ក្រុមស្ត្រីអ៊ីស្លាមនាសម័យបច្ចុប្បន្ន បានខិតខំស្វែងរកសិទ្ធិ របស់ខ្លួន នៅក្នុងសង្គម ដោយមានការតវ៉ាទាមទារ ជាច្រើននៅតាមបណ្តាប្រទេស អារ៉ាប់ កាន់សាសនាអ៊ីស្លាម ។ កន្លងមកប្រទេសសាឌី អារ៉ាប៊ី ក្រុមស្ត្រីក៏ទាមទារសិទ្ធិនៅក្នុងការបើកបររថយន្ត ហើយការទាមទារនោះទទួលបានជោគជ័យ ដោយព្រះរាជ្យទាយាទ ប៊ីល សាលម៉ែនយល់ព្រម ។
ក្រៅពីនោះក៏មានសិទ្ធិ ដើរហើរ ដោយសេរីភាព ក្នុងនោះមានការធ្វើដំណើរចេញទៅក្រៅប្រទេសមិនចាំបាច់ មានស្វាមីឬបងប្រុសទៅជាមួយ ដូចកាលពីមុន។ អាចនិយាយបានថា ស្ត្រីអារ៉ាបក៏ទទួលបានសិទ្ធិជាច្រើននៅក្នុងការរស់នៅ ដោយមានសេរីភាពជាងមុន។
អ្វីដែលគួរឲ្យចាប់អារម្មណ៍បំផុតនោះ គឺស្ត្រី អ៊ីស្លាមមានការរួបរួមសមគ្គីបានយ៉ាងល្អបំផុត ដោយមានគោលនយោបាយ ការពារ ស្ត្រីដូចគ្នា រួមផុតពីការកេងប្រវ័ញ្ច បៀតបៀនផ្លូវភេទជាដើម។ បច្ចុប្បន្នឲ្យតែមាន ស្ត្រីរូបណាដែលទទួលនូវរឿងអយុត្តិធម៌ ក្នុងសង្គមគឺតែងតែមានការតវ៉ាពីក្រុមស្ត្រី ។
ជាក់ស្តែងក្រុមស្ត្រីអ៊ីស្លាមនៅក្នុងប្រទេស ប៉ាឡេស្ទីន បានរួមគ្នាប្រឆាំង ក្រោយពេល ស្ត្រីប៉ាឡេស្ទីន វ័យ២១ឆ្នាំម្នាក់ បានរងរបួសជាទម្ងន់ នៅត្រង់ឆ្អឹងខ្នង ហើយត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ រយៈពេល២សប្តាហ៍ ក៏បានស្លាប់។ ក្រុមអង្គការសិទ្ធិមនុស្ស អះអាងថា ការស្លាប់របស់ជនរងគ្រោះ ពាក់ព័ន្ធនឹងការធ្វើទារុណកម្ម និងអំពើហិង្សាក្នុងគ្រួសារ។ ប៉ុន្តែករណីនេះ ត្រូវបានគេបដិសេធការចោទប្រកាន់នេះ ដោយលើកឡើងថា នាងស្លាប់ ដោយសារជំងឺគាំងបេះដូង។ ដោយសារតែបញ្ហានេះ ទើបនាំឲ្យមានខឹងសម្បា ពីសំណាក់ប្រជាជនប៉ាឡេស្ទីន ទើបឈានដល់ការផ្ទុះបាតុកម្មបែបនេះ។
ស្ត្រីរាប់រយនាក់ នៅប៉ាឡេស្ទីន បានធ្វើបាតុកម្ម នៅដែនដី West Bank កាលពីថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០១៩ ដើម្បីទាមទារឲ្យមានការការពារស្របច្បាប់បន្ថែមទៀត ចំពោះស្ត្រីភេទ បន្ទាប់ពីនារីម្នាក់អាយុ២១ឆ្នាំ កាលពីខែមុននេះ បានស្លាប់ ហើយត្រូវក្រុមអង្គការសិទ្ធិមនុស្សចាត់ទុកថា នេះជាការ«សម្លាប់ដ៏រន្ធត់»។
ក្រុមអង្គការសិទ្ធិមនុស្ស ក្នុងតំបន់ អះអាងថា នារីរងគ្រោះ Israa Gharib បានស្លាប់ កាលពីថ្ងៃទី២២ ខែសីហា ប៉ុន្មានថ្ងៃប៉ុណ្ណោះ បន្ទាប់ពីនាងចាកចេញពីមន្ទីរពេទ្យ នៃទីក្រុង Beit Sahour ជិតតំបន់ Bethlehem ដែលជាស្រុកកំណើតរបស់នាង ។ នាង Gharib ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ ដោយសាររងរបួស នៅត្រង់ឆ្អឹងខ្នងមានសភាពធ្ងន់ធ្ងរ កាលពីប្រហែល២សប្តាហ៍មុន។
