ភ្នំពេញ ៖ ស្ត្រីម្នាក់ដោយសាររងនូវការឈឺចាប់ពីប្តីវ៉ៃ លែងបាន នៅវេលាម៉ោង១១ព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩ នាងបានរត់ទាំងភ្នែកមកកាន់ប៉ូលិសប៉ុស្តិ៍ចោមចៅ៣ ខណ្ឌពោធិសែនជ័យ សុំការអន្តរាគមន៍ ក្រោយពីប្តីវាយប្រដាប់ដោយអង្រែ វាយ ទាត់ ធាក់ យកកាំបិតរុញផ្ទប់ក បណ្តាលឲ្យរងបួសធ្ងន់ បាក់ស្មាឆ្វេង ។
ប្តីកំណាចមានឈ្មោះ ម៉េង ពន្លក អាយុ៣០ឆ្នាំ មុខរបរ ជាងជួសជុលរថយន្ត មានស្រុកកំណើត ស្រុកស្ទឹងត្រង់ កំពង់ចាម ។ ចំណែកប្រពន្ធរងគ្រោះឈ្មោះ យាប់ ចិន្តា អាយុ៣២ឆ្នាំ មុខរបរ កម្មការនីរោងចក្រ មានស្រុកកំណើតភូមិសំរោង ឃុំបារាយ៍ ស្រុកបារាយ៍ ខេត្តកំពង់ធំ ។
តាមការយំរៀបរាប់ពីស្ត្រីខាងលើ បានឲ្យដឹងថា នាងស្រឡាញ់ យកគ្នាជាប្តីប្រពន្ធ ទាំងមិនបានរៀបការ តែមានមេបាចាស់ទុំសងខាង ដឹងឮ អស់រយៈពេលជាង៣ឆ្នាំមកហើយ មានកូនប្រុសម្នាក់ អាយុទើប៨ខែ មិនដែលមានបញ្ហាក្នុងគ្រួសារទេ ទើបតែនៅពេលនេះ នៅយប់ថ្ងៃទី១១ ខែសីហា ម្សិលមិញ ប្តីបានចេញទៅខួបកំណើត គេ បាត់ពេញមួយយប់តែម្តង រហូតដល់វេលាម៉ោង៣ព្រឹក ថ្ងៃទី១២ នេះទើបវិលត្រឡប់មកបន្ទប់ជួលវិញ នាងសួរនាំ ស្តីបន្ទោសរឿង ដើរផឹកសុីដាច់យប់ ទាក់សម្តី កើតទំនាស់ជេរគ្នាទៅមក ឈានដល់លោកប្តី ប្រដាប់ដោយអង្រែ វាយ ទាត់ ធាក់ យកកាំបិតរុញផ្ទប់ក បណ្តាលឲ្យរងបួសធ្ងន់ បាក់ស្មាឆ្វេង រត់ទៅប្តឹងប៉ូលិស ឲ្យជួយអន្តរាគមន៍ ។
តាមការពិនិត្យផ្ទាល់ស្ត្រីខាងលើរងរបួសធ្ងន់ ឆ្អឹងស្មាខាងឆ្វេង ។ វត្តមាននៅប៉ុស្តិ៍នគរបាលចោមចៅទី៣ ស្ត្រីខាងលើសុំត្រឹមដាក់ពាក្យបណ្តឹងចោលសិនបើកមានលើក្រោយសុំឲ្យនគរបាលចាត់ការតាមច្បាប់ ៕ សុខាសែនជ័យ