ព័ត៌មានទាន់ហេតុការណ៍៖

បាញ់ទៀតហើយនៅទីក្រុង ជីកាហ្គោ អាមេរិក របួសជាច្រើននាក់

ចែករំលែក៖

ការបាញ់ប្រហារនៅអាមេរិក កើតឡើងស្ទើរតែរៀងរាល់ថ្ងៃ ដោយការបាញ់ប្រហារ​កាន់​តែសា​ហាវ​ជាងមុនទៅទៀត បង្កក្តីបារម្ភយ៉ាងខ្លាំង ដល់ការរស់នៅរបស់ពលរដ្ឋ ។ ក្រុមអ្នក​ជំនាញបានលើកឡើងថា ប្រសិនបើអាមេរិកមិនអាចចេញច្បាប់គ្រប់​គ្រងអាវុធ​ទេនោះ ការបាញ់ប្រហារនៅតែបន្តកើតឡើង យ៉ាងអនាធិបតេយ្យ ។

នៅពេលនេះ ប្រភពព័ត៌មាន បានឲ្យដឹងថា ខ្មាន់កាំភ្លើងម្នាក់ កាលពីថ្ងៃទី១១ ខែសីហា បានបាញ់ប្រហារទៅលើហ្វូងមនុស្សប្រមាណ១០០នាក់ ដែលកំពុងតែ ចូលរួម នៅក្នុងពិធីជប់លៀង នៅទីសាធារណៈ ក្នុងទីក្រុង ជីកាហ្គោ (Chicago) ​អាមេរិក បណ្តាលឲ្យមនុស្សជាច្រើននាក់រងរបួស ។

ការបាញ់ប្រហារនោះ បានបណ្តាលឲ្យមនុស្ស ៦នាក់រងរបួសជាទម្ងន់ ហើយត្រូវគេបញ្ជូនទៅសង្គ្រោះបន្ទាន់ នៅក្នុងមន្ទីរពេទ្យជិតនោះ​ ហើយគេសង្ឃឹមថា ជនរងគ្រោះទាំងអស់ និងត្រូវក្រុមគ្រូពេទ្យជួយសង្គ្រោះទាន់ពេលវេលា រួចផុតពីគ្រោះថ្នាក់ដល់អាយុជីវិត​ ។

សារព័ត៌មាន​ CBS ​បានផ្សាយថា មុនពេលមានការបាញ់ប្រហារនោះ គឺមានការឈ្លោះប្រកែកគ្នាបន្ដិចបន្តួច នាពេលព្រឹក ហើយនៅពេលរសៀល ស្រាប់តែមានខ្មាន់កាំភ្លើងម្នាក់បានបើករថយន្តមកបាញ់ទៅលើហ្វូងមនុស្សដែលកំពុងតែចូលរួម នៅក្នុងពិធីជប់លៀងនោះតែម្ដង ។ ភ្លាមៗនោះ ប៉ូលិសបានទៅដល់កន្លែងកើតហេតុ​​ រកឃើញមនុស្ស ៦នាក់រងរបួស ក្នុងនោះមានបុរសម្នាក់អាយុ​២៥ឆ្នាំ និងស្ត្រី​៥នាក់មានអាយុ ចន្លោះពី​២៧-៣៨ឆ្នាំ ។

ហេតុការណ៍បាញ់ប្រហារនេះ បានកើតឡើង ក្នុងពេលដែលទីក្រុងជីការហ្គោ ទើបតែរងការបាញ់ប្រហារ កាលពីសប្តាហ៍កន្លងទៅ ដោយបានបណ្តាលឲ្យមនុស្ស ៧នាក់ស្លាប់ និង ៥២នាក់រងរបួស៕


ចែករំលែក៖