ព័ត៌មានទាន់ហេតុការណ៍៖

ជីវភាពសហគមន៍រុងរឿងតាមរយៈការថែរក្សា និងប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តរភាព

ចែករំលែក៖

ភ្នំពេញ៖ វេទិកាស្តីពីការការពារនិងអភិរក្សធនធានធម្មជាតិក្រោមប្រធានបទ “ជីវភាពសហគមន៍រុងរឿងតាមរយៈការថែរក្សា និងប្រើប្រាស់ធនធានធម្មជាតិដោយនិរន្តរភាព” ត្រូវបានប្រារព្ធធ្វើឡើងនៅថ្ងៃទី៩ ខែសីហា ឆ្នាំ ២០១៩ នៅទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាពលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងដោយមានការចូលរួមពីតំណាងក្រសួងស្ថាប័ន អង្គការ សមាគម និងតំណាងសហគមន៍មកពីខេត្តនានាសរុបប្រមាណ ៥០០នាក់។

វេទិកាតំបន់នេះរៀបចំឡើងក្នុងគោលបំណងដើម្បីធ្វើបច្ចុប្បន្នភាព វឌ្ឍនភាពនិងលទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល និងការចូលរួមពីតួអង្គពាក់ព័ន្ធក្នុងការរួមចំណែកក្នុងការអប់រំ ទប់ស្កាត់ និងចាត់វិធានការបង្ក្រាបបទល្មើសពាក់ព័ន្ធនឹងវិស័យបរិស្ថាននិងធនធានធម្មជាតិ។ វេទិកានេះក៏នឹងគូសបញ្ជាក់ពីភាពចាំបាច់នៃការបង្កើតបណ្តាញសហគមន៍អភិរក្សធនធានធម្មជាតិនៅក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ បង្កើនកិច្ចសហការរវាងអ្នកពាក់ព័ន្ធទាំងអស់នៅក្នុងការការពារ និងអភិរក្សធនធានធម្មជាតិ ក៏ដូចជាពិភាក្សាអំពីបញ្ហាប្រឈម តម្រូវការ និងអនុសាសន៍នៅក្នុងកិច្ចការពារនិងអភិរក្សធនធានធម្មជាតិ និងបង្កើនភាពជាម្ចាស់របស់សហគមន៍មូលដ្ឋាននៅក្នុងការងារអភិបាលកិច្ចធនធានធម្មជាតិ ការទទួលខុសត្រូវ និងការប្រើប្រាស់ធនធានធម្មជាតិប្រកបដោយនិរន្តរភាពតាមរយៈជម្រើសមុខរបរចិញ្ចឹមជីវិតនានារួមមានទេសចរណ៍ធម្មជាតិ ការកែច្នៃអនុផលព្រៃឈើនិងការស្តារនូវតំបន់ទេសភាពនានា។

លោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានលើកឡើងថាក្រសួងបរិស្ថានបានបង្កើតសហគមន៍ការពារតំបន់ធម្មជាតិដើម្បីបង្កើតឱ្យមានដៃគូសន្ទនារវាងក្រសួងបរិស្ថាន និងប្រជាសហគមន៍មូលដ្ឋានក្នុងកិច្ចគាំពារបរិស្ថាន និងធនធានធម្មជាតិ។ បច្ចុប្បន្ននេះ សហគមន៍ដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ក្រសួងបរិស្ថាន មានចំនួន ១៦៨ សហគមន៍តំបន់ការពារ
ធម្មជាតិ។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា យើងគួរងាកចេញពីគំនិតនៃការប្រើប្រាស់ធនធានធម្មជាតិដោយចាប់យកអ្វីដែលថ្មីមិនដាក់សម្ពាធលើធនធានធម្មជាតិ។ ក្នុងក្របខណ្ឌនេះ ក្រសួងបរិស្ថានដែលមានអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋាន បានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសហគមន៍មូលដ្ឋាន និងលើកស្ទួយជីវភាពសហគមន៍ដោយផ្តោតលើការងារសហគមន៍ បង្កើតតំបន់អេកូទេសចរណ៍ និងការអភិរក្សបេតិកភណ្ឌនៅក្នុងតំបន់ការពារធម្មជាតិ។

