ស្ថានភាពទំនាក់ទំនងរវាងអ៊ីរ៉ង់ និងអាមេរិក កំពុងតែតានតឹង ជុំវិញសមុទ្រពែក្ស ដោយអាមេរិកបានស្នើដល់ បណ្តាប្រទេសជាមិត្ត បង្កើត កម្លាំងការពាររួម នៅសមុទ្រ ពេក្ស ដើម្បីការពារនាវាដឹកទំនិញ ។ នៅពេលនេះដែរ អង់គ្លេសក៏បានបញ្ជូននាវាចម្បាំងទី៣ទៅកាន់ ដែនសមុទ្រ ការពារនាវាដឹកទំនិញរបស់ខ្លួន ។
ដោយឡែក អ៊ីរ៉ង់ និងប្រទេសផ្សេងទៀត មានបំណងរក្សាកិច្ចព្រមព្រៀង បរមាណូដែលបានចុះហត្ថលេខាកាលពីឆ្នាំ២០១៥ បើទោះបីអាមេរិកដកចេញក្តី ។ ក្នុងចំណោមប្រទេស ដែលបានចុះហត្ថលេខាបារាំង សកម្មភាពជាងគេ ក្នុងការជំរុញរក្សាកិច្ចព្រមព្រៀងបរមាណូជាមួយអ៊ីរ៉ង់ ។
នៅពេលនេះ ដំណើរទស្សនកិច្ចដែលមិនមានការប្រកាសឲ្យដឹងជាមុន បានកើតឡើង ខណៈបារាំងបាន និង កំពុងខិតខំបញ្ចៀសស្ថានការណ៍តានតឹង រវាងអ៊ីរ៉ង់ និងសហរដ្ឋអាមេរិក នៅក្នុងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ ។
ស្របពេលនោះ ស្រាប់តែ ប្រមុខការទូតអ៊ីរ៉ង់ បានលេចមុខដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ហើយបានជួបពិភាក្សាការងារជាមួយប្រធានាធិបតីបារាំង លោក Emmanuel Macron ដាច់ដោយឡែកអំពីកិច្ចប្រជុំកំពូល G-7 ក្រោយពីមានការអញ្ជើញដ៏ភ្ញាក់ផ្អើលឲ្យប្រមុខការទូតអ៊ីរ៉ង់ មកកាន់ប្រទេសបារាំង ។
លោក Mohammad Javad Zarif បានចុះជាន់ដល់ទឹកដីទីក្រុងមាត់សមុទ្រ Biarritz ប្រទេសបារាំង កាលពីថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ម្សិលមិញនេះ ។ នៅទីនោះ មេដឹកនាំ នៃប្រទេសសេដ្ឋកិច្ចរីកចម្រើនទាំង៧ របស់ពិភពលោក (G-7) រួមមាន អាមេរិក, កាណាដា, បារាំង, អាល្លឺម៉ង់, អង់គ្លេស, អ៊ីតាលី និងជប៉ុន បាន និង កំពុងបើកកិច្ចប្រជុំកំពូលមួយ ពិភាក្សាលើបញ្ហាសំខាន់ៗជាច្រើន រួមមាន បញ្ហាពាណិជ្ជកម្មសកលលោក, ការបម្រែបម្រួលអាកាសធាតុ និងកម្មវិធីអាវុធនុយក្លេអ៊ែររបស់ប្រទេសអ៊ីរ៉ង់ផងដែរ ។
លោក Zarif ភ្លាមៗនោះដែរ បានចូលជួបជាមួយរដ្ឋមន្ត្រីការបរទេសបារាំង Jean-Yves Le Drian រយៈពេល៣ម៉ោងកន្លះ ។ បន្ទាប់មក លោកបានជួបពិភាក្សាជាមួយលោកប្រធានាធិបតី ម៉ាក្រុង រយៈពេលកន្លះម៉ោង ។
លោក Zarif បានថ្លែង នៅលើបណ្តាញសង្គមថា «សកម្មការទូតរបស់អ៊ីរ៉ង់ ក្នុងការស្វែងរកការចូលរួម ក្នុងន័យស្ថាបនានៅតែបន្ត ។ ផ្លូវដើរនៅខាងមុខ មានការលំបាក់ ប៉ុន្តែស័ក្តិសមនឹងការព្យាយាម» ។ រីឯយន្តហោះរបស់លោក Zarif បានចាកចេញពីបារាំង ភ្លាមៗ បន្ទាប់ពីបញ្ចប់កិច្ចប្រជុំនេះ ។ មន្ត្រីមួយរូប នៃខុទ្ទកាល័យប្រធានាធិបតីម៉ាក្រុង បានថ្លែងប្រាប់ AFP ថា ការពិភាក្សានេះ ប្រកបដោយលទ្ធផល ជា «វិជ្ជមាន» ។
សូមបញ្ជាក់ថា លោក ម៉ាក្រុង ប្រធានាធិបតីបារាំង គឺជាប្រធាន នៃកិច្ចប្រជុំប្រចាំឆ្នាំ របស់ក្រុម G-7 ហើយបារាំងធ្វើជាម្ចាស់ផ្ទះវិលជុំ ។ លោកប្រធានាធិបតីបារាំងរូបនេះ បានដឹកនាំ ដោយខិតខំបញ្ចៀសស្ថានការណ៍តានតឹង ក្រោយពេលលោក ដូណាល់ ត្រាំ ប្រធានាធិបតីអាមេរិក ប្រកាសដកខ្លួនចេញ ពីកិច្ចព្រមព្រៀងនុយក្លេអ៊ែរជាមួយអ៊ីរ៉ង់ និងបានប្រកាសដាក់ទណ្ឌកម្មជាថ្មី ដើម្បីបង្ខំឲ្យអ៊ីរ៉ង់ បោះបង់ចលោកនូវកម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ។ ទោះជាយ៉ាងណា លោក Zarif មិនបានជួបជាមួយលោក ដូណាល់ ត្រាំ នោះឡើយ ដោយសារលោកកំពុងស្ថិតនៅក្នុងកិច្ចប្រជុំកំពូល G-7 ៕