ខេត្តឧត្តរមានជ័យ ៖ មានភាពមិនប្រក្រតីក្នុងតំណែង ពាក់ព័ន្ធទៅនិងការគ្រប់គ្រងដឹកនាំដោយ លោក អុឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើឧត្តរមានជ័យ ឈានដល់មានការទម្លាយអំពើពុករលួយ ជាលាភ ផលប្រយោជន៍ ផ្ទុយពីគោលការណ៍ថ្នាក់លើអោយទប់ស្កាត់បទល្មើសព្រៃឈើ បែរជាទាញយកប្រយោជន៍ពីបទល្មើសឈើទៅវិញ..?
មន្ត្រីបានលួចបង្ហើបថា៖ បុគ្គលលោក អុឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើឧត្តរមានជ័យ បានប្រឹងការងារខាងប្រមូលផលស្ងប់ស្ងាត់គ្រប់ទិសទីពីកូនចៅ ក្នុងតំណែងជាសង្កាត់-ផ្នែករដ្ឋបាលព្រៃឈើ អន្លង់វែង សំរោង ,និងបន្ទាយអំពិល កំពុងកាក់កបយ៉ាងខ្លាំងដោយប្រព្រឹត្តអំពើពុករលួយយ៉ាងពេញបន្ទុក ខណៈមានគណៈកម្មការថ្នាក់ជាតិ មានវិធានការចុះបង្ក្រាបបទល្មើសធនធានធម្មជាតិទូទាំងប្រទេស ដោយរឹតបណ្តឹងការចេញច្បាប់ស្តីពីការអនុញ្ញាតបង្កេីត និងបន្តរោងសិប្បកម្មកែច្នៃ ផល អនុផលព្រៃឈេី ឆ្លៀតក្នុងឱកាសនេះ លោក អុឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើឧត្តរមានជ័យ បានបង្អាក់ការចេញ ច្បាប់ស្ដីពីការបង្កើតរោងសិប្បកម្មកែច្នៃ ផល អនុផលព្រៃឈេីក្នុងដែនសមត្ថកិច្ចខណ្ឌដោយតម្រូវឲ្យមន្ត្រីក្រោមឱវាទ សង្កាត់ និងផ្នែករដ្ឋបាលព្រៃឈើដែលរត់ការធ្វេីច្បាប់បង្កេីត ឬ បន្តរោងសិប្បកម្មនេះ បង់លុយបន្ថែមមួយកម្រិតទៀតគឺចំនួន២០០$ (ពីររយដុល្លារ) សម្រាប់ខ្ទង់ខាងមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្ត ដេីម្បីជួយដឹងឮថែមទៀត និងចេញច្បាប់បានលឿន។ ថ្មីៗនេះនៅខាងផ្នែករដ្ឋបាលព្រៃឈើអន្លង់វែង សំរោង ពិសេសជាងគេគឺនៅខាង ផ្នែករដ្ឋបាលព្រៃឈេីបន្ទាយអំពិល ដែលមាន លោក ឆាយ ដួងវិបុល ឋានៈនាយរងផ្នែករដ្ឋបាលព្រៃឈេីបន្ទាយអំពិល បានត្អួញត្អែរបេីកទម្លាយរឿងមិនប្រក្រតីដល់ប្រធានអង្គប្រជុំពីរឿង លោក អុឹម សៅវរិទ្ធ នាយខណ្ឌតម្រូវឲ្យគាត់ (នាយរងផ្នែក) ដោះស្រាយលុយបន្ថែមពីម្ចាស់រោងសិប្បកម្មដែលបានដាក់ពាក្យស្នេីសុំបន្ត និងបានផ្អាកមិនចេញ ច្បាប់មួយរយៈរហូតធ្វេីឲ្យអ្នកប្រកបមុខរបរ កែច្នៃឈើទាំងនោះធ្វើច្បាប់អត់បានតាមរយៈលោកជាអ្នករត់ការ រករឿងទាមទារយកលុយវិញ ប៉ុន្តែដោយលោក ឆាយ ដួងវិបុល មានទេពកោសល្យខ្ពស់ក្នុងការលួងលោម មេៗ និងម្ចាស់ស្នេីសុំច្បាប់សិប្បកម្ម បានតម្រូវឲ្យបង់ថ្លៃសេវាសាធារណៈចាប់ពី ៨០០$-១៥០០$ (ប្រាំបីរយដុល្លារ-មួយពាន់ប្រាំរយដុល្លារ) សម្រាប់អាជីវកម្មមួយកន្លែងៗ ដែលតម្លៃនេះលើសពីការកំណត់តម្លៃសេវារបស់អន្តរក្រសួងបានកំណត់។ ពលរដ្ឋជាច្រេីននាក់ដែលជាម្ចាស់រោងសិប្បកម្មកែច្នៃផល អនុផលព្រៃឈើបានឲ្យភ្នាក់ងារសារព័ត៌មាន យើងដឹងនៅព្រឹកថ្ងៃទី១៥ ខែកញ្ញាឆ្នាំ២០១៩នេះ ថា៖កន្លងមកដេីម្បី ធ្វេីច្បាប់កែច្នៃ ផល អនុផលព្រៃឈេីហ្នឹងបាន ខាងមេព្រៃសង្កាត់ ផ្នែក ខណ្ឌ តម្រូវឲ្យគាត់បង់លុយប្រាំបីរយដុល្លារ ទៅមួយពាន់ប្រាំរយដុល្លារ(៨០០$-១៥០០$) សម្រាប់ធ្វើច្បាប់ ដោយកំណត់ចំពោះអ្នកសុំបន្តច្បាប់រោងសិប្បកម្ម