ព័ត៌មានទាន់ហេតុការណ៍៖

ទឹកជំនន់នៅប៉ាគីស្ថាន សម្លាប់មនុស្សជិត ២០០នាក់

ចែករំលែក៖

ភ្លៀងធ្លាក់ខ្លាំងបង្កជាគ្រោះទឹកជំនន់ទ្រង់ទ្រាយធំវាយប្រហារប៉ាគីស្ថាន បង្កការខូច​ខាត​យ៉ាងដំណំ ទាំងទ្រព្យសម្បត្តិ និងអាយុជីវិតរបស់ពលរដ្ឋ ។ មន្ត្រីអាជ្ញាធរ​គ្រប់គ្រង​មហន្តរាយ​ជាតិប៉ាគីស្ថាន​ បានបញ្ជាក់ កាលពីថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៩ថា នៅទូទាំងប្រទេសប៉ាគីស្ថាន មានមនុស្ស សរុប​១៦១នាក់​បានស្លាប់ និង​១៣៧​នាក់ផ្សេងទៀតរងបួស ដោយ​សារបាតុភូតគ្រោះធម្មជាតិភ្លៀងធ្លាក់ខ្លាំង បង្កជាទឹកជំនន់ គិតចាប់តាំងពីខែកក្កដា ឆ្នា២២០១៩ រហូតមកទល់ និងពេលបច្ចុប្បន្ននេះ ។

ប្រភពពព័ត៌មានដដែល បានបន្តថា មនុស្ស១១នាក់​ស្លាប់ និង​រាប់សិបនាក់ផ្សេងទៀត​របួស​ នៅក្នុងហេតុការណ៍គ្រោះថ្នាក់ទាក់ទង​ និងភ្លៀង​ នៅតំបន់កំពង់ផែ ការ៉ាជី ខេត្ត​ Sindh ប៉ាគីស្ថាន ក្នុងអំឡុងពេលប៉ុន្មានថ្ងៃកន្លងមក ។ នេះបើតាមប្រព័ន្ធផ្សព្វផ្សាយ​​ក្នុងតំបន់​ ផ្សាយកាលពីថ្ងៃអាទិត្យ (១១ សីហា) ។

ទឹកភ្លៀងធ្លាក់កម្ពស់​១៩២មិល្លីម៉ែត្រ ​ក្នុងមួយម៉ោង បង្កឲ្យជំនន់​ទឹកភ្លៀង​កើតឡើង ​នៅតំបន់ទីប្រជុំជន និងតំបន់​ទំនាប ហើយធ្វើឲ្យ​មនុស្ស ជាប់​នៅក្នុងផ្ទះ រកពេលចេញទៅខាងក្រៅមិនបាន និងរារាំង​ដល់ការធ្វើចរាចរណ៍ តាមផ្លូវថ្នល់ ផ្លូវរថភ្លើង ក្នុងតំបន់ថែមទៀតផង ។

ប្រភពព័ត៌មានដដែល បានបន្ដថា ចំនួនជនរងគ្រោះដែលបានបាត់បង់ជីវិត បានកើនឡើងយ៉ាង​ច្រើន ក៏ដោយសារតែ​ការបាក់រលំដំបូលផ្ទះសង្កត់ និងត្រូវចរន្តអគ្គិសនីឆក់ស្លាប់ ។ ដោយឡែកសត្វពាហនៈជាច្រើន​រយក្បាល ដែល​មនុស្ស​នាំគ្នាទិញ ទុកបម្រុងកាប់​យកសាច់ សម្រាប់រៀបចំពិធីបុណ្យសាសនា Eid នៅថ្ងៃទី១២ ខែសីហា ឆ្នាំ២០១៩នោះ ត្រូវចរន្តអគ្គិសនីឆក់ងាប់ ហើយត្រូវទឹកហូរកួច នាំយកទៅបាត់ខ្លះៗផងដែរ ។

មន្ត្រីក្នុងតំបន់ បាន​ថ្លែងថា មនុស្សរាប់សិបនាក់ផ្សេងទៀត បាន​បាត់បង់ទីជម្រក ​ដោយសារមូលហេតុភ្លៀងធ្លាក់ខ្លាំង​ បង្កជាទឹកជំនន់ ។ ពួកគេ​បានភៀសខ្លួន ទៅស្នាក់នៅលើទីទួលមានសុវត្ថិភាព​បណ្តោះអាសន្ន ដោយជ្រក​នៅក្រោមដំបូល​ប្រក់តង់ ហើយនៅទីនោះ​ ពួកគេបានទទួលការផ្តល់​ម្ហូបអាហារ, មានទីកន្លែងដេក និងថ្នាំសង្កូវ​ខ្លះៗហើយដែរ ។

ការផ្គត់ផ្គង់ចរន្តអគ្គិសនី​ មាន៣៥ភាគរយ ​ត្រូវកាត់ផ្តាច់ នៅ​ក្នុងទីក្រុង ។ បញ្ហាអាកាសធាតុមិនអំណោចផលដូច្នេះហើយ ទើបធ្វើឲ្យបណ្តាញចែកចាយ​អគ្គិសនី ប្រហែល​៥០០កន្លែង ​ត្រូវបិទផ្អាក​ផ្គត់ផ្គង់ចរន្តអគ្គិសនីជាបណ្តោះអាសន្ន ជាពិសេស​នៅតំបន់ដែលជំនន់ទឹកភ្លៀងវាយប្រហារ​ខ្លាំង ដើម្បីបញ្ចៀសហានិភ័យ​ពីគ្រោះថ្នាក់ឆក់ខ្សែភ្លើង ។

ជាមួយគ្នានេះ អាជ្ញាធរ​​បានអំពាវនាវដល់ប្រជាជន​ ជាពិសេស ​កុមារៗ ត្រូវនៅឲ្យឆ្ងាយ​ពីបង្គោលភ្លើង និងនៅក្នុងផ្ទះជានិច្ច ក្នុងអំឡុងពេលភ្លៀង​កំពុងធ្លាក់ខ្លាំង ដើម្បីបញ្ចៀសនូវ​គ្រោះថ្នាក់ជាយថាហេតុ ។

តំបន់ខ្លះ ប្រតិបត្តិការជួយសង្គ្រោះ ​ដោយកងកម្លាំងទាហាន និងកងទ័ពឈុតប៉ារ៉ា​ ត្រូវបានធ្វើឡើង ចំពោះប្រជាជន​ដែលរងគ្រោះ ឬជាប់នៅទីណាមួយកន្លែង ជាពិសេស​នៅខេត្ត Sindh នោះតែម្តង ។

មន្ត្រីប៉ាគីស្ថាន បន​អះអាងថា នេះជាលើកទី២ហើយ គឺគ្រោះធម្មជាតិ​បានកើតឡើង ​មិនដល់​៣សប្តាហ៍ផង ។ កាលពីក្នុងខែកក្កដា ឆ្នាំ២០១៩កន្លងទៅ​ គ្រោះធម្មជាតិនេះ បានបណ្ដាលឲ្យមនុស្ស​២៥នាក់បានស្លាប់ ​នៅតំបន់ទីប្រជុំជនការ៉ាជី​៕


ចែករំលែក៖