អាជ្ញាធរប៉ាឡេស្ទីន បាន និង កំពុងស៊ើបអង្កេតការស្លាប់របស់នារីវ័យក្មេងខាងលើនេះ ហើយគេនិយាយថា ករណីនេះ បណ្តាលមកពីក្រុមគ្រួសាររបស់នាង ជាអ្នកធ្វើទារុណកម្ម។ ការចោទប្រកាន់បែបនេះ ត្រូវបានក្រុមគ្រួសាររបស់នាង ច្រានចោល ។
ក្រុមគ្រួសាររបស់នាង Gharib បាននិយាយថា នាង Gharib មានជំងឺផ្នែកស្មារតី ហើយនាងបានស្លាប់ ដោយសារជំងឺគាំងបេះដូង បន្ទាប់ពីនាងបានធ្លាក់ពីលើផ្ទះ។
ករណីរបស់នាង Gharib បានធ្វើឲ្យជនជាតិប៉ាឡេស្ទីន ខឹងសម្បាយ៉ាងខ្លាំង ជាពិសេស ក្នុងចំណោមស្ត្រីៗ បង្កឲ្យរំជើបរំជួលពេញបណ្តាញទំនាក់ទំនងសង្គម នាំគ្នាធ្វើបាតុកម្ម។ ក្រុមសកម្មជនការពារសិទ្ធិមនុស្ស បានទាមទារ ឲ្យរដ្ឋាភិបាល មានសកម្មភាពប្រឆាំងចំពោះអ្នកប្រព្រឹត្ត និងការពារចំពោះស្ត្រីភេទតាមផ្លូវច្បាប់ ឲ្យបានគត់មត់ជាងពេលបច្ចុប្បន្ននេះ។
ស្ត្រីប៉ាឡេស្ទីនយ៉ាងតិច១៨នាក់រួចមកហើយ ត្រូវបានសម្លាប់ ដោយសមាជិកក្រុមគ្រួសារ នៅក្នុងឆ្នាំ២០១៩នេះ ហើយក្នុងនោះក្រុមអង្គការក្រៅរដ្ឋាភិបាល បានចាត់ទុកថា ជាការរំលោភបំពានធ្ងន់ធ្ងរដល់សិទ្ធិជាមូលដ្ឋានរបស់ស្ត្រីប៉ាឡេស្ទីនទាំងមូល។
នៅទីក្រុង Ramallah ដែនដី West Bank បាតុករស្ត្រីជាច្រើនរយនាក់ បានបាតុកម្មទាមទារឲ្យមានការការពារស្ត្រីភេទ ស្របតាមច្បាប់ឲ្យកាន់តែប្រសើរឡើងជាងមុន និងទាមទារយុត្តិធម៌ ចំពោះស្ត្រីដែលរងទុក្ខបុកម្នេញទាំងរាងកាយ និងផ្លូវចិត្ត។
ទាក់ទិននឹងការស្លាប់របស់នារីវ័យក្មេង Gharib ខាងលើនេះដែរ អាជ្ញាធរប៉ាឡេស្ទីនប្រចាំក្នុងតំបន់ បានចាប់ខ្លួនមនុស្សជាច្រើននាក់ ដើម្បីសាកសួរ ខណៈដែលកំពុងដំណើរការបើកការស៊ើបអង្កេត។ ក្រុមបាតុករ បានអំពាវនាវរដ្ឋាភិបាលប៉ាឡេស្ទីន បង្កើតកម្មវិធីបង្រៀន គោលការណ៍អំពីភេទស្មើភាពគ្នា និងកែទម្រង់ប្រព័ន្ធច្បាប់ ដើម្បីធានាថា អ្នកដែលប្រព្រឹត្តល្មើសសមនឹងទទួលនូវទង្វើរបស់ខ្លួន។
ជាមួយនឹងច្បាប់ ការពារស្ត្រី ជាច្រើនដែលបានអនុម័ត នៅតាមបណ្តាប្រទេសនៅក្នុងតំបន់អារ៉ាប់ បានជួយឲ្យស្ត្រីមួយចំនួន សម្រេចភៀសខ្លួនទៅសុំសិទ្ធិរស់នៅក្រៅប្រទេស ។ ជាក់ស្តែងកន្លងមកស្ត្រីដែលជាភរិយាទី៤របស់ មន្ត្រីជាន់ខ្ពស់ អារ៉ាប៊ីសាអូឌីតមួយរូប បានដឹកកូនពីរនាក់ចាកចោលស្វាមីសុំសិទ្ធិរស់នៅក្នុងប្រទេសអាល្លឺម៉ង ។ ដោយសារតែស្ត្រីជាភរិយាមួយចំនួន មិនទទួលបានភាពកក់ក្តៅនឹងសុភមង្គល់នៅក្នុងគ្រួសារ។ តាមព្រពៃណី បុរសអ៊ីស្លាមដែលមានសមត្ថភាពទ្រព្យសម្បត្តិ គ្រប់គ្រាន់អាចយក ប្រព័ន្ធបានលើសពីម្នាក់ ខ្លះមានប្រព័ន្ធដល់ទៅ៤នាក់៕