ព័ត៌មានទាន់ហេតុការណ៍៖

តំណាង​លោករដ្ឋមន្ត្រី លឹម គានហោ អញ្ជើញចុះទៅសំណេះសំណាល ជាមួយ​កងទ័ពជើងទឹកបញ្ជាការដ្ឋានការពារកោះឆ្នេរ ចំនួន​ ១៣៨៦​ នាក់​

ចែករំលែក៖

ខេត្តកំពង់ស្ពឺ៖ នារសៀលថ្ងៃព្រហស្បតិ៍ ១៣រោច ខែភទ្របទ ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី ២៦ ខែកញ្ញា ឆ្នាំ ២០១៩ លោក ជា សុខនី នាយក​រង​ខុទ្ទកាល័យ​ តំណាង​លោក លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចុះទៅសំណេះសំណាល ជាមួយ​កងទ័ពជើងទឹកបញ្ជាការដ្ឋានការពារកោះឆ្នេរ ចំនួន​ ១៣៨៦​ នាក់​ ស្ថិតនៅក្នុងឃុំអូរ ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ
ដែលជាសម្ព័ន្ធមេត្រីភាពរបស់ក្រសួងធនធានទឹក និងឧតុនិយម។

ក្នុងនាមជាសមរភូមិក្រោយ ក៏ដូចជាសម្ព័ន្ធមេត្រីភាព តាមរយៈលោក ជា សុខនី លោករដ្ឋមន្ត្រី ក៏បានផ្តាំសួរសុខទុក្ខបងប្អូនកងទ័ព និងប្តេជ្ញានៅតែបន្តការជួយឧបត្ថម្ភគាំទ្រដល់បញ្ជាការដ្ឋាន ទាំងស្មារតី សម្ភារៈ និងថវិកា ដើម្បីជួយលើកកម្ពស់នូវជីវភាពរបស់កងទ័ព គ្រួសារកងទ័ព និងការសាងសង់នូវហេដ្ឋារចនាសម្ព័ន្ធផ្សេងៗនៅក្នុងបញ្ជាការដ្ឋាន ក្នុងន័យសំដែងនូវការដឹងគុណចំពោះបងប្អូនកងទ័ពទាំងអស់ ដែលបានធ្វើពលីកម្មគ្រប់បែបយ៉ាង ដើម្បីការពារសុខសន្តិភាព សេចក្តីសុខក្សេមក្សាន្ត និងសុវត្ថិភាពរបស់ប្រជាពលរដ្ឋ ក៏ដូចជាជាតិមាតុភូមិ ។

ទន្ទឹមនឹងនេះ ក្នុងឱកាសបុណ្យភ្ជុំបិណ្ឌនេះ លោក​រដ្ឋមន្រ្តី ក៏បានឧបត្ថម្ភដល់បណ្តាកងពលផ្សេងទៀត ដែលជាសម្ព័ន្ធមេត្រីភាពរបស់ក្រសួងធនធានទឹក និងឧតុនិយម រួមមាន ៖
១- កងវរសេនាតូចលេខ១ (ថ្មធំ)​ ចំណុះ​តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចំនួន​ ១១៦​ នាក់​
២- កងវរសេនាតូចលេខ២ (អាន​សេះ)​ ចំណុះ​តំបន់ប្រតិបត្តិការសឹករងខេត្តព្រះវិហារ ចំនួន​ ១៤៦​ នាក់​
៣- កងវរសេនាតូចលេខ​ ០១​ និង​០២​ចំណុះ​តំបន់ប្រតិបត្តិការសឹករងខេត្តឧត្តរមានជ័យ​ ឈរ​ជើង​តាម​បន្ទាត់​ព្រំដែន​ដែន​ទិស​ប្រាសាទ​តាក្របី​ ចំនួន​ ២៦០​ នាក់​ ។
ដោយ​ទទួល​បាន​ថវិកា​ចំនួន​ ១០​ ម៉ឺនរៀល​ ក្នុង​ម្នាក់ៗ​ ៕

ដោយ៖ សុខ ខេមរា


ចែករំលែក៖