ។ ករណីទាំង៣លើកនេះកើតឡើងដោយសារអ្នកបើកបរធ្វសប្រហែស មិនប្រុងប្រយ័ត្នបង្កគ្រោះថ្នាក់ដល់អ្នកដទៃ ។ និយាយរួមគ្រោះថ្នាក់ចរាចរភាគច្រើនកើតឡើងដោយសារកត្តាមនុស្សជាកត្តាទី១ ។ កត្តាមនុស្សសំដៅទៅលើការបើកបរមិនប្រុងប្រយ័ត្ន បើកប្រជែងក្នុងស្ថានភាពផ្លូវមានឧបសគ្គ បើកបរហួសល្បឿនកំណត់ បើកបរមានជាតិស្រវឹង បើកបរមិនគោរពច្បាប់ចរាចរ ៕ សណ្តោស


ចែករំលែក៖