គ្រោះទឹកជំនន់បណ្តាលឲ្យអ្នកស្លាប់កើតឡើងជាបន្តបន្ទាប់ ។ អាជ្ញាធរឥណ្ឌា បានផ្លាស់ទីមនុស្សប្រមាណ១លាននាក់ ឲ្យទៅរស់នៅក្នុងជំរំសង្គ្រោះបន្ទាន់នៅរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ខណៈចំនួនអ្នកស្លាប់ ដោយសារគ្រោះទឹកជំនន់ទឹកភ្លៀង បានហក់ឡើងដល់១៨៤នាក់ នៅត្រឹមថ្ងៃទី១៣ខែសីហា ឆ្នាំ២០១៩ ។
តំបន់ភាគខាងត្បូងរដ្ឋ Kerala ជាតំបន់ទេសចរណ៍ ដែលមានឆ្នេរខ្សាច់, រមណីយដ្ឋានភ្នំ និងទំនប់ទឹកនោះ ជាតំបន់ដែលបានទទួលរងគ្រោះ អាក្រក់ជាងគេបំផុត ក្នុងរយៈពេល២ឆ្នាំជាប់គ្នា បានបង្ខំឲ្យបិទអាកាសយានដ្ឋានអន្តរជាតិ Kochi រយៈពេល៣ថ្ងៃ កាលពីសប្តាហ៍មុន ។
មនុស្សប្រមាណ២៨៨,០០០នាក់ នៅទូទាំងស្រុក ដែលរងផលប៉ះពាល់អាក្រក់ជាងគេ នៅក្នុងរដ្ឋ Kerala ក្នុងនោះរួមមានស្រុក Wayanad, Malappuram និងស្រុក Kozhikode ត្រូវបានផ្លាស់ទីទៅរស់នៅ ក្នុងជំរំជនភៀសខ្លួន ។
ក្នុងនោះយ៉ាងហោចណាស់មនុស្សចំនួន៤២នាក់ ក៏បានបាត់បង់ជីវិតផងដែរ នៅក្នុងរដ្ឋ Karnataka ដែលជាប់ព្រំដែនគ្នានោះ ដែលត្រូវបានគេមើលឃើញថា ជាគ្រោះទឹកជំនន់ដ៏អាក្រក់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។
មហាវិថី និងផ្លូវសំខាន់ជាច្រើន នៅទូទាំងតំបន់ដែលរងផលប៉ះពាល់ បានបំផ្លិចបំផ្លាញ ឬក៏កាត់ផ្តាច់ ដោយកម្ពស់ទឹកកើនឡើង ។ ជាមួយគ្នានោះ មន្ត្រីសង្គ្រោះបន្ទាន់ និងកងទ័ពមកពីកងទ័ពជើងគោក, ជើងទឹក និងជើងអាកាស ត្រូវបានដាក់ពង្រាយ ដើម្បីធ្វើប្រតិបត្តិការស្វែងរក, ជួយសង្គ្រោះ និងផ្តល់ជំនួយ ។
សូមរំលឹកថា កាលពីឆ្នាំមុន រដ្ឋ Kerala របស់ឥណ្ឌា បានរងការវាយប្រហារ ដោយគ្រោះទឹកជំនន់ដ៏អាក្រក់មួយ ក្នុងរយៈពេលជិតមួយសតវត្សរ៍ ដែលបានសម្លាប់មនុស្ស ប្រមាណ៤៥០នាក់ ៕