ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តមិនស្គាល់ម៉ាកបើកបុកបុរសសង្ស័យសសៃប្រសាទដើរតាមផ្លូវស្លាប់ធ្លាក់វាលស្រែ

ចែករំលែក៖

ខេត្តស្វាយរៀង៖ បុរសសង្ស័យសសៃប្រសាទម្នាក់បានស្លាប់ភ្លាមៗ ខណៈដែលជួបករណីគ្រោះថ្នាក់ចរាចរណ៍ត្រូវរងរថយន្តមិនស្គាល់ម៉ាកបើកបុកតាមផ្លូវកាលពីវេលាម៉ោង៧និង៤០នាទីយប់ ថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០១៩ ស្ថិតនៅភូមិ​ត្រពាំងបុណ្យ ឃុំព្រៃគគីរ​ ស្រុកចន្រ្ទា ខេត្ត​ស្វាយរៀង​ ។

បើតាមសមត្ថកិច្ចនគរបាលស្រុកបានឲ្យដឹងថា បុរសសង្ស័យសសៃប្រសាទមិនត្រូវបានស្គាល់ឈ្មោះនោះទេ អាយុប្រមាណ៥០ឆ្នាំ ខណៈដឹងថា មករស់នៅក្នុងភូមិនេះយូរខែមកហើយ ដោយត្រូវបានអ្នកភូមិគេអាណិតឲ្យបាយសម្លរហូបជាប្រចាំ។

បើតាមអ្នកភូមិបានប្រាប់សមត្ថកិច្ចថា មានរថយន្ត​មិនស្គាល់ម៉ាកមួយគ្រឿង បើកបរពីត្បូង​ ទៅជើង ពេលមកដល់ត្រង់ចំណុចកើតហេតុខាងលើ ក៏បានបុកទៅលើជនរងគ្រោះមិនស្គាល់ឈ្មោះ ដែលដើរឆ្លងផ្លូវ ពេញទំហឹងលឹសូរប្រ៉ាវបង្កការភ្ញាក់ផ្អើលដល់អ្នកភូមិ បន្ទាប់ពីបង្កកើតអ្នកបើករថយន្តបានបើកគេចខ្លួនសំដៅទៅទិសខាងជើងបាត់ស្រមោលតែម្តង ។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវរកជនបើកបររថយន្តបង្ក ដែលរត់គេចខ្លួន ។ រីឯសាកសពជនរងគ្រោះយកទៅតម្កល់ទុកនៅវត្តព្រៃគគីរដួច ស្ថិតនៅភូមិ ព្រៃគគីរ ឃុំព្រៃគគីរ ស្រុកចន្រ្ទា ដើម្បីស្រាវជ្រាវរកសាច់ញាតិបងប្អូន មកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ៕ យឹម សុថាន


ចែករំលែក៖