ដូចអ្វីដែលក្រុមតាលីបង់បានព្រមានគឺបង្កើនការវាយប្រហារទៅលើទីតាំងនានា ក្នុងប្រទេស អាហ្វហ្គានីស្ថាន ក៏ដូចជាមានសកម្មភាព ប្រឆាំង អាមេរិក ១០០ឆ្នាំទៀត ។ ពេលនេះការគំរាមកំហែងបានក្លាយជាការពិត ដោយរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានការវាយប្រហារដល់ទៅពីរ លើក ហើយ ការវាយប្រហារទាំង២លើកនេះ បានកើតឡើង ចំពេលប្រទេសអាហ្វហ្គានីស្ថានបាននិងកំពុងរៀបចំការបោះឆ្នោតប្រធានាធិបតី នៅទូទាំងប្រទេស នៅចុងខែកញ្ញា ឆ្នាំ២០១៩នេះ ។
ការវាយប្រហារ បណ្តាលឲ្យមនុស្ស៤៨នាក់បានស្លាប់ និង រាប់សិបនាក់ផ្សេងទៀតរងរបួស នៅក្នុងហេតុការណ៍វាយប្រហារពីរកន្លែង ដាច់ដោយឡែកពីគ្នា ក្នុងនោះមួយករណី បានកើតឡើង នៅក្នុងយុទ្ធនាការឃោសនា រកសំឡេងឆ្នោតរបស់លោកប្រធានាធិបតី Ashraf Ghani និងមួយករណីទៀត បានកើតឡើង នៅក្នុងរដ្ឋធានីកាប៊ុល នៅក្នុងប្រទេសអាហ្វហ្គានីស្ថាន។
ជាមួយគ្នានោះលោក ម៉ូហាម៉េដ អាប់បាស់ ស្ទេនីកហ្សៃ (Mohammad Abbas Stanikzai) ដែលជាប្រធានកិច្ចចរចារបស់ពួកតាលីបង់ ក៏បាននិយាយការពារ ទង្វើបង្ហូរឈាមមួយរយៈពេលកន្លងទៅនេះ នៅទូទាំងប្រទេសអាហ្វហ្គានីស្ថានផងដែរ បន្ទាប់ពីប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ បានយកករណីវាយប្រហារមួយដោយក្រុមតាលីបង់ ដែលបានសម្លាប់ជីវិតទាហានអាមេរិកម្នាក់ និងមនុស្សមួយចំនួនទៀត ធ្វើជាហេតុផលដើម្បីលុបចោលដំណើរការចរចាគ្នា ដើម្បីស្វែងរកសន្តិភាពជាមួយក្រុមតាលីបង់។
លោក Stanikzai បានលើកឡើងថា អាមេរិកក៏បានសារភាពថា ពួកគេបានសម្លាប់ជីវិតសមាជិកតាលីបង់ជាច្រើននាក់ នៅកំឡុង ដំណើរការចរចាគ្នាដែរ ដូច្នេះហើយក្រុមឧទ្ទាមតាលីបង់ គឺមិនបានធ្វើអ្វីខុសឡើយ តាមរយៈការបន្តសកម្មភាពប្រយុទ្ធនៅកំឡុង ពេល នោះដូចគ្នា។
ប្រធានចរចារបស់ក្រុមតាលីបង់រូបនេះបានបញ្ជាក់ទៀតថា «សម្រាប់យើង គឺពួកយើងនៅតែបើកចំហទ្វារ ដើម្បីត្រៀមបន្តកិច្ចចរចាឡើងវិញ ប្រសិនបើសហរដ្ឋអាមេរិកចង់»។ កាលពីថ្ងៃទី១០ ខែកញ្ញា លោក ដូណាល់ ត្រាំ បានប្រកាសថា កិច្ចចរចាសន្តិភាពជាមួយតាលីបង់ គឺស្លាប់បាត់ហើយ បន្ទាប់អាមេរិកបានខិតខំអស់រយៈពេលជិតមួយឆ្នាំ ដើម្បីព្យាយាមសម្រេចឲ្យបាន នូវកិច្ចព្រមព្រៀងជាមួយក្រុមឧទ្ទាមតាលីបង់ ហើយឈានទៅបញ្ចប់សង្រ្គាមដ៏អូសបន្លាយនៅអាហ្វហ្គានីស្ថាន ដែលបានបន្តមកប្រមាណ ១៨ឆ្នាំហើយនោះ៕