ព័ត៌មានទាន់ហេតុការណ៍៖

ពលរដ្ឋ១៧គ្រួសារនៅខេត្តឧត្ដរមានជ័យ ចោទលោក ឈួន ហុក ប្រធានក្រុមប្រឹក្សា ខេត្តសៀមរាបថា បានរំលោភយកដីរបស់ពួកគាត់

ចែករំលែក៖

ខេត្តឧត្ដរមានជ័យ៖ ប្រជាពលរដ្ឋចំនួន ១៧គ្រួសាររស់នៅក្នុងភូមិកូនក្រៀរ សង្កាត់កូនក្រៀរ ក្រុងសំរោងខេត្តឧត្ដរមានជ័យ នៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០១៩ បានចោទប្រកាន់ទៅលើលោកឈួន ហុក ប្រធានក្រុមប្រឹក្សា ខេត្តសៀមរាបថា បានរំលោភយកដីសង់លំនៅឋាន របស់ពួកគាត់ ២០ម៉ែត្រគុណ១០០ម៉ែត្រ ស្ថិតនៅភូមិកូនក្រៀរ សង្កាត់កូនក្រៀរ ។

ក្នុងចំណោម ពលរដ្ឋទាំង១៧គ្រួសារខាងលើ លោកយ៉ែម យ៉ុន អាយុ៥៤ឆ្នាំ ជាជនពិកា និងជាប្រធានក្រុម ក្នុងភូមិកូនក្រៀរ បានឲ្យដឹងថា ប្រជាពលរដ្ឋចំនួន១៧គ្រួសារ បូករួមទាំងអស់ ពិតជាត្រូវបានលោកឈួន ហុក ប្រធានក្រុមប្រឹក្សាខេត្តសៀមរាប​រំលោភយកពិតប្រាកដមែន ដែលជាប្រភេទដីសង់លំនៅឋាន និងមានលិខិតកាន់កាប់ និងប្រើប្រាស់ដីធ្លី ចាប់តាំងពីឆ្នាំ២០០០ ដែលមានទំហំ២០ម៉ែត្រគុណ១០០ម៉ែត្រ និងមានការ ដឹងលឺពីអាជ្ញាធរភូមិ ឃុំទៀតផង ។

ពលរដ្ឋបានបន្ដថា លោកឈួន ហុក បានរំលោភយក ដីរបស់គាត់នៅឆ្នាំ២០១៧ ដោយមានឈ្មោះនេត លុន ជាអ្នកដាក់គ្រឿងឈូសឆាយ និងមានការប្ដឹងផ្ដល់នៅតុលាទៀតផង។

ក្រោយមកស្រាប់តែចេញមុខលោក ឈួន ហុក ក្រុមប្រឹក្សាខេត្តសៀមរាប ចេញមុខមកអះអាងថា ជាដីកម្មសិទ្ធិរបស់លោកទៅវិញ ។

ប្រជាពលរដ្ឋខាងលើសូមអំពាវនាវដល់សម្ដេចតេជោហ៊ុន សែន ជួយរកយុត្តិធម៌ជូនគាត់ផង ព្រោះជនដែលរំលោភយកដីពួកគាតត់ជាអ្នកមានអំណាច​ដ៏ធំនៅខេត្តដៀមរាប ដែលមានតួនាទីជាប្រធានក្រុមប្រឹក្សាខេត្តសៀមរាប ។

លោក ឈួន ហុក បានអោយដឹងតាមទូរសព្ទ័ថា លោកមិនបានរំលោភទេ គឺលោកទិញដីនេះពីឈ្មោះ នេត លុន នៅឆ្នាំ២០០៦ ។ លោកបន្តថា បើចង់ដឹងអាចទៅជួបចៅសង្កាត់បាន ព្រោះឯកសារលោកទុកនៅចៅសង្កាត់ រឿងចោទប្រកាន់ថា លោករំលោភយកដីរបស់ពួកគាត់ លោកមិនអាចទទួលបានទេ​។​

លោកបន្តថា បើពលរដ្ឋថា ជាដីរបស់ពួកគាត់អោយពួកគាត់យកលិខិតកាន់កាប់ពីអាជ្ញាធរមកផ្ទៀងផ្ទាត់គ្នា បើពលរដ្ឋមានលិខិតកាន់កាប់មុន លោកនិឹងប្ដឹងអ្នកដែលយកដីនោះ​លក់អោយរូបលោក៕ ប៉ែន នួន


ចែករំលែក៖