ព័ត៌មានទាន់ហេតុការណ៍៖

វិបត្តិកោះហុងកុង បាតុករដាក់គំនាបឲ្យមេដឹកនាំលាលែងពីតំណែង

ចែករំលែក៖

ក្រុមបាតុករនៅកោះហុងកុងមិនមានសញ្ញាបញ្ចប់នោះឡើយបើទោះបី​ កម្លាំងសន្តិសុខបាន​រឹតបន្តឹងក្តី ។ ក្រុមបាតុករហុងកុង បានដាក់គំនាបយ៉ាងខ្លាំងទៅលើមេដឹកនាំ គឺលោកស្រី​ Carrie Lam ​ឲ្យចុះចេញពីតំណែង ដោយសារតែលោកស្រីមិនអាច ដោះស្រាយស្ថានភាព បញ្ចប់​វិបត្តិ​នៅក្នុងតំបន់នេះ ។ ក្រុមបាតុករចាត់ទុកសមត្ថភាពរបស់លោកស្រី មិនអាចដោះ​ស្រាយវិបត្តិ នៅក្នុងហុងកុងនាពេលនេះបាន ។

មេដឹកនាំហុងកុង លោកស្រី Carrie Lam បានបន្ដថា លោកស្រីបានបង្កនូវការបំផ្លិច​បំផ្លាញ​ដែលមិនអាចលើកលែងបាន ដោយសារតែការមិនអើពើនឹងវិបត្តិនយោបាយ ដែលកំពុង​តែហ៊ុមព័ទ្ធទីក្រុងហុងកុង ហើយលោកស្រីនឹងលាលែងពីតំណែង​ ប្រសិនបើ​លោក​ស្រីមាន​ជម្រើស ។

នៅក្នុងកិច្ចប្រជុំបិទទ្វារមួយ លោកស្រី​មេដឹកនាំហុងកុង បានប្រាប់ថា ឥឡូវនេះ លោកស្រី​មានចំណុចជាច្រើន សម្រាប់ដោះស្រាយវិបត្តិ ពីព្រោះភាពចលាចលនេះ បានក្លាយជា​បញ្ហាសន្តិសុខ និងអធិបតេយ្យភាព​ជាតិ​សម្រាប់​ប្រទេស​ចិន ចំពេលមានភាពតានតឹង កើន​ឡើងជាមួយសហរដ្ឋអាម៉េរិក ។

មេដឹកនាំហុងកុង បាននិយាយជាភាសាអង់គ្លេសថា“ ប្រសិនបើខ្ញុំមានជម្រើស ហើយរឿង​ដំបូងនោះ គឺខ្ញុំនឹងត្រូវលាលែងពីតំណែង និងសុំទោសប្រជាពលរដ្ឋហុងកុង” ។

ប្រជាពលរដ្ឋហុងកុង បានធ្វើបាតុកម្មទ្រង់ទ្រាយធំ ចាប់តាំងពីខែមិថុនា ឆ្នាំ២០១៩ ដោយ​ប្រ​​ឆាំង​នឹងសេចក្តីស្នើច្បាប់របស់រដ្ឋបាលលោកស្រី Carrie Lam មេដឹកនាំហុងកុង ដែល​នឹងអនុញ្ញាតឱ្យធ្វើបត្យាប័ន បញ្ជូន​ជនសង័្សយ​ពាក់​ព័ន្ធនឹងបទឧក្រិដ្ឋ ពីកោះហុងកុង ទៅកាត់​ទោស នៅលើទឹកដីចិនដីគោក ។ ប៉ុន្ដែក្រោយពីមានការធ្វើបាតុកម្មទ្រង់​ទ្រាយធំ​នោះមក ច្បាប់នេះក៏ត្រូវបានលុបចោលវិញ ។

ទោះជាយ៉ាងនេះក្ដី មេដឹកនាំ ហុង កុង ក៏នៅតែមិនអាចបញ្ចប់ភាពចលាចល នៅលើដែន​កោះ​នេះបានដដែក ។ លើសពីនេះទៅទៀត ក្រុមអ្នកតវ៉ាបានពង្រីកនូវការទាម​ទាររបស់​ពួកគេ​បន្ថែមទៀត ដោយជំរុញឲ្យលោកស្រី Carrie Lam ចុះចេញពីតំ​ណែងថែម​ទៀត​ផង ។ រីឯបាតុកម្មទ្រង់ទ្រាយធំ បានបន្ដឡោមព័ទ្ធទីក្រុងម្តងទៀត កាលពីចុងសប្តាហ៍មុន ។

ដោយឡែក លោកស្រីមេដឹកនាំ កោះហុង កុង វិញ បាននិយាយថា ទីក្រុងប៉េកាំងមិន​បានដាក់​ឱសានវាទណាមួយ សម្រាប់ការបញ្ចប់វិបត្តិ នៅមុនថ្ងៃប្រារព្ធទិវាជាតិ ដែលនឹង​ត្រូវធ្វើ​ឡើងនៅថ្ងៃទី១ ខែតុលា ខាងមុខនេះឡើយ ។ លោកស្រី ក៏បានបញ្ជាក់ទៀតថា ប្រទេសចិនគ្មានផែនការណាមួយ ដើម្បីដាក់ពង្រាយកងទ័ពរំដោះប្រជាជន នៅតាមដង​ផ្លូវនានា នៅក្នុងទីក្រុងហុង កុង នោះទេ៕


ចែករំលែក៖