ដើម្បីគាំទ្រនិងជំរុញលើការអភិវឌ្ឍសហគមន៍មូលដ្ឋាន លោករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើងពីការធ្វើទំនើបកម្មស្ថាប័នក្រសួង ការបង្កើតស្ថាប័នអគ្គនាយកដ្ឋានសហគមន៍មូលដ្ឋានដើម្បីរៀបចំផែនការយុទ្ធសាស្ត្រនានា ក្នុងនោះបានបណ្តុះបណ្តាលជំនាញ ការបង្កើនធនធានមនុស្សក្នុងសហគមន៍តាមរយៈការជំរុញឱ្យកូនៗប្រជាសហគមន៍មូលដ្ឋានសិក្សាឱ្យបានចប់ថ្នាក់ទី១២ ហើយផ្តល់អាហារូបករណ៍ដល់កូនៗបងប្អូនប្រជាពលរដ្ឋក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យនានាដើម្បីយកចំណេះដឹងជួយចូលរួមអភិវឌ្ឍសហគមន៍របស់ខ្លួន។ លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបានជំរុញឱ្យបណ្តាញសហគមន៍ការពារធម្មជាតិសិក្សាពីគ្នាទៅវិញទៅ មកដើម្បីដកបទពិសោធពីសហគមន៍ដែលមានការរីកចម្រើន ព្រមទាំងចូលរួមក្នុងការស្វែងរកដំណោះស្រាយរួមគ្នាចំពោះបញ្ហាប្រឈមនានាដែលមាន។
ជាមួយគ្នានេះ លោកបានថ្លែងថា ក្រសួងបរិស្ថានបានបង្កើតមូលនិធិបរិស្ថានដើម្បីគាំទ្រថវិកាលើការអនុវត្តផែនការអភិវឌ្ឍសហគមន៍មូលដ្ឋាន។ លោក សាយ សំអាល់ បានអំពាវនាវដល់សហគមន៍នានាមិនត្រឹមតែសហគមន៍តំបន់ការពារធម្មជាតិក្រោមការគ្រប់គ្រងដោយក្រសួងបរិស្ថានទេ ប៉ុន្តែសហគមន៍នេសាទ និងសហគមន៍ព្រៃឈើក៏អាចស្នើសុំមូលនិធិពីក្រសួងបរិស្ថានដើម្បីប្រើប្រាស់សម្រាប់ការងារអភិរក្សជីវៈចម្រុះនិងធនធានធម្មជាតិ។ សូមបញ្ជាក់ថាកន្លងទៅនេះ ក្រសួងបរិស្ថានបានផ្តល់មូលនិធិដល់ សហគមន៍និងអ្នកអភិរក្សមួយចំនួនដើម្បីការពារនិងគ្រប់គ្រងធនធានធម្មជាតិដូចជាសហគមន៍សង្ឃរុក្ខវ័ននៅក្នុងខេត្តឧត្តរមានជ័យ គម្រោងអភិរក្សសត្វដំរីនៅខេត្តរតនគិរី គម្រោងអភិរក្សនៅដែនជម្រកសត្វព្រៃភ្នំពក-ភ្នំត្នោត ខេត្តព្រះវិហារ និងគម្រោងអភិរក្សសត្វក្ងោកជាដើម។ លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ការពារធនធានធម្មជាតិព្រៃឈើបានគង់វង្ស បានផ្តល់មកវិញនូវផលប្រយោជន៍ជាច្រើនក្នុងនោះរាប់ទាំងគម្រោងលកកាបូនដែលទទួលបានថវិកាដើម្បីប្រើប្រាស់លើការងារអភិរក្ស។ ចំពោះទីផ្សារកាបូនស្ម័គ្រចិត្ត ចាប់តាំងពីឆ្នាំ២០១៦មកដល់បច្ចុប្បន្ន កម្ពុជាបានទទួលថវិកាចំនួន ៩,៥ លានដុល្លារពីការលក់ឥណទានកាបូនក្នុងគម្រោងសាកល្បងចំនួនពីរ (ដែនជម្រកសត្វព្រៃកែវសីមា និងឧទ្យានជាតិជួរភ្នំក្រវាញខាងត្បូង) ឱ្យទៅក្រុមហ៊ុនអន្តរជាតិធំៗមានដូចជា Disney និង Shall។ ថវិកាទាំងអស់នេះ បានយកទៅប្រើប្រាស់សម្រាប់ការពារព្រៃឈើ និងអភិវឌ្ឍន៍ជីវភាពសហគមន៍ក្នុងតំបន់ការពារទាំងពីរ ដើម្បីធ្វើជាគំរូសម្រាប់ឈានទៅទទួលបានថវិកា «ការទូទាត់ផ្អែកតាមលទ្ធផល» ពីមូលនិធិអាកាសធាតុបៃតងនៃអនុសញ្ញាក្របខ័ណ្ឌសហប្រជាតិស្តីពីការប្រែប្រួលអាកាសធាតុ ដែលគ្រងនឹងអនុវត្តចាប់ពីឆ្នាំ២០២០។ រហូតមកដល់ពេលនេះ មានតែប្រទេសកម្ពុជានិងប្រទេសឥណ្ឌូនេស៊ីប៉ុណ្ណោះក្នុងប្រទេសអាស៊ាន ដែលបានលក់ឥណទានកាបូនក្នុងទីផ្សារកាបូនស្ម័គ្រចិត្ត។