ចាប់ពី (៨០០$-៩០០$) សម្រាប់អ្នកសុំបង្កេីតរោងសិប្បកម្មថ្មី ឬដេប៉ូឈេី លក់ ចែកចាយចាប់ពី (៩០០$-១៥០០$) គេស្គាល់គ្រប់គ្នាថាក្នុងទឹក ដីស្រុកបន្ទាយអំពិល គឺមាន លោក ឆាយ ដួងវិបុល ឋានៈនាយរងផ្នែករដ្ឋបាលព្រៃឈេីបន្ទាយអំពិល នៅខាងសំរោង គឺមាន លោក ខន ខែម នាយផ្នែករដ្ឋបាលព្រៃឈើសំរោង បានទទួលរត់ការទៅតាម ខ្ទង់ចំណាយនីមួយៗ ចាប់ពីខ្ទង់របស់លោកនាយខណ្ឌរដ្ឋបាលព្រៃឈើឧត្ដរមានជ័យ លោកប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្ត រហូតធ្លាប់ឮថាមានដល់ខ្ទង់របស់លោកអភិបាលខេត្តទៀត ដោយប្រមូលលុយទាំងអស់ទុកជូនត្រឹម លោក អុឹម សៅវរិទ្ធ នាយខណ្ឌ តាមរយៈ មន្ត្រីរដ្ឋបាលម្នាក់ឈ្មោះ លោក ស៊ុំ ស៊ីថា ឮថាធ្វេីការល្អខាងទទួលយកលុយទុកឲ្យមេៗ ទេីបទទួលបានការតែងតាំងថ្មីជា នាយរងផ្នែករដ្ឋបាលព្រៃឈេីសំរោង អតីតមន្ត្រីខណ្ឌរដ្ឋបាលព្រៃឈើឧត្តរមានជ័យ ។ ភ្នាក់ងារសារព័ត៌មានយើងបានដឹងច្បាស់ចំពោះការធ្វើច្បាប់សិប្បកម្មកែច្នៃ ផល អនុផលព្រៃឈើ រដ្ឋបានកំណត់ តម្លៃច្បាប់ជាសេវាសាធារណៈ្រតឹ្រមតែ ១ ០០០ ០០០៛ (មួយលានរៀល) ស្មើនឹងប្រាក់ដុល្លារ ចំនួន២៥០$ តែប៉ុណ្ណោះ។ មហាជនបាននិយាយតៗគ្នា និងមានការសង្ស័យចំពោះ លោក ឆាយ ដួងវិបុល និង លោក ខន ខែម ហ៊ានទារថ្លៃសេវាលើសការកំណត់ របស់តម្លៃអន្តរក្រសួងបែបនេះ គឺអាចមានការឃុបឃិតគ្នាប្រព័ន្ធដោយមានការចាត់តាំងច្បាស់លាស់ជាមួយ លោក អុឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើឧត្តរមានជ័យ និង លោក សូត្រ សុីសុខឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ ហេីយមេីលទៅ បើមិនដូចនេះទេ គេមិនអាចធ្វេីការស្នេីសុំបង្កើត ឬ បន្តច្បាប់ រោងសិប្បកម្មកែច្នៃ ឬដេប៉ូ លក់ ចែកចាយផល អនុផលព្រៃឈេី ប្រព្រឹត្តទៅបានដោយរលូន និងលឿនបានឡើយ។ គួរបញ្ជាក់បន្ថែមផងដែរថា កន្លងមកការចេញច្បាប់បង្កេីត ឬបន្តរោងសិប្បកម្មកែច្នៃ ផល អនុផលព្រៃឈេី ឬរោងសន្និធិ (ដេប៉ូ) លក់ ចែកចាយ ផល អនុផលព្រៃឈេី គឺធ្វើពីលេីមកក្រោម ពោលគឺចុះហត្ថលេខាដោយ លោក អុឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើឧត្តរមានជ័យ និង លោកប្រធានមន្ទីររួចរាល់មុនហេីយ ទេីប លោក អុឹម សៅវរិទ្ធ នាយខណ្ឌ ហៅកូនចៅ ផ្នែក និងសង្កាត់សាមី មកចុះហត្ថលេខាលេីពាក្យស្នេីសុំតាមក្រោយបានយ៉ាងលឿនល្អទៅតាមតម្លៃម្ចាស់រោងសិប្បកម្មបានបង់។
ពាក់ព័ន្ធនឹងករណីខាងលើនេះ លោក ឆាយ ដួងវិបុល ឋានៈនាយរងផ្នែករដ្ឋបាលព្រៃឈេី លោក ខន ខែម ឋានៈនាយផ្នែករដ្ឋបាលព្រៃឈេីសំរោង អង្គភាពសារព័ត៍មានយើងមិនអាចទាក់ទងសុំការបំភ្លឺបាន នៅរសៀលថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៩។
ជុំវិញករណីនេះ លោក អុឹម សៅវរិទ្ធ នាយខណ្ឌរដ្ឋបាលព្រៃឈើឧត្តរមានជ័យ ក៏មិនអាចទាក់ទងបាន ភាគច្រើនបើខលចូលគ្មានអ្នកទទួល។ ចំណែក លោក សូត្រ សុីសុខឃាង ប្រធានមន្ទីរកសិកម្មរុក្ខាប្រមាញ់ និងនេសាទខេត្តឧត្តរមានជ័យ គ្មានលេខទូរស័ព្ទទំនាក់ទំនងសុំការបំភ្លឺ៕
ដោយ៖ សុខ ខេមរា