ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចាប់ការដឹកជញ្ជូនបំណែកដែករថយន្តកែច្នៃ(បាកុង) ដែលបង្រ្កាបនាកន្លងមក

ចែករំលែក៖

ខេត្តពោធិ៍សាត់៖ កម្លាំងមូលដ្ឋានកងរាជអាវុធហត្ថស្រុកតាលោសែនជ័យ និងនគរបាលប៉ុស្តិ៍ ឃាត់ចាប់ការដឹកជញ្ជូនបំណែកដែករថយន្តកែច្នៃ(បាកុង) ដែលកម្លាំងការពារធនធានធម្មជាតិកងរាជអាវុធហត្ថបង្រ្កាបនាពេលកន្លងមក ។

ប្រតិបត្តិការឃាត់ចាប់អ្នកបើកម៉ូតូសណ្ដោងរ៉ឺម៉កខាងលើនេះ ធ្វើឡើងនៅវេលាម៉ោង៣ និង៣០នាទី រសៀល ថ្ងៃសៅរ៍ ១រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី១៤ ខែកញ្ញា ឆ្នាំ២០១៩ នៅលើកំណាត់ផ្លូវថ្នល់កៅស៊ូ ស្ថិតក្នុងព្រៃរោង ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ ។

លោកវរសេនីយ៍ត្រីហួត វ៉ាន់ មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថស្រុកតាលោសែនជ័យប្រាប់ថា ម្ចាស់ម៉ូតូសណ្ដោងរ៉ឺម៉កដឹកជញ្ជូនកំណាត់ដែក ដែលជាបំណែករថយន្តកែច្នៃ(បាកុង) ឈ្មោះ សុន សុីថា ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ បច្ចុប្បន្ន រស់នៅភូមិព្រៃតោ ឃុំតាលោ ស្រុកតាលោសែនជ័យ ខេត្តពោធិ៍សាត់ គាត់ដឹកចេញមកពីភូមិសាស្រ្តនៃស្រុកវាលវែង ខេត្តពោធិ៍សាត់ ដែលកំណាត់ដែកនេះ ជាបំណែករថយន្តកែច្នៃ (បាកុង) ដែលកម្លាំងសហការបង្រ្កាបនាពេលកន្លងមក ខណៈគេរកឃើញជាមធ្យោបាយបម្រើបទល្មើសព្រៃឈើ ។

លោកមេបញ្ជាការមូលដ្ឋានបន្តទៀតថា បំណែកដែករថយន្តមានចំនួន ១៣កំណាត់ ស្មើនឹង១០៨០គីឡូក្រាម ជនសង្ស័យម្ចាស់ម៉ូតូសណ្ដោងរ៉ឺម៉កអប់រំ និងប្រគល់មធ្យោបាយដឹកជញ្ជូន(ម៉ូតូសណ្ដោងរ៉ឺម៉ក)វិញ ដោយមានការសម្របសម្រួលពីលោក តន់ សីហតេជ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តពោធិ៍សាត់ ចំណែកកំណាត់ដែកជាបំណែករថយន្តកែច្នៃ(បាកុង) រក្សាទុកជាបណ្ដោះអាសន្ន នៅមូលដ្ឋានកងរាជអាវុធហត្ថស្រុកតាលោសែនជ័យ ៕ បុឹម ពិន


ចែករំលែក៖