អ្នកចូលរួមក្នុងវេទិកាស្តីពីការការពារនិងអភិរក្សធនធានធម្មជាតិបានស្វាគមន៍ចំពោះការផ្តល់ការ គាំទ្រទាំងស្មារតី ថវិកា និងសម្ភារពីសំណាក់ក្រសួង បរិស្ថានដល់សហគមន៍តំបន់ការពារ ធម្មជាតិនានានៅក្នុងប្រទេសកម្ពុជា។ លើសពីនេះ តំណាងសហគមន៍មូលដ្ឋាន ក៏ដូចជាតំណាងសមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិនិងអន្តរជាតិបានសម្តែងការកោតសរសើរចំពោះរាជរដ្ឋាភិបាលកម្ពុជា គណៈកម្មាធិការជាតិបង្ក្រាបនិងទប់ស្កាត់បទល្មើសធនធានធម្មជាតិ ក៏ដូចជាក្រសួងបរិស្ថានដែលបានខិតខំក្នុងការបង្ក្រាបលើបទល្មើសធនធានធម្មជាតិ។ បើតាមការកត់សម្គាល់របស់សង្គមស៊ីវិល និងសហគមន៍ បទល្មើសព្រៃឈើមានការធ្លាក់ចុះយ៉ាងច្រើន និងបានសំណូមពរឱ្យអាជ្ញាធរមានសមត្ថកិច្ច ក្រសួង បរិស្ថានបន្តការបង្ក្រាបដ៏សកម្មលើបទល្មើសធនធានធម្មជាតិនេះបន្តទៀត។

ជាមួយគ្នានេះ តំណាងសហគមន៍តំបន់ការពារ ធម្មជាតិមកពីខេត្តនានាក្នុងប្រទេសកម្ពុជាបានចូលរួមចែករំលែកនូវបទពិសោធជោគជ័យនៃការងារអភិរក្ស ក៏ដូចជាការគ្រប់គ្រងតំបន់ទេសចរណ៍ធម្មជាតិ។ តំណាង សហគមន៍ក៏បានលើកឡើងនូវបញ្ហាប្រឈមនានារួមនឹងសំណូមពរមួយចំនួនដើម្បីស្នើសុំដំណោះស្រាយពីក្រសួង បរិស្ថាន និងស្ថាប័នពាក់ព័ន្ធនានា។ ចំពោះបញ្ហាប្រឈមដូចជាសមត្ថភាពសហគមន៍ ការរុករានទន្ទ្រានកាន់កាប់ដីធ្លីខុសច្បាប់ បទល្មើសព្រៃឈើ សត្វព្រៃជាដើមរួមនឹងសំណូមពរនានារបស់សហគមន៍ និងតំណាងអង្គការសង្គមស៊ីវិល លោករដ្ឋមន្ត្រីក្រសួងបរិស្ថានបានដោះស្រាយបញ្ហា ការលំបាក ក៏ដូចជាឆ្លើយតប បំភ្លឺទៅនឹងសំណួរនិងសំណូមពរជូនដល់ភាគីពាក់ព័ន្ធនានា ដែលបានលើកឡើងក្នុងវេទិកាដែលប្រព្រឹត្តរយៈពេលប្រមាណ ៥ ម៉ោងនៅទីស្តីការក្រសួងបរិស្ថាន។ ឯកឧត្តមបានគូសបញ្ជាក់ថារាជរដ្ឋាភិបាល ក្រសួងបរិស្ថាននិងស្ថាប័នពាក់ព័ន្ធនានានឹងបន្តបេសកកម្មនិងអនុវត្តផែនការងាររបស់ខ្លួន បង្កើនប្រសិទ្ធភាពក្នុងបុព្វហេតុបរិស្ថាន និងធនធានធម្មជាតិ ដើម្បីឆ្លើយតបបំណងដ៏ពិសិដ្ឋរបស់ប្រជាពលរដ្ឋកម្ពុជា និងទទួលយកគំនិតដែលបានលើកឡើងដើម្បីប្រែក្លាយជាគោលនយោបាយសម្រាប់ការអនុវត្ត៕

ដោយ៖ សហការី


ចែករំលែក៖