ទីតាំងផលិតកាំជ្រួចផ្កាភ្លើង ដែលមិនមានប្រព័ន្ធធានាសុវត្ថិភាព តែងតែ ជួបគ្រោះថ្នាក់ផ្ទុះឆេះ ជាបន្តបន្ទាប់នៅតាមបណ្តាប្រទេសក្នុងតំបន់អាស៊ី ក្នុងនោះមានបង់ក្លាដែស ចិន ឥណ្ឌា ជាដើម។ នៅពេលនេះសកម្មភាពផលិតកាំជ្រួច ក៏បានកើនឡើងដោយជិតដល់រដូវប្រើប្រាស់កាំជ្រួចផ្កាភ្លើងកាន់តែច្រើន ពិសេសគឺឆ្លងឆ្នាំ។
កាលពីថ្ងៃទី៤ ខែកញ្ញា ទីតាំងផលិតកាំជ្រួចនៅឥណ្ឌា បានផ្ទុះឆេះ បណ្តាលឲ្យមានអ្នកស្លាប់កើនឡើងចំនួន២២នាក់ និងប្រហែល២០នាក់ផ្សេងទៀត រងរបួស។ហេតុការណ៍ផ្ទុះរោងចក្រផលិតកាំជ្រួចនេះ បានកើតឡើង នៅវេលាម៉ោង១៥ និង៤៥នាទី (ម៉ោងនៅក្នុងតំបន់) នៅក្នុងស្រុក Gurdaspur រដ្ឋ Punjab នាភាគខាងជើង នៃប្រទេសឥណ្ឌា។
ប្រព័ន្ធផ្សព្វផ្សាយ ក្នុងតំបន់ បានដកស្រង់ប្រភពពីមន្ត្រីជាន់ខ្ពស់ ដោយបានបញ្ជាក់ថា ក្នុងចំណោមជនរងគ្រោះដែលបានបាត់បង់ជីវិត គឺជាកម្មករបម្រើការ នៅក្នុងរោងចក្រ និងម្នាក់ទៀត ជាម្ចាស់រោងចក្រ។ ក្រៅពីនេះ ក៏នៅមានអ្នកដំណើរឆ្លងកាត់ទីនោះ ក៏បានរងគ្រោះបាត់បង់ជីវិតផងដែរ ។
ប្រភពព័ត៌មានដដែល បានបញ្ជាក់ថា នៅក្នុងរោងចក្រនោះ មានស្តុកទុកកាំជ្រួចជាច្រើន នៅពេលមានហេតុការណ៍ដ៏អាក្រក់នេះកើតឡើងភ្លាមៗ ភ្លើងបានឆាបឆេះរោងចក្រទាំងមូលយ៉ាងសន្ធោសន្ធៅឡើងតែម្ដង។
កងកម្លាំងទប់ស្កាត់គ្រោះមហន្តរាយ បានទៅកាន់កន្លែងកើតហេតុ ហើយធ្វើប្រតិបត្តិការជួយសង្គ្រោះភ្លាមៗ។ ប៉ុន្តែទោះជាយ៉ាងណា ករណីនេះបានបណ្តាលឲ្យជនរងគ្រោះបាត់បង់ជីវិតជាង២០នាក់។
មន្ត្រីជាន់ខ្ពស់នៅក្នុងតំបន់ បានសម្តែងនូវទុក្ខសង្រេង ចំពោះជនរងគ្រោះបាត់បង់ជីវិត ក្នុងហេតុការណ៍នេះ ។ រដ្ឋបាលក្នុងតំបន់ ក៏បានប្រកាសផ្តល់ជំនួយ ២០០ ០០០ រ៉ូប៊ី (ប្រហែល២ ៨៥៧ដុល្លារអាមេរិក) ជនរងគ្រោះបាត់បង់ជីវិត និង ៥០ ០០០ រ៉ូប៊ី (ប្រហែល ៧១៤ដុល្លារ) សម្រាប់អ្នករងរបួសធ្ងន់ធ្ងរ កំពុងសម្រាកព្យាល នៅក្នុងមន្ទីរពេទ្យក្បែរទីនោះ។ ទោះជាយ៉ាងណា មូលហេតុ នៃហេតុការណ៍គ្រោះថ្នាក់នេះ កំពុងស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ៕