ព័ត៌មានទាន់ហេតុការណ៍៖

ព្យុះកំណាចសំដៅទៅរដ្ឋFlorida ជើងហោះហើរជាច្រើនត្រូវលុបចោល

ចែករំលែក៖

ព្យុះសង្ឃរា ​Dorian គឺជាព្យុះកំណាច​បំផុតនៅក្នុងឆ្នាំនេះ សំដៅទៅកាន់ទឹកដីអាមេរិក ក្នុងដ្ឋ Florida​ ក្រោយបោកបក់បំផ្លាញ នៅលើកោះ បាហាម៉ា ។ ​នៅពេលនេះ ជើង​ហោះហើរ​ប្រមាណ​ជាង​១៥០០ជើង ត្រូវលុបចោល នៅក្នុងរដ្ឋ Florida ដើម្បីសុវត្ថិភាពអ្នកដំណើរ ។

តាមទិន្នន័យ​ដែលបានផ្សព្វផ្សាយ ​នៅលើគេហទំព័រ FlightAware.com បញ្ជាក់ថា តាមការ​ប៉ាន់ប្រមាណ ជើងហោះហើរ ១៥០០​ជើង ទាំងទៅ និងត្រឡប់មកវិញ​​ នៅរដ្ឋ Florida ត្រូវបាន​ប្រកាស​លុបចោល ដើម្បីជាវិធានការ​បង្កា​​រ​ទុកជាមុន ពីគ្រោះថ្នាក់ជាយថាហេតុ​ បណ្តាល​មកពីខ្យល់ព្យុះ Dorian នោះ ។

ប្រភពព័ត៌មានដដែល បានបន្តថា ការលុបចោលជើងហោះហើរនេះ បានធ្វើឲ្យប៉ះពាល់​ដល់​​ប្រតិ​​បត្តិការ ​​នៅអាកាសយានដ្ឋាន​ទីក្រុង Miami, Orlando, Fort Lauderdale ហើយ​និង Palm Beach ផងដែរ ។

កាល​ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០១៩ ខ្យល់ព្យុះ Dorian បានវិវឌ្ឍ​ខ្លួន​ ក្លាយជា​ខ្យល់ព្យុះមាន​កម្លាំងខ្លាំង​ប្រភេទទី៥ ។ រីឯកម្លាំងខ្យល់ មានល្បឿនបក់បោក ​ចម្ងាយ​ប្រហែល​២៩៧គីឡូ​ម៉ែត្រ ក្នុងមួយម៉ោង​ (១៨៥ម៉ៃល៍) ។ ​

ព្យុះកំណាច Dorian នេះដែរ​ បាននាំមកជាមួយនូវភ្លៀងធ្លាក់ខ្លាំងយ៉ាងខ្លាំង ផ្ទររន្ទះ ខ្យល់​កួច​យ៉ាងសាហាវ គួរឲ្យរន្ធត់ ឆ្លងកាត់ប្រទេសដែនកោះ Bahamas ​កាលពីថ្ងៃទី​២ ខែកញ្ញា ឆ្នាំ២០១៩ ធ្វើឲ្យខូចខាង​លំនៅឋាន ចំនួន១៣ ០០០​ខ្នង និងសម្លាប់មនុស្ស​យ៉ាងតិច​៥នាក់​ ។ ខ្យល់ព្យុះ Dorian នៅពេលបច្ចុប្បន្ននេះ បានថយឥទ្ធិពល​មកនៅ​ត្រឹមប្រភេទ​លេខ​៣វិញ ស្ថិតនៅ​តំបន់ដែនកោះ Grand Bahama ។

ជាមួយគ្នានេះដែរ ក្រុមអ្នកសង្គ្រោះ បានរៀបចំដោះស្រាយការងារមនុស្សធម៌ បន្ទាប់ពីព្យុះ​មានកម្លាំងខ្លាំង បានវាយប្រហារទៅលើកោះនេះ បណ្ដាលឲ្យមានមនុស្សស្លាប់យ៉ាងតិច​៥នាក់ស្លាប់ ។ ប៉ុន្ដែទោះជាយ៉ាងណាទំហំ នៃការបំផ្លិចបំផ្លាញ ដោយសារគ្រោះមហន្ដរាយ​នេះ គឺអាជ្ញាធរនៅលើកោះនេះ មិនទាន់ដឹងនៅឡើយ ។

យោងតាមវីដេអូដែលថតបានទៅលើដែនកោះនោះ បានបង្ហាញថា តំបន់ជិតនោះ រាប់សិប​​គីឡូ​ម៉ែត្រ ត្រូវបានទឹកជន់លិច អគារខ្លះត្រូវបាក់បែក និងទូកុងតឺន័រ ក៏ដូចជាទូកតូចៗ ត្រូវខ្ទាតរាយប៉ាយពេញដី ។

ក្រុមអ្នកព្យាករណ៍ បាននិយាយថា ក្នុងរយៈពេល៣៦ម៉ោងទៀត ព្យុះនេះនឹងបង្កគ្រោះថ្នាក់ បន្ទាប់ពីវាទៅដល់ឆ្នេរខាងកើត នៃរដ្ឋផ្លរីដា ជាទីដែលមានមនុស្សជាងមួយលាននាក់ ត្រូវបាន ជម្លៀសចេញ ។

លោក ហ្វីលីព ប្រេដដាវីស មេដឹកនាំក្រុមប្រឆាំង នៃកោះបាហាម៉ាស បានប្រាប់ក្រុមអ្នក​យកព័ត៌មានថា“ នេះជាការមើលឃើញដ៏គួរឱ្យរន្ធត់មួយ” ។ លោក Brave Davis បានប្រាប់​ក្រុមអ្នកយកព័ត៌មាន នៅអាកាសយានដ្ឋាន Nassau បន្ទាប់ពីលោករួមដំណើរតាម​យន្ដហោះរួមគ្នាជាមួយនាយករដ្ឋមន្រ្តី Bahamas លោក Hubert Minnis ថា “សហគមន៍​នានាត្រូវបានកាត់ផ្តាច់ ហើយផ្លូវថ្នល់នានា ត្រូវទឹកជន់លិច ” ។

ជាមួយគ្នានេះ លោកនាយករដ្ឋមន្រ្ដី Minnis បានថ្លែងថា៖ «ប្រជាជនជាច្រើន ត្រូវការអា​ហារ សន្តិសុខ និងទីជម្រក ។ នៅក្នុងតំបន់ Freeport នៃកោះ Grand Bahama ក្រុមអ្នកជួយ​សង្រ្គោះ បានជិះស្គី និងទូកព្យាយាមជួយសង្គ្រោះមនុស្សរាប់រយនាក់ ដោយសារផ្ទះ​របស់ពួកគេត្រូវទឹកជន់លិច៕


ចែករំលែក៖